ថ្នាក់ដឹកនាំក្រសួងការងារនាំយកគ្រឿងឧបភោគ បរិភោគទៅឧបត្ថម្ភដល់កងទ័ពទិសជួរមុខប្រាសាទព្រះវិហារ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់

ខេត្តព្រះវិហារ៖ គ្រឿងឧបភោគបរិភោគ និងថវិកាជិត១៤៥លានរៀល ដែលជាការចំណាយរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រីអ៊ិត សំហេង នាំយកទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ប្រចាំទិសជួរមុខ ប្រាសាទព្រះវិហារ គឺបានធ្វើឡើងនៅថ្ងៃ៩មេសាម្សិលមិញ នៅក្នុងអង្គភាពវរៈសេនាតូចលេខ ៣៧៤ ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។

អំណោយសប្បុរសធម៌ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដែលលោករដ្ឋមន្ត្រីក្រសួងការងារបាននាំយកទៅនៅពេលនោះ ត្រូវគេរាយការណ៍ឲ្យដឹងថា គឺបានឧបត្ថម្ភទៅដល់កងទ័ពទិសជួរមុខ ជាច្រើនពាន់នាក់ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅទល់ដែនកម្ពុជា-ថៃ នៅពេលនេះមាន ថវិការចំនួន ៥លានរៀល ស៊ីម៉ងដ៍ ៥តោន ស័ង្កសី២ពាន់សន្លឹក ប្រេងសាំង៤ពាន់លីត្រ ទឹកស៊ីអ៊ីវ១០០យួរ ទឹកត្រី១០០យួរ មី១ពាន់១៧កេះ ទឹកសុទ្ធ១៤៩កេះ ទឹកផ្លែឈើ២០កេះ ត្រីខ៣០កេះ បារី៣១៦សុង និងស្រាបៀរ២០០កេះ។

សម្ភារៈ និងថវិកាទាំងនោះ ត្រូវបែងចែកដល់ យុទ្ធជនចំនួន ១ពាន់៦០០នាក់ ក្នុងម្នាក់ទទួលបានថវិកា១ម៉ឺនរៀលនិងគ្រឿងហូបចុកមួយចំនួន មេបញ្ជាការវរៈសេនាតូចលេខ៣៧៤ ចំនួន៤នាក់ ក្នុងម្នាក់ៗ ៥០ម៉ឺនរៀល និងមេបញ្ជាការរង ១៦នាក់ ម្នាក់ៗ២០ម៉ឺនរៀល។ឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ៣នូវថវិកា១លាន៥សែនរៀល កងពលតូចអន្តរាគមន៍លេខ៧ មានថវិកា កូនស្វាយចន្ទី ភេសជ្ជៈ និងគ្រឿងឧបភោគ-បរិភោគមួយចំនួនថែមទៀត។ទាំងសម្ភារៈ បរិក្ខា គ្រឿងឧបភោគ បរិភោគ និងថវិកាផងនោះ សរុបមានចំនួន១៤៤លាន២សែន ៤ម៉ឺន ៦០០០រៀល បានពីការចូលរួមបរិច្ចាគ របស់សប្បុរសជនានា។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មានប្រសាសន៍ថា អង្គភាពបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចូលរួមកែទម្រង់ កសាងកងយោធពលខេមរភូមិន្ធ អនុវត្តន៍បានយ៉ាងម៉ឺងម៉ាត់ នូវតួនាទី ភារកិច្ច និងបទបញ្ជាថ្នាក់លើ ទោះស្ថិតក្នុងតម្លៃណាក៍ដោយ ការពារឲ្យបានជាដាច់ខាត ជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ សំដៅរក្សាសន្តិភាព ស្ថេរភាពសង្គម ឲ្យបានស្ថិតស្ថេរជារៀងរហូត ។ លោកថា លោកនឹងងខិតខំបន្ថែមទៀត ដោយបន្តយកចិត្តទុកដាក់ អនុវត្តន៍ជាប្រចាំ នូវយុទ្ធសាស្រ្ត៣ សកម្មភាព១០ និងបទបញ្ជា១១ចំណុច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តសហការណ៍ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដូចជាការលួចឆ្លងដែនខុសច្បាប់ ការជួញដូរ និងការចែកចាយប្រើប្រាស់គ្រឿងញៀន។ល។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេង បានមានប្រសាសន៍ថា ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឲ្យសភាពការណ៍ជាតិ នៅគ្រាពេលបច្ចុប្បន្ននេះ មានសន្តិសុខ សណ្តាប់ធ្នាប់ និងសេ្ថរភាពនយោបាយល្អ ធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ គមនាគមន៍ បានយ៉ាងឆាប់រហ័សបំផុត ជាការឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ក៏ដូចជាការដំឡើងប្រាក់បៀរវត្សន៍មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មានការកើនឡើងជារៀងរាល់ឆ្នាំ។ លោករដ្ឋមន្ត្រីបានសន្យាថា នឹងផ្តល់អាហារូបករណ៍ គ្រប់ជំនាញជូនដល់នាយ និងពលទាហាន ដែលចង់បំពេញចំណេះ និងជំនាញបន្ថែម ដើម្បីកាត់បន្ថយបានពីភាពក្រីក្រ និងអវិជ្ជា ៕​

Loading...