ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់មន្ត្រីនគរបាលម្នាក់ និងប្រជាពលរដ្ឋ ២នាក់ទៀត ដែលរងគ្រោះថ្នាក់ដោយសារគ្រាប់ជាន់មីន!

 

ខេត្តព្រះវិហារ៖ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនមន្ត្រីនគរបាលម្នាក់ និងប្រជាពលរដ្ឋ ២នាក់ទៀត ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ក្រោយរងគ្រោះដោយសារជាន់មីន នៅក្នុងថ្ងៃទី ១៣វិច្ឆិកាឆ្នាំ២០២០នេះ។

ជនរងគ្រោះទាំង ៣នាក់ ត្រូវគេស្គាល់ម្នាក់ ឈ្មោះ នួន ធឿន មានឋានៈអនុសេនីយ៍ឯក បម្រើការនៅអង្គភាពវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៧៩៥ រងរបួសដោយសារជាន់មីន បណ្តាលឲ្យដាច់ជើងទាំងសងខាង នៅក្នុងថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២០។

ដោយឡែក ប្រជាពលរដ្ឋ ២នាក់ទៀត បានរងគ្រោះដោយសារគ្រាប់មីន បណ្តាលឱ្យរងរបួសភ្នែក និងជើង កាលពីពេលថ្មីៗកន្លងមកនេះ ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ខណៈនេះ ជនរងគ្រោះទាំង ៣នាក់ កំពុងស្ថិតក្រោមការព្យាបាលរបួស ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។

ស្របពេលកំពុងសម្រាកព្យាបាលរបួសនោះ សាខាកាកបាតក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា មកឧបត្ថម្ភដល់ជនរងគ្រោះដោយសារគ្រាប់មីនទាំង ៣នាក់ ក្នុងម្នាក់ៗ ទទួលបានមី ២កេស ,ត្រីខកំប៉ុង ២យួរ ,ទឹកបរិសុទ្ធ ២កេស ,សារ៉ុង ១ ,ក្រមា ១ ,ភួយ១ ,មុង ១ ,ទឹកផ្លែឈើ ២កេស ,ទឹកដោះគោឆៅ ១យួរ និងថវិកាផ្តល់ជូនជនរងគ្រោះ ជាមន្ត្រីនគរបាល ដែលត្រូវកាត់ជើងទាំងសងខាង ចំនួន ១លានរៀល និងពលរដ្ឋរងគ្រោះ ២នាក់ទៀត ម្នាក់ៗទទួលបានថវិកា ៣០ម៉ឺនរៀល នៅក្នុងពេលនោះ ផងដែរ។

អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានមានប្រសាសន៍ ដោយសម្តែងការសោកស្តាយ ជាមួយគ្រួសារជនរងគ្រោះដោយសារគ្រាប់មីនទាំង ៣នាក់ ចំពោះហេតុការដែលបានកើតឡើងនៅក្នុងពេលនេះ។ លោកស្រី មានប្រសាសន៍ លើកទឹកចិត្តដល់ក្រុមគ្រួសារ និងជនរងគ្រោះ កុំអស់សង្ឃឹមក្នុងជីវិតឲ្យសោះ ហើយត្រូវខិតខំព្យាបាលជំងឺឱ្យបានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅរស់នៅជួបជុំក្រុមគ្រួសារ នៅពេលដ៏ខ្លីខាងមុខនេះ ៕

 

 

Loading...