ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជំរុញដល់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ រួមសហការគ្នាទប់ស្កាត់ និងបង្ក្រាបរាល់ការកាប់រុករាន ទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធិ

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន និងជម្រុញដល់អាជ្ញាធរ និងមន្ត្រីជំនាញក្នុងមូលដ្ឋានរបស់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ បានថ្លែង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការសិក្សា ចងក្រងឯកសារទិន្នន័យក្បាលដីអាស្រ័យផលជាក់ស្តែងយូរឆ្នាំ របស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមបណ្តាក្រុង-ស្រុកទាំង៨ នៃខេត្តព្រះវិហារ ដែលពិធីនេះបានរៀបចំឡើងដោយរដ្ឋបាលខេត្ត កាលពីល្ងាចថ្ងៃទី២៥ មករា ឆ្នាំ២០២១។

នៅក្នុងកិច្ចពិភាក្សានោះ តំណាងក្រុមការងារទទួលបន្ទុកខេត្តព្រះវិហារ មន្ត្រីជំនាញដែលមានការពាក់ព័ន្ធគ្រប់ស្ថាប័នរដ្ឋ និងអាជ្ញាធរក្រុង-ស្រុកទាំង៨ នៃខេត្តព្រះវិហារ បានឡើងធ្វើបទបង្ហាញអំពីលទ្ធផលការងារ និងបញ្ហាប្រឈមនានា ក្នុងពេលចុះអនុវត្តការងារស្រង់ទិន្នន័យក្បាលដី ក្នុងរយៈពេលជិត ៣ខែកន្លងមកនេះ ជូនថ្នាក់ដឹកនាំខេត្តបានជ្រាប ផងដែរ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានថ្លែងថា ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣កក្កដាឆ្នាំ២០២០ និងគណកម្មាធិការជាតិ មន្ទីរកសិកម្មខេត្ត បានខិតខំប្រមូល និងចងក្រងឯកសារ សម្រង់ទិន្នន័យក្បាលដីអាស្រ័យផល ជាក់ស្តែង យូរឆ្នាំ របស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមបណ្តាក្រុង-ស្រុកទាំង៨ បានរួចរាល់នៅក្នុងដំណាក់កាលទី១នេះ ហើយមន្ទីរនឹងបន្តអនុវត្តកិច្ចការងារនេះ នឹងសហការយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃឈើ ដើម្បីវាទយកធ្វើជាកម្មសិទ្ធិ នៅក្នុង៣ដំណាក់កាល បន្តបន្ទាប់ទៅមុខទៀតនេះ ឲ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

តំណាងក្រុមការងារទទួលបន្ទុកខេត្តព្រះវិហារ និងជាប្រធានការិយាល័យពង្រឹងការអនុវត្តច្បាប់ និងអភិបាលកិច្ច នៃរដ្ឋបាលព្រៃឈើ និងជាតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃគណៈកម្មាធិការជាតិ លោក អ៊ិត ភូម្រា បានថ្លែងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣កក្កដា២០២០ ,លិខិតលេខ ០៥ ប្រកព របស់ទីស្តីការគណៈរដ្ឋមន្ត្រី ,លិខិលេខ ០១៤ គជដព របស់គណៈកម្មាធិការជាតិ លិខិតលេខ ៣៦៣/២០ សជណ និងលិខិត ៣៩៧/២០ សជណ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រុមការងារជាតិ ទទួលបានលទ្ធផល ដោយក្នុងនោះ មានប្រជាពលរដ្ឋមកស្នើសុំដាក់ពាក្យកាន់កាប់ដី អាស្រ័យផលជាក់ស្តែងយូរឆ្នាំ មានចំនួន ២៥ពាន់ ៧៨១គ្រួសារ ស្មើនឹងចំនួន ៣៦ពាន់ ៦៨១ក្បាលដី ដែលមានផ្ទៃដីសរុប ១៥១ពាន់ ៨៦២ហិចតា ៧២អា ដែលជាទិន្នន័យបឋម នៃក្រុង-ស្រុកទាំង៨ មានក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ ស្រុកគូលែន ស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកជ័យសែន ស្រុករវៀង និងស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ នេះជាទិន្នន័យដែលប្រមូលបានក្នុងជំហ៊ានទី១ និងទី២ នៃដំណាក់កាលទី១នេះ ត្រូវបានបិទបញ្ចប់ ប៉ុន្តែ នឹងបន្តអនុវត្តនៅដំណាក់កាលទី២ ទី៣ និងទី៤ទៀត ផងដែរ។

លោក អ៊ិត ភូម្រា បានបញ្ជាក់ថា បន្ទាប់ពីអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣កក្កដា២០២០ កន្លងមកនោះ ក្រុមការងារបានសង្កេតឃើញ នៅតាមណ្តាភូមិ ឃុំ ស្រុក ក្នុងខេត្តព្រះវិហារ នៅតែមានជនខិលខូចមួយចំនួន បានឈ្លាតឱកាសលួចកាប់រានដីព្រៃ វាទយកដីហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិ នៅក្នុងដែនគម្របព្រៃ២០០២ ដីសហគមន៍ព្រៃឈើ និងនៅក្នុងសម្បទានដីសេដ្ឋកិច្ច ទាំងកំពុងដំណើរការ និងមិនទាន់មានដំណើរការ ហើយជនទាំងនោះ ខ្លះក៏បានលួចមកបំពេញពាក្យស្នើសុំ នៅតាមបណ្តាភូមិ ឃុំ ដែលមានភូមិសាស្ត្រដីព្រៃ ដែលត្រូវបានរំលោភ។

អភិបាលរងខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ បានមានប្រសាសន៍ វាយតម្លៃ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំខំប្រឹងប្រែងរបស់ ក្រុមការងារ គណៈកម្មាធិការជាតិ និងក្រុមការងារ គណៈកម្មាការថ្នាក់ក្រោមជាតិ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងស្អិតរមួត ក្នុងការអនុវត្តការចុះស្រង់ទិន្នន័យក្បាលដីអាស្រ័យផលជាក់ស្តែងយូរឆ្នាំ របស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមបណ្តាក្រុង-ស្រុកទាំង៨ នៃខេត្តព្រះវិហារ នាដំណាក់កាលទី១នេះ។ លោក លី សារ៉ារិទ្ធ បានទទួលស្គាល់ថា ដែនគម្របព្រៃឈើរបស់រដ្ឋ ដីសហគមន៍ព្រៃឈើ និងដីសម្បទានសេដ្ឋកិច្ចក្នុងខេត្ត នៅតែរងការរំលោភបំពានពីជនខិលខូច លួចចូលកាប់រុករាន ទន្ទ្រានឈូសឆាយ និងការកាយប្រឡាយហ៊ុំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ លោកអភិបាលរងខេត្ត បានជម្រុញអាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ត្រូវបន្តពង្រឹងយន្តការ ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបរាល់ការរំលោភកាន់កាប់ដីរដ្ឋ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនណា ដែលនៅតែមានមហិច្ឆតាកាប់រុករាន ទន្ទ្រាន ឈូសឆាយដីរដ្ឋជាកម្មសិទ្ធិដោយខុសច្បាប់ ឲ្យខាងតែបាន ស្របតាមប្រសាសន៍ណែនាំរបស់ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដែលជាប្រធានអនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ ៕

Loading...