ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានជម្រុញមន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គីភ័យ បន្តផ្សព្វផ្សាយជូនពលរដ្ឋឲ្យមានការយល់ដឹងបន្ថែមទៀត ពីភាពគ្រោះថ្នាក់ដែលកើតឡើងពីអគ្គីភ័យ

ខេត្តព្រះវិហារ៖ ការជម្រុញរបស់អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានធ្វើឡើងនៅព្រឹកថ្ងៃ២២កុម្ភះ២០១៨នេះ នៅក្នុងពិធីប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគបាលខេត្ត នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣របស់ខេត្ត ប្រមាណជាង៧០០នាក់នោះផងដែរ។

ស្នងការរងនគរបាលខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក សំ សាមឿន បានលើកឡើងថា ការប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគី្គភ័យឡើងនៅក្នុងថ្ងៃនេះ របស់ស្នងការដ្ឋាននគរបាលខេត្ត គឺក្នុងគោលដៅបំផុសឲ្យមានការចូលរួម ពីគ្រប់ស្ថាប័នជាតិ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ពិសេស ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ និងនៅគ្រប់ទីកន្លែង ឲ្យមានការយល់ដឹង និងចូលរួមគាំទ្រ ជាមួយកងកម្លាំងនគបាល ផ្នែកបង្ការ និងពន្លត់អគ្គីភ័យ ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាអគ្គីភ័យ។

លោកស្នងការរងនគរបាលខេត្ត បានបង្ហាញរបាយការណ៍ និងធ្វើការប្រៀបធៀប ដែលគ្រោះអគ្គីភ័យបានកើតឡើង នៅក្នុងឆ្នាំ២០១៧កន្លងមកនោះថា បានកើតឡើង១៤លើក លើ២៤លើក ធៀបនឹងឆ្នាំ២០១៦ មានការថយចុះ១០លើក ក្នុងនោះកើតឡើងនៅក្នុងក្រុងព្រះវិហារ ៤លើ១លើក ស្រុកជាំក្សាន្ត២លើ៩លើក ស្រុកសង្គមថ្មី២លើ១លើក ស្រុកឆែប២លើ៣លើក ស្រុកជ័យសែន១លើ១លើក ស្រុករវៀង២លើ២លើក និងស្រុកគូលែន១លើ៧លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នោះផងទៀត។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គីភ័យនេះ មានដូចជា ភ្លើងធូប ភ្លើងទៀន ភ្លើងចង្ក្រាន និងភ្លើងអគ្គិសនីនោះទៀតផង ព្រោះវាអាចកើតឡើងគ្រប់ពេលវេលា ប្រសិនបើយើងមានការធ្វេសប្រហែសតែបន្តិច ហើយប្រសិនបើមានកើតឡើងគ្រោះអគ្គីភ័យនេះ នៅតាមមូលដ្ឋានរស់នៅរបស់បងប្អូន ត្រូវរាយការណ៍ជាបន្ទាន់ មកដល់អាជ្ញាធរ និងសមត្ថកិច្ចប្រចាំមូលដ្ឋាននោះ ពិសេស ត្រូវតែរាយការណ៍ឲ្យបានឆាប់ មកកាន់មន្ត្រីនគរបាលជំនាញ បង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចុះធ្វើអន្តរាគមន៍ជួយពន្លត់ភ្លើងនោះ បានទាន់ពេលវេលា។

លោកអភិបាលរងខេត្ត បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ដែលបានលះបង់ពេលវេលាមិនថាយប់ ឬថ្ងៃនោះទេ ក្នុងការចុះបំពេញភារកិច្ច និងធ្វើអន្តរាគមន៍ ជួយពន្លត់ភ្លើងដែលឆាបឆេះ លំនៅដ្ឋានពលរដ្ឋនាពេលកន្លងមក។ ទន្ទឹមនោះ លោកក៏បានធ្វើការជម្រុញ ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះពីគ្រោះអគ្គីភ័យ កុំបីមានការរើសអើងអ្វីទាំងអស់ ពិសេសជាងនេះទៀត ត្រូវពង្រឹងការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋ នៅតាមគ្រប់មូលដ្ឋានរស់នៅ ដើម្បីពួកគាត់មានការយល់ដឹងបានកាន់តែច្បាស់ និងកាត់បន្ថយបាន នូវហានិភ័យ ដែលកើតឡើងជាយថាហេតុ ពីភាពគ្រោះថ្នាក់ នៃគ្រោះអគ្គីភ័យនេះ៕

 

Loading...