ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពនាយឧត្ដមសេនីយ៍ ចក់ ឡេង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២:០៤នាទីទៀបភ្លឺ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង និងអញ្ជើញជួបសុន្ទនាជាមួយលោកស្រីខៀវ ហុង ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះការទទួលមរណភាពរបស់លោកនាយឧត្ដមសេនីយ៍ ចក់ ឡេង។

បន្ទាប់មក សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន អញ្ជើញប្រគល់ជូនលោកស្រី ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ នូវបបច្ច័យចូលរួមក្នុងពិធីបុណ្យសពលោក នាយឧត្ដមសេនីយ៍ ចក់ ឡេង និងបានបន្តអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដែលសម្ដេចក្រឡាហោមបានសរសេរចារទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសពលោកនាយឧត្ដមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្ដេចក្រឡាហោម ស ខេង មានសេចក្ដីសង្វេគសោកស្ដាយជាអនេក ប្រកបដោយសមានទុក្ខក្រៀមក្រំ និងរន្ធត់ក្ដុកក្ដួលឥតឧបមា និងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ក្រុមគ្រួសារនៃសព ៕

Loading...