ទាហានឈុតខ្មៅថៃឆ្លងដែនចូលមកដោះគ្រាប់មីន និងសុំទោសចំពោះការដាក់បង្កៃក្នុងចំការដំឡូង

ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានបានរាយការណ៍ថា ទាហានឈុតខ្មៅថៃ បានឆ្លងដែនចូលមកដោះគ្រាប់មីន និងសុំទោសដល់កងកម្លាំងកម្ពុជា ចំពោះការដាក់បង្កៃគ្រាប់មីននៅចំការដំឡុង លើទឹកដីកម្ពុជា ដោយអះអាងថា ពួកគេមិនបានដឹង ។

កងទ័ពជួរមុខរបស់កម្ពុជា ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានព្រមានយ៉ាងមុតមាំ ដល់កងទ័ពឈុតខ្មៅថៃ ក្នុងអង្គភាពកងរយលេខ៥៤១ ដែលបានយកគ្រាប់បែកដៃមកដាក់បង្កៃក្នុងចំការដំឡូង ស្ថិតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ក្បែបង្គោលព្រំដែនដោយមិនទាន់ដឹងមូលហេតុ ។

តាមរបាយការណ៍របស់កងកំលាំងប្រដាប់អាវុធជួរមុខ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ថាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៩ និង ១៥ នាទីព្រឹក លោកអនុសេនីយ៍ត្រី សាត់ សុផាន់ណារិទ្ធិ នាយប៉ុស្តិ៍អូរជ្រៃ បានដឹកនាំកំលាំងក្នុងអង្គភាពមួយចំនួន ដើម្បីចុះប្រតិបត្តិការល្បាតជាលក្ខណៈឯកតោភាគី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។

របាយការណ៍បានបន្តថា នៅពេលដែលកំលាំងល្បាតដល់ចំណុច ខាងត្បូងបង្គោលសីមាលេខ59 ក៏បានប្រទះឃើញគ្រាប់បែកដៃប្រភេទផ្លែទឹកដោះគោមួយគ្រាប់ ដែលត្រូវបានគេដាក់បង្កៃនៅក្នុងចំការដំឡូងរបស់ប្រជាកសិករខ្មែរ ក្បែខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។

នៅពេលនោះដែរ កំលាំងបានរាយការទៅមេបញ្ជាការវរៈ ដើម្បីសុំវិធានការ លោកមេបញ្ជាការបានបញ្ជាអោយយកខ្សែព័ន្ធជុំវិញ និងមិនអនុញ្ញាតអោយដកកំលាំងចេញពីចំណុចនោះជាដាច់ខាត ដោយនៅរង់ឃ្លាំមើលដើម្បីចង់ដឹងថា នរណាជាអ្នកមកដាក់បង្កៃគ្រាប់បែកនេះ ព្រមទាំងបានផ្តល់ព័ត៌មាននេះទៅកំលាំងសុីម៉ាក់ផងដែរដើម្បីត្រៀមចុះទៅត្រួតពិនិត្យ ។

លុះនៅវេលាម៉ោង ១០ និង ៥០ នាទី ថ្ងៃ ខែ ឆ្នាំដដែល គេសង្គេតឃើញថា ខាងភាគីទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ ៥៤១ បានឆ្លងដែនចូលមកដោះគ្រាប់នោះយកទៅវិញ ដោយពួកគេ មានគ្នាចំនួនពីរនាក់ ហើយក៏បានសុំទោសដល់កងកំលាំងកម្ពុជាផងដែរ ខណៈដែលពួកគេបានពើបប្រទះកំលាំងកម្ពុជានៅឃ្លាំចាំមើលសកម្មភាពនៅទីនោះ ។

នៅក្នុងពេលនោះក៏មានការចូលរួមពិនិត្យពីខាងកងល្បាតចំណុះកងការពារព្រំដែនលេខ៥០៤ផងដែរ ដោយកងកំលាំងកម្ពុជា បានធ្វើការព្រមាន និងសំណូមពរដល់ភាគីថៃកុំអោយមានករណីបែបនេះកើតឡើងតទៅទៀត ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដែលរស់នៅក្នុងតំបន់នេះផង ដោយសារតែពួកគេមិនបានដឹងជាមុន ដោយនៅពេលនោះដែរ កំលាំងរបស់ភាគីថៃ បានប្រមូលយកគ្រាប់បែកដៃនោះវិលត្រឡប់ចូលទៅដីរបស់គេវិញ ៕

1

2

3

5

7

Loading...