ទាហានជើងទឹក​៤៥ប្រទេសជុំវិញពិភពលោក ចូលរួមសមយុទ្ធ​៥ថ្ងៃ នៅប៉ាគីស្ថាន

យ៉ាងតិច​កម្លាំងទាហានជើងទឹក​៤៥ប្រទេស​ជុំវិញ​ពិភពលោក បានចូលរួមធ្វើសមយុទ្ធ​នៅក្នុងប្រទេសប៉ាគីស្ថាន រយៈពេល៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ ។

សមយុទ្ធនេះ​ឲ្យឈ្មោះថា Aman ឬសន្តិភាព ត្រូវបានរៀបចំធ្វើឡើង​នៅ​ជិតកំពង់ផែភាគខាងត្បូងទីក្រុងការ៉ាជី ហើយក៏ជាផ្នែក​មួយ​នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងនោះ​ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងពួកចោរសមុទ្រ, ពួកភេរវកម្ម និងពួករត់ពន្ធជាដើម ។

នាវាយាមល្បាត និងនាវាចម្បាំងរាប់សិបគ្រឿង​ត្រូវបានបញ្ជូនពីប្រទេសទាំង៤៥នោះ មកចូលរួមធ្វើសមយុទ្ធ ក្នុងនោះ​មានអាមេរិក អង់គ្លេស និងជប៉ុនជាដើម ប៉ុន្តែប្លែកត្រង់ថា ទាហានជើងទឹកឥណ្ឌា មិនត្រូវបានអញ្ជើញឲ្យចូលរួម​សមយុទ្ធដ៏សំខាន់នេះឡើយ ។

ប៉ាគីស្ថានធ្លាប់រៀបចំសមយុទ្ធបែបនេះ​ម្តងហើយ​កាលពីឆ្នាំ២០០៧ ហើយកាលណោះក៏មិនបានអញ្ជើញឥណ្ឌាមកចូលរួម​នោះដែរ បើទោះបីប្រទេសនេះ​មានភូមិផងរបងជាប់គ្នា​ក្តី ។

ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​រវាងប៉ាគីស្ថាន​ នឹងឥណ្ឌា មានភាពល្អប្រសើរជាមួយគ្នាតិចតួចបំផុត ។ ជាក់ស្តែង​តាំងពីឆ្នាំ១៩៤៧ ក្រោយអង់គ្លេស​ដកខ្លួន លែងធ្វើអាណានិគមន៍នោះរួចមក ប្រទេសទាំងពីរនេះ​ស្រាប់តែ​មានជម្លោះទឹកដី​ជាមួយគ្នា ដោះស្រាយ ​នៅត្រង់ចំណុចព្រំដែន ​ភ្នំ ហិម៉ាលៃ ដែនដីកាស្មៀរ តែម្តង ។ សង្គ្រាមបានផ្ទុះ​ឡើង៣លើកមកហើយ បណ្តាលឲ្យស្លាប់ និងរងរបួស ខូចខាតទាំងសងខាង ៕

Loading...