ទស្សន៖ ការឈឺចាប់របស់ខ្មែរ ជាការឈឺចាប់របស់ជាតិទាំងមូល

ភ្នំពេញ៖ រយៈពេល៤៨ម៉ោងហើយដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកទាំងមូលបានបាញ់ក្រសែភ្នែករបស់ខ្លួន តាមដានស្ថានការណ៍នៃវត្តមានកងទ័ព ឡាវលើទឹកដីខ្មែរនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ខណៈភាគីឡាវតាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួនបានសន្យាថា នឹងដកកងទ័ពឱ្យអស់ពីតំបន់ ដែលខ្លួនបានឈរជើងតាំងពីខែមេសា ឆ្នាំ ២០១៧ មកឱ្យចប់សព្វគ្រប់នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ។

ក្នុងរឿងនេះ រាស្ត្រស្ទើរមួយនគរបានថ្កោលទោសលើវត្តមានទ័ពរបស់ឡាវនៅលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឈឺឆ្អាលជួយលើកទឹកចិត្ត ផ្តល់ការគាំទ្រដល់កម្លាំងនៃកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារជាតិ ការពារទឹកដីពីការរំលោភឈ្លានពានណាមួយរបស់បរទេស។ ជាមួយគ្នានេះ រាស្ត្រស្ទើរមួយនគរបានរីករាយអបអរជ័យជម្នះ នៃការចរចាបែបឈ្នះ-ឈ្នះដែលសម្តេចតេជោ ហ៊ុន សែន បានអនុវត្តជាមួយភាគីឡាវដោយឡាវបានសម្រេចដកកងទ័ពចេញពីទឹកដីកម្ពុជា។

ប៉ុន្តែបក្សប្រឆាំងនៅកម្ពុជាហាក់ ដូចជាធ្វើគធ្វើថ្លង់នឹងបញ្ហាអាយុជីវិតរបស់ជាតិនេះដោយគ្មានការថ្កោលទោស ឬការអបអរសាទរ និងការលើកទឹកចិត្តវិរកងទ័ពបន្តិចឡើយ។ ទង្វើពេលនេះក៏ដូចជាលើកមុនៗដែរ បក្សប្រឆាំងមិនដែលចេញមកឈឺឆ្អាលការរំលោភឈ្លានពឆនរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ឬអបអរសាទរចំពោះមោទនភាពជាតិដែលក្រុមកីឡាករខ្មែរទទួលបានមេដាយជូនជាតិ ឬក៏ការដាក់តំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោកឡើយ។ តើពេលជាតិមានគ្រោះអាសន្ន អ្នកដែលាធ្លាប់ស្រែកថាស្នេហាជាតិ ស្នេហាមាតុភូមិ ស្នេហាប្រជាជនសម្ងំសុខនៅទីណាទៅ បានជាស្ងាត់ដូចចោរលួចសេះដូច្នេះ ខណៈជាតិ និងប្រជាជនត្រូវការអ្នកជួយសង្គ្រោះ និងការពារខ្លួនទប់ទល់នឹងការលុកលុយរបស់បរទេសឈ្លានពាន ការពារបូរណភាពដែនដី?

