ថ្នាក់ដឹកនាំក្រសួងការពារជាតិបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមកឧបត្ថម្ភដល់កងទ័ពទិសជួរមុខប្រាសាទព្រះវិហារនៅមុនរដូវបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់

ខេត្តព្រះវិហារ៖ នៅមិនដល់១០ថ្ងៃទៀតនោះទេ ពិធីកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីជាតិដ៏ផូរផង់ និងមានរយះពេលយូរជាងគេ ក្នុងចំណោមបុណ្យនានា របស់ប្រជាជាតិខ្មែរនោះ នឹងឈានចូលមកដល់ហើយ ។ ស្របពេលជាមួយគ្នានេះ ដោយចង់ដឹងពីការរស់នៅរបស់យុទ្ធជនជួរមុខ ប្រចាំទិសទី១ប្រសាទព្រះវិហារនោះ រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ជៀង អំ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចុះជួបសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តាយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ការចុះជួបសួរសុខទុក្ខដល់កងទ័ព របស់នាយឧត្តមសេនីយ៍ ជៀង អំ នោះ បានធ្វើឡើងកាលពីថ្ងៃ២៨សីហាម្សិលមិញ នៅទីបញ្ជាការដ្ឋានកងពលធំ អន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ។ នៅក្នុងដំណើរចុះជួបកងទ័ពនេះ នាយឧត្តមសេនីយ៍ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មកឧបត្ថម្ភដល់នាយទាហាន និងពលទាហានទាំងអស់ រួមមាន ៖ អង្ករ១០តោន ត្រីខកំប៉ុង១តោន ភួយចំនួន១០០ និងថវិកាចំនួន២០លានរៀលនោះថែមទៀត។

នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងស្វាគមន៍ពីដំណើរចុះសាកសួរសុខទុក្ខដល់ នាយទាហាន និងពលទាហាន ប្រចាំទិសជួរមុខប្រាសាទព្រះវិហារទាំងអស់ ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងប្រាប់គណៈប្រតិភូ អំពី ប្រវត្តិ នៃការបង្កើតកងពលធំអន្តរាគមន៍លេខ៣ ដោយកងពលធំ១នេះ បានបង្កើតឡើងដោយសម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃ៣វិច្ឆិកា ២០០៨។

លោកថា កងពលធំលេខ៣នេះ បានបង្កើត និងបំបែកចេញពីកងពលតូចអន្តរាគមន៍លេខ១២ ដែលមានភារកិច្ចទទួលខុសត្រូវ លើចំណុចខ្ពស់តាមខ្សែរបន្ទាត់ព្រំដែនជួរមុខកម្ពុជា និងថៃ ចាប់ពីភូមិសាស្ត្រជាប់ព្រំប្រទល់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រហូតមកដល់ភូមិសាស្ត្រតំបន់មុំ៣ ទឹកដីខេត្តព្រះវិហារ ប្រវែងប្រហែល១៤០គីឡូម៉ែត្រ ដើម្បីដាក់កងទ័ពការពារបូរណភាពទឹកដី។ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ សែន បានបង្កើតកងពលធំអន្តរាគមន៍លេខ៣នេះឡើង នៅក្នុងរបត់មួយគ្រាដែលប្រទេសកម្ពុជា ជាពិសេស តំបន់ប្រាសាទព្រះវិហារ កំពុងទទួលរងនូវការរំលោភបំពានទឹកដី ពីសំណាក់ទាហានថៃ នៅតាមបណ្តាយខ្សែបន្ទាត់ព្រំដែន។

រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ជៀង អំ បានថ្លែងពាំនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ជូនចំពោះកងទ័ព ដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខទាំងអស់ថា សម្តេច និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិន្ទ ពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូ និងយកចិត្តទុកដាច់ ចំពោះភាពសុខទុក្ខ របស់យុទ្ធជនព្រំដែនទាំងអស់ និងនៅគ្រប់ពេលវេលា។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវគោរពតាមតួនាទី និងភារកិច្ចក្នុងនាមជាកងទ័ព ត្រូវរក្សាភាពអង់អាចក្លាហាន ក្នុងកិច្ចការពារបូរណភាពទឹកដី ត្រូវតែការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ព្រះមហាក្សត្រ និងការពារសន្តិភាព ដែលកំពុងកើតមាននៅកម្ពុជានេះឲ្យបានគង់វង្ស និងត្រូវបន្តរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែប្រឈមមុខដាក់គ្នានោះ ឲ្យក្លាយជាព្រំដែន មិត្តភាព សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រីកម្ពុជា ៕

 

 

 

Loading...