ថ្នាក់ដឹកនាំអតីតយុទ្ធជនខេត្តស្ទឹងត្រែង បានជម្រុញដល់អតីតយុទ្ធជនទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសនាយកយករដ្ឋមន្ត្រីនៅប៉ុន្មានខែទៀតខាងមុខនេះឲ្យបានគ្រប់ៗគ្នា

ខេត្តស្ទឹងត្រែង៖ ការជម្រុញរបស់ប្រធានកិត្តិយសសមាគមន៍ អតីតយុទ្ធជនកម្ពុជាខេត្ត លោកម៉ុម សារឿន និងប្រធានសមាគមន៍ អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនជិត៣០០នាក់ កាលពីថ្ងៃទី៣មេសាម្សិលមិញ នៅក្នុងស្រុកពីរ គឺស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នៅក្នុងស្រុកថាឡាបរិវ៉ាត់ ប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជា ស្រុកថាឡាបរិវ៉ាត់ លោកសន សារឿន បានឡើងរាយការណ៍ជូនគណៈអធិបតី អំពីភូមិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេស កត្តាជីវភាពរស់នៅរបស់គ្រួសារ អតីតយុទ្ធជន ដែលបានពលី និងពិកា កាលពីអំឡុងក្នុងសម័យសង្គ្រាម នៅស្រុកថាឡាបរិវ៉ាត់ទាំងមមូល។ លោកថា គ្រួសារអតីតយុទ្ធជនទាំងនេះ ក្រោយពីរាជរដ្ឋាភិបាល បានបង្កើតសមាគមន៍អតីតយុទ្ធជននោះមក ធ្វើឲ្យពួកគាត់បានប្រែក្លាយជីវភាពរស់នៅ ដូចជាអ្នកគ្មានដីធ្លី និងទីជម្រក មកជាមានដីធ្លី និងទីជម្រក ហើយថែមទាំងទទួលបានដីសំរាប់បង្កបង្កើនផល ដើម្បីបង្កើនជីវភាពគ្រួសារ រស់នៅបានសមរម្យដូចអ្នកឯទៀតផងដែរ។

ប្រធានកិត្តិយស អតីតសមាគមន៍យុទ្ធជនខេត្ត និងជាអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានថ្លែងលើកទឹកចិត្តចំពោះអតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការពារបូរណភាពទឹកដី រក្សាការពារសន្តិសុខ និងសុវត្ថិភាព នៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន និងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ សង្គមធម៌ និងការអភិវឌ្ឍសង្គមជាតិយើងបានយ៉ាងប្រសើរ។ លោកថា ដោយមើលឃើញពីគុណូបការៈដ៏ធំធេង របស់អតីតយុទ្ធជនយើង ដែលបានពលីជីវិត របួស ពិការនៅក្នុងភ្លើងសង្គ្រាមនាពេលកន្លងមកនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្កើតសមាគមន៍អតីតយុទ្ធជនកម្ពុជានេះឡើង ដើម្បីជួយទ្រទ្រង់ និងគិតគូពីជីវភាពរស់នៅ របស់អតីតយុទ្ធជនទាំងអស់ ដោយអនុវត្តទៅតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់ជាតិ តម្រូវឲ្យយកចិត្តទុកដាក់ថែរបំប៉ន និងផ្គត់ផ្គង់ មានទាំងប្រាក់បៀវត្សន៍ និងដីសង្គមកិច្ច ចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលក្រីក្រពិតប្រាកដនោះថែមទៀត។

លោកថា នេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាល បាននិងកំពុងគិតគូ និងមិនដែលបោះបង់បងប្អូនអតីតយុទ្ធជន ចោលនោះឡើយ។ លោកអភិបាលខេត្ត បានជម្រុញដល់គ្រួសារ និងអតីតយុទ្ធជនទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នានាខែកក្កដាខាងមុខនេះ ដើម្បីបន្តគាំទ្រ និងជ្រើសរើសសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាព នៅអាណត្តិទី៦ និងគ្រប់ៗអាណត្តិទៅមុខទៀត។