នេះដូចពាក្យចាស់បុរាណខ្មែរលើកឡើងមែន «ជួយគ្នាក្នុងគ្រាក្រ សម្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន»។ ឯណាទៅអ្នកសង្គ្រោះជាតិពេលស្រុកទេសមានសន្តិភាពនោះ? រហូតមកដល់ពេលនេះ សូម្បីតែពាក្យមួយម៉ាត់ថ្កោលទោស ឬអបអរក៏គ្មានចេញពីមាត់មេដឹកនាំបក្សប្រឆាំង និងសកម្មជនរបស់ខ្លួនផង ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិខ្លះ ក្នុងនោះក៏មាន ឡៅ ម៉ុងហៃ អតីតទីប្រឹក្សា កឹម សុខា និងអ្នកយុទ្ធសាស្ត្រស្ទើរភ្លើងរបស់បក្សសង្គ្រោះជាតិបែរ​ជាមកនិយាយថាគឺជា យុទ្ធសាស្ត្រនយោបាយទៅវិញ។ ឡៅ ម៉ុងហៃ ដែលតាំងជាអ្នកវិភាគឯករាជ្យលម្អៀងផ្កាប់មុខ មិនគួរយករឿងអាយុជីវិតជាតិ បូរណភាពដែនដីមកបកស្រាយដើម្បីតម្រូវចិត្តបក្សរបស់ខ្លួនទេ ហើយសន្មតដោយគ្មានវិចារណញ្ញាណថាជាយុទ្ធសាស្ត្រដើម្បីរកសំឡេងឆ្នោតទៅវិញ។ តើពេលហារស្រដី ឡៅ ម៉ុងហៃ មានបានយកជាតិជាធំទេ? ឬក៏បក្សសង្គ្រោះជាតិដែលឡៅ ម៉ុងហៃ កំពុងជ្រកកោន ក្រោមរូបភាពអ្នកវិភាគឯករាជ្យ ខ្លាចអន់បានជាមិនចូលរួមជាមួយប្រជាពលរដ្ឋខ្មែរដែលឈឺឆ្អាលលើរឿងជាតិ? ឬក៏ខ្លាចបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋដោយសារតែទទួលស្គាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា? និងដោយសារតែមួយផ្នែកទៀតចេញពីទង្វើចោលម្សៀតរបស់មេឃុំចៅសង្កាត់សមាជិកក្រុមប្រឹក្សាបក្សខ្លួននៅឯមូលដ្ឋាន ដែលមិនមានចំណេះដឹង មិនយល់ពីការងារប្រព្រឹត្តអំពើខុសច្បាប់នានា និងភាពស្នេហាជាតិតែបបូរមាត់ក្រៅរបស់ក្រុមលោក?

បើថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិពិតជាអ្នកស្រឡាញ់ជាតិ និងប្រជាជនពិតប្រាកដ ម៉្លេះសមពួកគេលះបង់អស្មិមានៈរបស់ខ្លួន និងកៀកស្មាជាមួយប្រជាជននិងរាជរដ្ឋាភិបាលដើម្បីការពារជាតិ មិនចូលរួមដោយផ្ទាល់ក៏បាន គ្រាន់តែពាក្យ​សម្តីក៏អស់ចិត្ត ប៉ុន្តែពួកគេចាញ់ទាំងប្រជាជនសាមញ្ញទៀត​ដែលពួកគេសុខចិត្តលះបង់​ដើម្បីចូលរួមផ្តល់កម្លាំងចិត្ត និងផ្តល់សាមគ្គីភាពក្នុងការប្រឆាំងនឹងការឈ្លានពានបរទេស។ ប៉ុន្តែពួកគេសម្ងំសុខ និង ស្វះស្វែងយុទ្ធសាស្ត្រទុច្ចរិតដើម្បីដណ្តើមអំណាចតាមយុទ្ធសាស្ត្របំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ ដូចដែលបក្សនេះបាននិងកំពុងប្រើទីប្រឹក្សាលាក់មុខរបស់ខ្លួន គឺឡៅ ម៉ុងហៃ និងអ្នកយុទ្ធសាស្ត្រស្ទើរភ្លើងរបស់ខ្លួនមកបង្វែរស្ថានការណ៍ បំភ័ន្តរាស្ត្រមួយចំនួន។

