ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកដល់យោធិនទាំងអស់ អោយខិតខំថែរក្សាតម្លៃ នៃសុខសន្តិភាពអោយបានគង់វង្ស បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយចុះ !

ខេត្តព្រះវិហារ៖ មេបញ្ជាការរងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ លៀង ឡេង បានថ្លែង ក្រើនរំលឹកបែបនេះ នៅក្នុងពេលដែលលោកឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាព នៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារយោធា ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារយោធា ប្រចាំ ឆមាសទី២ ឆ្នាំ២០២០ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី២៧កក្កដាម្សិលមិញនេះ។

ពិធីនេះទៀត ក៏មានការអញ្ជើញបង្ហាញវត្តមាន ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងមានការចូលរួមពី មន្ត្រីយោធាជាន់ខ្ពស់ នៃកងយោធពលខេមរ ភូមិន្ទ ព្រមទាំងនាយទាហាន មកពីតាមបណ្តាអង្គភាពចំណុះរបស់ អង្គភាពសឹករងព្រះវិហារ ផងដែរ។

នាយសេនាធិការតំបន់សឹករងព្រះវិហារ លោកវរៈសេនីយ៍ឯក ម៉ៅ សុវណ្ណ បានរាយការណ៍ ជូនគណៈអធិបតី អំពីសភាពការណ៍សន្តិសុខ និងសភាពការណ៍ទូទៅ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវ ថាគ្មានហេតុការអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក៏កម្លាំងជួរមុខទាំងអស់ នៅតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងប្រាប់ ដល់នាយទាហាន និងនាយទានហានរង មកពីគ្រប់បណ្តាអង្គភាពចំណុះរបស់ តំបន់ប្រតិបត្តិការសឹករង ព្រះវិហារ ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន អោយបានខ្ជាប់ខ្ជួន ត្រូវគោរពវិន័យ នៅក្នុងជួរកងកម្លាំង ត្រូវមានសីលធម៌ល្អក្នុងការរស់នៅ ត្រូវគោរព និងអនុវត្តបទបញ្ជាថ្នាក់លើ ត្រូវមានចិត្ត ស្មោះត្រង់ដាច់ខាត ចំពោះព្រះមហាក្សត្រ រដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា គោរពអោយបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់ លក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ និងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ នានាជាច្រើនទៀត ផងដែរ។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានដាស់តឿនដល់យោធិនទាំងអស់ ត្រូវខិតខំកសាងកិច្ចទំនាក់ទំនង និងពង្រឹងសាមគ្គីភាព ជាមួយកងកម្លាំងប្រទេសជិតខាង អោយបានល្អ ប្រសើរ ជាពិសេស ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅក្នុងជួរកងម្លាំងអោយបានរឹងមាំ ព្រោះការមាន សាមគ្គីភាព គឺជាកត្តាដែលនាំអោយយើង ទទួលបានជោគជ័យលើគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន។ ក្រៅពីនោះ ត្រូវត្រៀមប្រយុទ្ធ និងចេញល្បាត នៅក្នុងតំបន់ទទួលខុសត្រូវរបស់អង្គភាពនីមួយៗ អោយបាន ជាប់ជាប្រចាំ ដើម្បីទប់ទល់រាល់សភាពការណ៍ ដែលបានកើតឡើងនៅតាមបណ្តាយខ្សែ បន្ទាត់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-ថៃ ក៏ដូចជាសភាពការសន្តិសុខព្រំដែន និងនៅក្នុងមូលដ្ឋាន នៃដែនសមត្ថកិច្ច របស់ខ្លួន ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីត្រៀមចុះជួយប្រជាពលរដ្ឋ គ្រាជួបគ្រោះ មហន្តរាយធម្មជាតិ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ វិស័យមនុស្សធម៌ និងសង្គមធម៌ ដែលការចុះជួយនោះ ត្រូវធ្វើឡើងអោយបានរួសរាន់បំផុត។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានព្រមាន ដកចេញពីក្របខណ្ឌកងទ័ព ចំពោះយោធិនរូបណា ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់រដ្ឋ ល្មើសបទបញ្ជា និងវិន័យកងទ័ព បើរកឃើញថា មានការប្រើប្រាស់ និងការជួញគ្រឿងញៀនខុសច្បាប់ ត្រូវតែកាត់ឈ្មោះចេញពីអង្គភាព ដោយគ្មានការលើកលែងទៀតឡើយ។

មេបញ្ជាការរងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ លៀង ឡេង បានពាំនាំការផ្តាំផ្ញើ សាក សួរសុខទុក្ខពីសំណាក់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត , មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិ ភាគទី៤ លោកឧត្តមសេនីយ៍ឯក ពៅ ហេង ដែលជានិច្ចជាកាលថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ តែងតែ គិតគូរពីភាពសុខទុក្ខរបស់យោធិនទាំងអស់ ទាំងនៅសមរភូមិក្រោយ និងនៅសមរភូមិមុខ។ លោកឧត្តម សេនីយ៍បានថ្លែង កោតសរសើរចំពោះយោធិនទាំងអស់ ពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រះវិហារ ចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មោះមុត អង់អាច ក្លាហាន មានវិន័យ សេចក្តីថ្លៃថ្នូរ និងនៅគ្រប់កាលៈទេសៈ តែងតែការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹក ដី និងបានចូលរួមចំណែក ថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សង្គម ស័ក្តសមជាសសទ្រូង របស់ប្រជាជន និងសង្គមជាតិទាំងមូល។ លោកឧត្តមសេនីយ៍ មេបញ្ជាការបានបន្តថា អង្គភាពតំបន់ ប្រតិបត្តិការសឹក គឺជាអង្គភាពមួយ ដែលមានអង្គភាពចំណុះជាច្រើន មានមូលដ្ឋាននៅលើខ្សែត្រៀមជួរមុខ គ្រប់គ្រងខ្សែក្រវ៉ាត់ព្រំដែន មានប្រវែងប្រមាណ ៥៥គីឡូម៉ែត្រ ជាប់ព្រំប្រទល់ប្រទេសពីរ គឺបរទេសថៃ និងឡាវ ដែលបានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ លើការងារដឹកនាំ គ្រប់គ្រងអង្គភាព និងកងកម្លាំង ទាំងនៅខ្សែត្រៀមជួរមុខ និងនៅទីបញ្ជាការស្រាល មានគំនិតច្នៃប្រឌិត កសាងអង្គភាព កសាងកិច្ចទំនាក់ ទំនង ពង្រឹងបានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងជាប់ព្រំដែនប្រទេស ព្រមទាំង កសាងបានកិច្ចទំនាក់ល្អ ជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន បានយ៉ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ មេបញ្ជាការរងយោធភមិភាគ៤ បានក្រើនរំលឹកដល់ នាយទាហានគ្រប់រូប ត្រូវគោរពវិន័យ គោរពបទបញ្ជាថ្នាក់លើ មានសីលធម៌ សុជីវធម៌ក្នុងការរស់នៅ ត្រូវមានសាមគ្គី ឯកភាពគ្នាអោយបានរឹងមាំ ហើយរួមគ្នាដោះស្រាយ នូវរាល់ការបំពេញកិច្ចការងារ ទាំងឡាយ ដែលនៅសេសសល់ ត្រូវអនុវត្តអោយសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាព ជូនអង្គភាព ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ស្របតាមគោលការណ៍ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។ ហើយកងទ័ពទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព ដែលរកបានមកដោយកម្រនេះ ឲ្យបានគង់វង្ស បើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយចុះ៕

 

Loading...