នៅក្នុងស្រុកសេសាននោះវិញ មេបញ្ជាការរងយោធភូមិភាគទី១ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន លោកបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុក ដែលជាប្រធានសមាគមន៍អតីតយុទ្ធជនស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីស្រុក ឃុំ និងភូមិទាំងអស់ ដែលបានរួមគ្នាអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាល ចូលរួមក្នុងវិស័យមនុស្សធម៌ សង្គមធម៌ និងបានជួយគាំពារដល់អតីតយុទ្ធជន ហើយថែមទាំងមានគម្រោងផ្តល់ដីសង្គមកិច្ច ចែកជូនដល់គ្រួសារអតីតយុទ្ធជនណា ដែលកំពុងរស់នៅក្នុងជីវភាពទីទ័លក្រ ហើយគ្មានដីធ្លីពិតប្រាកដ ទៅតាមគោលនយោបាយជាតិ និងអនុវត្តដោយអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ដែលមានអភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមន៍ នឹងបែងចែកដីធ្លី ទៅដល់គ្រួសារអតីតយុទ្ធជនទាំងនោះ សំរាប់សាងសង់ទីជម្រក និងបង្កបង្កើនផល។

ស្របពេលជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ បានតាស់តឿនទៅដល់មេប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ មេឃុំទាំងអស់ រួមទាំងអភិបាលស្រុកផងនោះ ត្រូវបន្តចុះពិនិត្យ និងយកចិត្តទុកដាក់ពីភាពសុខទុក្ខ ត្រូវចេះជួយយកអាសារ ទៅដល់គ្រួសារអតីតយុទ្ធជន នៅគ្រប់មូលដ្ឋានរស់នៅទាំងអស់ ឲ្យបានគ្រប់ពេលវេលា។ លោកបានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ត្រូវតែទៅចូលរួមក្នុងការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស នាអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩កក្កដា២០១៨ខាងមុខនេះ។

សូមជម្រាបថា អតីតយុទ្ធជននៅក្នុងខេត្តស្ទឹងត្រែង មានរហូតដល់ទៅ៩៩៧នាក់ ហើយបានធ្វើបច្ចុប្បន្នភាព ៨៣៥នាក់ មិនទាន់ធ្វើបច្ចុប្បន្នភាព ១៦២នាក់ ដោយសារការធ្វើចំណាកស្រុក និងចំណូលថ្មី។ ចាប់ពីខែកញ្ញា២០១៥ រហូតមកទល់នឹងខែកុម្ភះ២០១៨កន្លងទៅ អតីតយុទ្ធជនដែលទទួលមរណៈភាព មានចំនួន៤៨សព ក្នុងសពនិមួយៗ ទទួលបានបា្រក់បេឡាមរណៈសង្គ្រោះ ៤លានរៀល ៤៨សព ស្មើនឹងទឹកប្រាក់ ១៩២លានរៀល។ ក្រៅពីនោះសមាគមន៍អតីតយុទ្ធជនខេត្ត បានសហការជាមួយបេឡាជាតិ អតីតយុទ្ធជន ចុះប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ១៨លើក ថវិកាស្មើនឹង ១៥៦លាន ៤៤៣ពាន់ ៩៤០រៀល បានទទួលថវិកាមូលនិធិ ពីគណៈកម្មាការរៀបចំកីឡា កងយោធពលខេមរៈភូមិន្ទ ១៦លានរៀល បានទទួលឈ្មោះពីក្រសួងដែនដី នគរូបនីយកម្ម ៤៦០គ្រួសារ និងគម្រោងដីកសិកម្ម ៩២០ហិចតា បានសហការជាមួយមន្ទីរដែនដីខេត្ត បែងចែកផ្ទះ៥០ខ្នង ចែកជូនអតីតយុទ្ធជន ក្នុងផ្ទះ១ខ្នង មានទំហំដីទទឹង៣០ និងបណ្តោយ៤០ម៉ែត្រ និងបានបែងចែកដីជូនអតីតយុទ្ធជន ១១៥គ្រួសារ ស្មើនឹង២៣០ហិចតារួចមកហើយ។
ដោយឡែក នៅក្នុងស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី៣មេសាម្សិលមិញនោះ អតីតយុទ្ធជន២៨៣នាក់ ក្នុងនោះស្រុកសេសាន ១០៨នាក់ និងស្រុកថាឡាបរិវ៉ាត់១៧៥នាក់ ទទួលបានការបំពាក់មេដាយការពារជាតិ មានមេដាយមាស២នាក់ ក្រៅពីនោះមេដាយសំរិទ្ធ និងមេដាយប្រាក់ និងក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោសែន នាយករដ្ឋមន្ត្រីកម្ពុជា៕

 

Loading...