ទីចាត់ការឃោសនាព័ត៌មានអគ្គបញ្ជាការប្រកាសថ្កោលទោសអាមេរិក និងប្រកាសគាំទ្រសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋាន និងសេចក្តីថ្លែងការរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង

លោកឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនាយកទីចាត់ការឃោសនាពត៌មានព្រមទាំងនាយទាហាននាយទាហានរង និងពលទាហានទាំងអស់នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨នេះបានប្រកាសថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ។ នាយទាហាននាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទមានការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់សហរដ្ឋអាមេរិកមកលើនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ។

បន្ថែមពីនេះ លោកឧត្ដមសេនីយ៍ឯក ខឹម សន ក៏បានប្រកាសគាំទ្រនូវសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងសេចក្តីថ្លែងការរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគាអាមេរិកដោយចោទប្រកាន់គ្មានមូលដ្ឋានពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស ។

លោកឧត្ដមសេនីយ៍ឯក ខឹម សន បានបញ្ជាក់យ៉ាងដូច្នេះថា៖«អ្វី ដែលសហរដ្ឋអាមេរិកសម្រេចនេះគឺជាការរំលោភច្បាប់ និងការបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ ។ ម្យ៉ាងទៀតការសម្រេច ដែលធ្វើឡើងតាមទំនើងចិត្តរបស់សហរដ្ឋអាមេរិកនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំទាំងអស់គ្នាពិតជាពុំអាចទទួលយកបានឡើយ» ។

លោកឧត្ដមសេនីយ៍ឯក ខឹម សន ក៏បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះវិធានការនេះហើយអំពាវនាវឲ្យក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មណាមួយមកលើសមាជិក នៃកងយោធពលខេមរភូមិន្ទ ។

សូមបញ្ជាក់ថាប្រតិកម្មភ្លាមៗរបស់កងយោធពលខេមរភូមិន្ទបានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេចនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ដោយដាក់ទណ្ឌកម្មនាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស៕

Loading...