ទិដ្ឋភាពក្នុងរាត្រីថ្ងៃទីមួយនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រសួងទេសចរណ៍ បានបង្ហាញទិដ្ឋភាពក្នុងរាត្រីថ្ងៃទីមួយនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឃើញថាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមួរមីមកទស្សនាយ៉ាងច្រើនកុះករនៅតាមដងវិថី ស្ពាន សួនច្បារ ជាមួយនឹងការទទួលទានម្ហូបអាហារ ចំណីចំណុកនៅតាមវិថីលក់ម្ហូបអាហារ ទស្សនាការសមសម្ដែងសិល្បៈនៅលើឆាកធំ ការទស្សនាតាមស្ដង់ពិព័រណ៍នានា ការប្រគំតន្ត្រី ព្រមជាមួយភ្លើងបំភ្លឺយ៉ាងអញ្ចាចនៅកណ្ដាលទីក្រុងបេតិកភណ្ឌមួយនេះ។

ការតាំងពិព័រណ៍សមិទ្ធផល ផលិតផលក្នុងស្រុក មហោស្រពម្ហូបអាហារ និងភេសជ្ជៈ រួមមានប្រមាណជាង ៣០០ស្តង់ ក្នុងនោះមានស្តង់ក្រសួង-ស្ថាប័នរដ្ឋមានប្រមាណ ៣០ស្តង់ ស្តង់ផលិតផលនាំចេញ និងស្តង់វិស័យទេសចរណ៍មានប្រមាណ ២០ស្តង់ ស្តង់ផលិតផលក្នុងស្រុកមាន ៥០ស្តង់ ស្តង់ផលិផលទូទៅមានប្រមាណ ១៥០ស្តង់ និងស្តង់វិថីម្ហូបអាហារមានចំនួន ៥០ស្តង់ទៀត ជាពិសេសការរៀបចំវិថីម្ហូបអាហារក្នុងក្រុងបាត់ដំបង (Food Street) ដែលសម្រាប់ជាគំរូទី២ដល់ខេត្តដទៃ។

ប្រជាពលរដ្ឋ អាជីវករមួយចំនួនបានចូលរួមលក់ដូរម្ហូបអាហារ នំចំណី ភេសជ្ជៈ ទឹកពិសាបរិសុទ្ធ របស់របរប្រើប្រាស់ ចម្លាក់ស្ពាន់-ឈើ ផលិតសិប្បកម្ម កសិផល សម្លៀកបំពាក់ វាយនភណ្ឌ និងផលិតផលទំនិញនានាផ្សេងទៀតយ៉ាងមមាញឹក រីឯប្រជាពលរដ្ឋមួយចំនួនក៏បានដើរទស្សនា ទិញដូររបស់របរ ទទួលទានអាហារ ពិសេសពួកគាត់បាននាំគ្នាថតរូបនៅតាមទីតាំងល្អៗមួយចំនួនទុកជាអនុស្សាវរីយ៍ និងបង្ហោះនៅតាមបណ្ដាញសង្គមផ្សព្វផ្សាយបន្តដល់មិត្តភក្តិ សាច់ញាតិដទៃឱ្យបានឃើញ និងមកទស្សនាកម្សាន្តតាមក្រោយ។

គួរជម្រាបថា នៅថ្ងៃបើកព្រឹត្តិការណ៍បុណ្យទន្លេជាផ្លូវការ នារាត្រីថ្ងៃទី១៤ ខែមីនាស្អែកនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមមន្ត្រី ថ្នាក់ដឹកនាំ គណៈប្រតិភូ មន្ត្រីរាជការ និងតំណាងស្ថានទូតបរទេសជាច្រើនរូបទៀត៕

Loading...