ទណ្ឌិតប្រមាណ៣២១នាក់ បានស្នើសុំការលើកលែង និងបន្ធូរបន្ថយទោស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញៈ យ៉ាងហោចណាស់ក៏មានទណ្ឌិត ប្រមាណ៣២១នាក់ ត្រូវបានបញ្ជូនឈ្មោះ មកគណៈកម្មការជាតិ ពិនិត្យ និង វាយតម្លៃ សម្រាប់ការលើកលែងនិង បន្ធូបន្ថយទោស ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។ នេះបើតាម លោក ស៊ុច សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយករដ្ឋានព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនកិច្ចពិភាក្សា ដែលដឹកនាំដោយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃ ដើម្បីលើកបន្ធូបន្ថយ និងលើកលែងទោស កាលពីថ្ងៃព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីក្រសួងយុត្តិធម៌ ។

លោក សុច សុផាន់ណារ៉ា បានឲ្យដឹងថា ឆ្នាំនេះគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃ ទទួលបញ្ជីឈ្មោះទណ្ឌិតស្នើសុំលើកលែង និង បន្ធូបន្ថយទោស ដើម្បីពិនិត្យសំណើសុំនេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលទទួលបានពីគណៈកម្មការថ្នាក់រាជធានី-ខេត្ត មកពី ពន្ធនាគារចំនួន២០ និងគណៈកម្មការក្រសួងមហាផ្ទៃ មកពីមណ្ឌលអប់រំកែប្រែចំនួន៤ ដោយមានទណ្ឌិតស្នើសុំសរុប៣២១នាក់ ក្នុងនោះស្ត្រី២៨នាក់ ក្នុងចំណោមទណ្ឌិតទាំងអស់ ក៏មានបញ្ជីឈ្មោះទណ្ឌិតជនបរទេសផងដែរ ។

លោកអគ្គនាយករងរូបនេះ បានគូសបញ្ជាក់ថា ការស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ត្រូវអនុវត្តតាមច្បាប់ក្រឹត្យ លេខ២៨ ដែលទណ្ឌិតណាបានអនុវត្តទោស១ភាគ៣ នៃទោសត្រូវបានស្នើសុំបន្ធូបន្ថយទោស និង២ភាគ៣ នៃទោសត្រូវបានស្នើសុំលើកលែងទោស ។

លោកថា «ខ្ញុំសូមបញ្ជាក់ថា មិនអនុវត្តតាមក្រឹត្យច្បាប់ត្រូវបានបន្ធូបន្ថយ និងលើកលែងទោសនោះទេ ។ គឺគណៈកម្មការថ្នាក់ជាតិបានយកចិត្តទុកដាក់ បំផុតទាក់ទងការកែប្រែខ្លួនរបស់ទណ្ឌិតក្នុងពន្ធនាគារ ភ្ជាប់ជាមួយឯកសាពាក់ព័ន្ធ ពិសេសនោះមានសាលក្រម សាលដីការស្ថាពរ។ អ្វីដែលទណ្ឌិតកែប្រែនោះដែរយើងក៏ពិនិត្យទៅលើកការអនុវត្តល្អ ការប្រឡងប្រណាំប្រជែងគ្នារបស់ទណ្ឌិតក្នុងពន្ធនាគារ និងមានការវាយតម្លៃ ពីគណៈកម្មការខេ្តតផងដែរ» ។

លោកស៊ុច សុផាន់ណារ៉ាបានបញ្ជាក់បន្ថែមថា «អ្វីដែលសំខាន់នោះ យើងផ្តោតលើកទណ្ឌិតណា ដែលបានប្រព្រឹត្តិបទល្មើស ឬ ភ្ជៈសនកម្មធ្ងន់ធ្ងរ ។ អីចឹងកុំអាងថា បានអនុវត្តទោស១ភាគ៣ ឬ២ភាគ៣ ត្រូវបានគណៈកម្មជាតិសម្រេចបន្ធូបន្ថយទោស និងលើកលែងទោសតែម្តងនោះ មិនមែនទេ » ។

គួររំលឹកថា ប្រទេសកម្ពុជា មានការស្នើសុំ លើកលែងទោសនិង បន្ធូបន្ថាយទោ ចំនួន៣លើក ក្នុង១ឆ្នាំ គឺពិធី បុណ្យអុំទូក បុណ្យពិសាធបូជា និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ៕

 

Loading...