ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីយោធាជាន់ខ្ពស់ក្នុងខេត្តព្រះវិហារបានប្រគល់ទូកឈើមួយគ្រឿងមានតម្លៃជាង៣លានរៀលទៅឲ្យប្រជាពលរដ្ឋប្រើប្រាស់គ្រាមានគ្រោះទឹកជំនន់កើតឡើង

ខេត្តព្រះវិហារ៖ បើទោះបីជានៅស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ ត្រូវគេមើលឃើញថាជំនន់ទឹកភ្លៀងបានស្រកចុះមកវិញជាបណ្តើៗយ៉ាងណាក្តី តែទឹកជំនន់នេះបានបន្សល់ទុកនូវ ការលំបាក និងរងការខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈជាច្រើនផងដែរ។ ចំណែក ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ត្រីយោធាជាន់ខ្ពស់ ប្រចាំទិសប្រាសាទព្រះវិហារ បាន គិតគូពីរឿងនេះ ហើយប្រញាប់ចុះទៅពិនិត្យពីស្ថានភាពក្រោយទឹកជំនន់ និងបានប្រគល់ទូកឈើភ្ជាប់ម៉ាស៊ីន១គ្រឿង មានតម្លៃជាង៣លានរៀល ទុកសំរាប់ប្រជាពលរដ្ឋរស់ចំនួន៨ភូមិ ស្ថិតនៅក្នុងឃុំយាង ស្រុកជាំក្សាន្ត កាលពីថ្ងៃ២៩កក្កដា ចុងសប្តាហ៍កន្លងទៅនេះ។

មេឃុំយាង លោកហ៊ឹម ហឿង បានប្រាប់ឲ្យដឹងថា ទូកឈើភ្ជាប់ដោយម៉ាស៊ីន១គ្រឿងនេះ មានតម្លៃ៣លាន២សែនរៀល ដែលជាការចំណាយថវិកា របស់អភិបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា នូវទឹកប្រាក់២លានរៀល និង១លាន២សែនរៀលទៀត ជាការចំណាយរបស់មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក តាមរយះលោកវ៉ា សឿន ប្រធានក្រុមការងារចុះជួយឃុំយាង ស្រុកជាំក្សាន្ត។ លោកថា ទូកម៉ាស៊ីន១គ្រឿងជាអំណោយរបស់ថ្នាក់ដឹកនាំខេត្តនេះ មានទំហំទទឹង២ម៉ែត្រ និងមានបណ្តោយប្រវែង៧ម៉ែត្រ ទូកឈើ១គ្រឿងនេះនឹងបំរើដល់សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ៨ភូមិ នៅក្នុងឃុំយាង ស្រុកជាំក្សាន្ត នៅពេលមានគ្រោះទឹកជំនន់កើតឡើង សំរាប់ជួយជម្លៀសជនរងគ្រោះទៅរកទីទួលសុវត្ថិភាព។

លោកមេឃុំបានបញ្ជាក់ថា គ្រោះជំនន់ទឹកភ្លៀងនាពេលកន្លងមក បានធ្វើឲ្យផ្លូវលំក្នុងភូមិ និងឃុំជាច្រើន រងការខូចជាច្រើនកន្លែង បង្កផលវិបាកដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក។ ស្ថិតក្នុងស្ថានភាពបែបនេះ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរភូមិ ឃុំ និងស្រុក បាននាំគ្នាធ្វើផ្លូវនេះឡើងវិញជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូននៅក្នុងមូលដ្ឋាន។

រដ្ឋាបាលខេត្តព្រះវិហារ បានបង្ហាញរបាយការណ៍ថា នៅក្នុងរយះពេល នៃការជន់លិច ដោយជំនន់ទឹកភ្លៀងនាច្រើនថ្ងៃកន្លងមកនេះ គឺមានស្រុកចំនួន៣ ដែលរងផលប៉ះពាល់ គឺស្រុកឆែប ទឹកបានហូរកាត់ផ្លូវជាតិលេខ៦២ ប្រមាណ១៥០ម៉ែត្រ ធ្វើឲ្យខូចខាតសម្ភារៈ ប៉ះពាល់សត្វពាហនៈ និងស្រូវពូជរបស់ប្រជាពលរដ្ឋ ចំនួន៣០គ្រួសារ រួមទាំងលិចស្រូវក្នុងស្រែប្រមាណ ២ពាន់៨៨១ហិចតា។ ស្រុកគូលែន ទឹកហូរកាត់ផ្លូវជាតិលេខ៦២ ប្រមាណ៥០ម៉ែត្រ ធ្វើឲ្យប៉ះពាល់សត្វពាហនៈ និងស្រូវក្នុងជង្រុកចំនួន ២៥គ្រួសារ និងស្រុកជាំក្សាន្ត ទឹកហូរកាត់ផ្លូវលំប្រវែង៣០០ម៉ែត្រ ហើយបានកាត់ផ្តាច់ផ្លូវជាអន្លើៗ និងលិចផលដំណាំរួចផ្សំចំនួន៧០គ្រួសារ។ ស្រុកទាំង៣នេះ បានរងការគំរាមគំហែងពីជំនន់ទឹកភ្លៀង ដែលហូរចាក់ពីជួរភ្នំដងរែក។ ទឹកស្ទឹងសែននៅថ្ងៃ៣១កក្កដានេះ ទឹកនៅតែបន្តហក់ឡើងខ្ពស់មកដល់កំពស់១៤,៦៨ម៉ែត្រ ខុសពីថ្ងៃ៣០កក្កដាម្សិលមិញ ទឹកមានកំពស់១៤,២៦ម៉ែត្រ គឺលើសពីកម្រិតប្រកាសអាសន្ន ដែលមានកំពស់ត្រឹមតែ១១,៥០ម៉ែ តែត្រប៉ុណ្ណោះ។

នាយសេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទ នាយឧត្តមសេនីយ៍ គន់ គីម រួមដំណើរដោយ នាយឧត្តមសេនីយ៍ ជា តារា អភិបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត នៅថ្ងៃចុងសប្តាហ៍នមុននេះ ត្រូវគេឃើញ បានចុះទៅពិនិត្យពីស្ថានភាពក្រោយជំនន់ទឹកភ្លៀង ហើយគ្រោងនឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតទាំងនោះឡើងវិញហើយដែរ៕

Loading...