ទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីទាញកាំចុងស្រួចចាក់ធ្លាយពោះវៀនស្លាប់ម្នាក់ឯជនដៃដល់សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួននៅក្នុងខេត្តស្ទឹងត្រែង 

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានរងការចាក់សម្លាប់ នឹងកាំបិតចុងស្រួចពេលកំពុងផឹកស៊ី និងនៅក្រោយពីទាស់សម្តីគ្នានោះរួចមក ដែលហេតុការនោះ ត្រូវគេឲ្យដឹងថា បានកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃ១៧វិច្ឆិកា២០១៧នេះ នៅចំណុចទួលចំបក់ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលស្រុកថាឡាបរិវ៉ាត់ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះហួន កេះ អាយុ៤៤ឆ្នាំរស់នៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះបានស្លាប់ ក្រោយជនសង្ស័យបានទាញកាំបិតចុងស្រួចកាច់ធ្លាយពោះវៀន ។ ចំណែក ជនសង្ស័យដៃដល់ មានឈ្មោះ ចក់ សារ៉ាន់ ហៅ ឃូល ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្ទិចលិច ឃុំដងក្តា ស្រុកស្ទឹងត្រង ខេត្តកំពុងចាម និងបានមកស្នាក់នៅក្នុងខេត្តស្ទឹងត្រែង ។

មន្ត្រីដដែលបានបន្តទៀតថា មូលហេតុដែលបង្កអំពើហឹង្សា រហូតឈានដល់ចាក់សម្លាប់គ្នានេះ គឺជនសង្ស័យដៃដល់ និងជនរងគ្រោះ គឺជាមិត្តភ័ក្ត្រធ្វើស្រែដូចគ្នា ហើយបានមកអង្គុយផឹកស្រាក្លែមសាច់ជាមួយគ្នា បន្ទាប់មកក៏បានជជែកគ្នាតាំងពីឮតិច រហូតដល់ឮខ្លាំងឡើងៗ នៅពេលនោះជនសង្ស័យ ត្រូវគេឃើញបានទាញយកកាំបិតចុងស្រួច « វត្ថុរឹង » ចាក់មកលើជនរងគ្រោះបណ្តាលធ្លាយពោះវៀន ស្លាប់ភ្លាមៗនៅនឹងកន្លែងផឹកស៊ី ។

លោកថា ក្រោយចាក់ដៃគូផឹកស៊ីស្លាប់ភ្លាម ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែ សមត្ថកិច្ចបានកំណត់បានអត្តសញ្ញាណ ជនសង្ស័យដៃដល់នោះហើយ និងនៅពេលនេះកំពុងបន្តស្វែងរកកន្លែងលាក់ខ្លួន ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕

Loading...