ទីក្រុងព្យុងយ៉ាងគំរាមវាយប្រហារដដែលៗទៅលើអាមេរិក និងកូរ៉េខាងត្បូង

ជាថ្មីម្តងទៀត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ កូរ៉េខាងជើងបានគំរាមវាយប្រហារកូរ៉េខាងត្បូងតាមផ្លូវយោធា ទ្រង់ទ្រាយធំ ប្រសិនបើទីក្រុងសេអ៊ូលមិនបញ្ឈប់ការឃោសនាដោយប្រើប្រដាប់បំពងសំឡេងនៅតាមព្រំដែនទេនោះ។ ទន្ទឹមគ្នានេះ ទីក្រុងព្យុងយ៉ាងក៏បានគំរាមវាយប្រហារអាមេរិកដោយប្រើអាវុធបរមាណូដ៏មហាប្រល័យលោកថែមទៀតផង ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងនោះទេដែលកូរ៉េខាងជើងបានចេញមុខគំរាមសម្លុតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលជាមហាអំណាចយោធានោះ។ តែការគំរាមជាថ្មីថ្ងៃនេះបានកើតមានឡើង បន្ទាប់ពីឧបទ្វីបកូរ៉េបានស្គាល់ភាពតានតឹងដោយសារតែមានការវាយប្រហារដោយបំផ្ទុះគ្រាប់មីនសម្លាប់ទាហានកូរ៉េខាងត្បូងចំនួនពីរនាក់ ដែលទីក្រុងសេអ៊ូលបានចោទទីក្រុងព្យុងយ៉ាងចំមុខ និងចំពេលដែលអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងពីគម្រោងធ្វើសមយុទ្ធរួមគ្នានាពេលខាងមុខ ។ ការកត់សម្គាល់មួយទៀត ការគំរាមរបស់កូរ៉េខាងជើងថ្ងៃនេះបានធ្វើឡើង ចំពេលដែលជប៉ុនបានប្រារព្ធខួបរម្លឹកការចាញ់សង្រ្គាមលោកលើកទី២ កាលពី៧០ឆ្នំាកន្លងមកហើយនោះ ។

បន្ទាប់ពីមានទាហានកូរ៉េខាងត្បូងពីរនាក់ស្លាប់ដោយគ្រាប់មីនមក ក្រុងសេអ៊ូលក៏បានសងសឹកតបវិញដោយបានផ្តើមយុទ្ធនាការឃោសនាជាថ្មីតាមប្រដាប់បំពងសំឡេងនៅតាមបណ្តោយព្រំដែនជាមួយក្រុងព្យុងយ៉ាង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ប្រដាប់បំពងសំឡេងនៅតាមព្រំដែននឹងចាប់ដំណើរជាលើកទី១ ក្រោយពីបានផ្អាកអស់រយៈពេល១១ឆ្នំាមក និងថា ខ្លឹមសារនៃសំឡេងឃោសនានោះ គឺបរិហារពីការបង្ករឿងរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្រុងព្យងយ៉ាងបានបដិសេធចំពោះការចោទប្រកាន់របស់ក្រុងសេអ៊ូលដែលថា កូរ៉េខាងជើងជាអ្នកនៅពីក្រោយព្រឹត្តិការណ៍ផ្ទុះគ្រាប់មីនសម្លាប់ទាហានកូរ៉េខាងត្បូងពីរនាក់កាលពីថ្ងៃទី៤ សីហាកន្លងទៅ។ ទន្ទឹមគ្នានេះ ក្រុងព្យុងយ៉ាងបានគំរាមបើកការវាយប្រហារតាមផ្លូវយោធាក្រោមទ្រង់ទ្រាយធំ ប្រសិនបើក្រុងសេអ៊ូលមិនបញ្ឈប់ការឃោសនាតាមប្រដាប់បំពងសំឡេងនៅតាមបណ្តោយព្រំដែន ។

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានបញ្ជាក់ថា កូរ៉េខាងជើងក្រៅពីគំរាមវាយប្រហារកូរ៉េខាងត្បូង នៅថែមទាំងព្រមានវាយប្រហារអាមេរិកំាង ដោយប្រើអាវុធនុយក្លេអ៊ែរថែមទៀតផង ប្រសិនបើសមយុទ្ធរវាងទាហានអាមេរិក នឹងទាហានកូរ៉េខាងត្បូងនឹងចាប់ផ្តើមនៅថ្ងៃទី១៧ សីហាសប្តាហ៍ក្រោយ តាមការគ្រោងទុកមែននោះ ៕

sxsas
លោក គីម ជុងអ៊ុន និងមេយោធាជាន់ខ្ពស់ ខណៈចុះត្រួតពិនិត្យ​ការធ្វើ​សមយុទ្ធ​របស់កងកម្លាំងទាហាន
dwew
កាមជ្រួចមីស៊ីលរបស់កងកម្លាំងយោធាកូរ៉េខាងត្បូង និងអាមេរិក​ ធ្វើ​សមយុទ្ធរួមគ្នា នាពេលកន្លងមក
fre
ឧទ្ធម្ភាគចក្រ​ជាច្រើនគ្រឿង​របស់កម្លាំងយោធាអាមេរិក និងកូរ៉េខាងត្បូង​ធ្វើសមយុទ្ធ​នៅព្រំដែន
we
រថពាសដែក​ច្រើនរយគ្រឿង​របស់កូរ៉េខាងត្បូង និងអាមេរិកចូលរួមធ្វើសមយុទ្ធ នាពេលកន្លងមក
Loading...

Leave a Reply

Your email address will not be published. Required fields are marked *