បក្សប្រឆាំងគួរចងចាំថា តាមការទស្សន៍ទាយរបស់ហោរាថៃលោក ភិន​យ៉ូ កន្លងទៅ បាន​និយាយ​ថា ពេលវេលា​នេះ​អាក្រក់​បំផុត​សម្រាប់​គណបក្សប្រឆាំង​របស់​ដូច​អ្នក​លេងអុក​អ៊ីចឹងគឺ «​អស់​ផ្លូវ អស់​ក្រឡា​ដើរ ទាល់ច្រក និង​គេ​ព័ទ្ធ​ជិត​» ហើយ​មាន​តែ​វិធី​ម្យ៉ាង​គត់ គឺ​បោះ​ទូក បោះ​សេះ ឲ្យ​សត្រូវ​ស៊ី ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ។ លោក ភិន​យ៉ូ និយាយ​បន្ថែម​ដោយ​សម្តី​ខ្លាំង​ៗ​ទៀត​ថា ទាំង​លោក សម រ​ង្ស៊ី និង​លោក​អនុប្រធាន កឹ​ម សុខា មើល​ស្រាល​លើ​សមត្ថភាព​ដ៏​ខ្លាំងក្លា​ប្រកបដោយ​ថាមពល និង​ភាព​ប៉ិន​ប្រសប់​របស់​លោក ហ៊ុន សែន ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ ។ មាន​ពេល​ខ្លះ ពួក​គាត់ (​សម រ​ង្ស៊ី កឹ​ម សុខា​) ចង់​ប្រើ​ស្នៀត​បំភ័ន្ត បំផ្លើស ដោយ​លើកយក​បញ្ហា​ជា​ច្រើន​មក​បន្លំ និង​ផ្លាស់​ប្តូរ​ស្នៀត​ពី​មួយ​ទៅ​មួយ ប៉ុន្តែ​លោក ហ៊ុន សែន ងាយ​នឹង​មើលឃើញ​ពី​ការ​បង្វែរ​សាច់​រឿង​នោះ និង​ដឹង​ពី​ចំណុចខ្សោយ​របស់​ពួក​គេ ក៏​វ៉ៃ​បំបាក់​បាន​មុន បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​គ្មាន​អ្វី​ក្រៅពី​ទទួល​រង​នូវ​ភាព​បរាជ័យ​ផ្ទួន​ៗ ងើបមុខ​មិន​រួច ។

លោក ភិន​យ៉ូ បាន​បញ្ជាក់​ថា គណបក្សប្រឆាំង​នៅ​កម្ពុជា ខុស​ពី​គណបក្សប្រឆាំង​នៅ​ស្រុក​ថៃ និង​ក៏​មិន​អាច​ធ្វើ​ដូច​ស្រុក​ថៃ​បាន​ឡើយ​នូវ​គោលបំណង​ប៉ុនប៉ង​កាន់កាប់​អំណាច​ដ៏​ឆាប់រហ័ស​តាម​វិធី​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល និង​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ផ្សេង​ៗ​ទៀត ក៏​ដូច​ជា​ការ​យក​បញ្ហា​ព្រំដែន​ដើម្បី​កេង​ចំណេញ​នយោបាយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​គាំង​គ្រប់​ច្រក​ទាំងអស់ ពេលវេលា​មិន​អំណោយផល​ដូច​ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៣ កន្លង​ទៅ​នោះ​ទេ ។

ដូច្នេះ ការឈឺចាប់របស់ខ្មែរចំពោះការរំលោភរបស់បរទេសគឺជាការឈឺចាប់របស់ជាតិ! ការឈឺចាប់របស់ជាតិ ជាការរួមកម្លាំងគ្នាជាធ្លុងមួយក្នុងមហាគ្រួសារខ្មែរ លើកទង់ព្រលឹងតែមួយ តស៊ូដើម្បីខ្មែរឈ្នះ និងដើម្បីខ្មែររឹងមាំទៅមុខ! ដូច្នេះ យើងជាជនជាតិខ្មែរត្រូវជ្រោងទង់ជាតិកម្ពុជាឱ្យរឹងមាំ និងមិនអនុញ្ញាតឱ្យនរណា ឬប្រទេសណារាប់ទាំងអ្នកនយោបាយអង្ករកំប៉ុង ឬអ្នកនយោបាយឱកាសនិយមខ្មែរជាន់ឈ្លីទង់ជាតិខ្មែរ និងមោទនភាពជាតិខ្មែរបានឡើយ។ យើងជ្រោងទង់សន្តិភាវូបនីយកម្ម និងទង់សាមគ្គីជាតិ!

 

Loading...