ទីតាំងធ្វើអាជីវកម្មហ្គាស០២កន្លែងក្បែរផ្សារកណ្តាលខណ្ឌដូនពេញត្រូវបាននគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យរាជធានីភ្នំពេញចុះត្រួតពិនិត្យធ្វើអាជីកម្មខុសច្បាប់អប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្ម 

រាជធានីភ្នំពេញ៖
​ទីតាំងធ្វើអាជីវកម្មលក់និងបញ្ចូលហ្គាសចំនួន០២កន្លែងនៅចំណុចម្តុំទីប្រជុំជនផ្សារកណ្តាល ខណ្ឌដូនពេញរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យហើយរកឃើញថាទីតាំងធ្វើអាជីវកម្មហ្គាសទាំង០២កន្លែងនោះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ និងមានបញ្ហាប្រឈមកើតហានីភ័យខ្ពស់បង្កជាគ្រោះអគ្គិភ័យ ត្រូវបានកម្លាំងនគរបាលការិយាល័ជំនាញ អប់រំណែនាំម្ចាស់អាជីវកម្មនិងឱ្យធ្វើកិច្ចសន្យាដើម្បីបញ្ឆប់អាជីវកម្ម ក្នុងការបញ្ចៀសបញ្ហាគ្រោះថ្នាក់អគ្គិភ័យជាយថាហេតុ ។

ការចុះត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មហ្គស បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ពីកម្លាំងនគរបាលបង្ការ ពន្លត់និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការចូលរួមសហការពីនគរបាលអធិការដ្ឋានខណ្ឌដូនពេញ និងអាជ្ញាធរដែនដី ។

ការចុះត្រួតពិនិត្យនោះអនុវត្តតាមបទបញ្ជាដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលកាលពីអំឡុងខែកក្កដា កន្លងទៅនេះដឹកនាំកិច្ចជុំដាក់វិធានការទៅផែនការងារបង្ការ ពន្លត់ អគ្គិភ័យ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះផ្សព្វផ្សាយអប់រំ អំពីវិធានការបង្ការទប់ស្កាត់អគ្គិភ័យ នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ក្រោយកើតមានហេតុការណ៍ករណីអគ្គិភ័យកើតឡើងនៅចំណុចផ្ទះធ្វើអាជីវកម្មលក់ហ្គាសមួយកន្លែងកាលពីល្ងាចថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះស្ថិតនៅភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សស្លាប់០៤នាក់និង០៥នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល។

​លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានប្រាប់ឱ្យដឹងថា ទីតាំងធ្វើអាជីវកម្មហ្គាសទាំង០២កន្លែងនៅចំណុចផ្សារកណ្តាល ខណ្ឌដូនពេញ គឺធ្វើអាជវីកម្ម គ្មានច្បាប់ ធុងនិងកំប៉ុងហ្គាសមួយចំនួនចាស់និងច្រេះ ការផ្ទេរបញ្ចូលហ្គាសពីធុងធំ មកកំប៉ុងតូចៗគ្មានបច្ចេកទេសត្រឹមត្រូវដែលមានហានីភ័យងាយកើតនូវគ្រោះអគ្គិភ័យ។

​លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា កិច្ចការងារនេះកម្លាំងនគរបាលការិយាល័យជំនាញនិងបន្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីចុះត្រួតពិនិត្យនិងអប់រំដល់ម្ចាស់អាជីវកម្មហ្គាសផ្សេងទៀតឱ្យនាំគ្នាចូលរួមអនុវត្តវិធានការបង្ការអគ្គិភ័យ ដើម្បីធានាបានសុខសុវត្ថិភាពគ្រប់គ្រាន់។

​សូមបញ្ជាក់ថាកិច្ចការងារបង្ការអគ្គិភ័យក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបង្ការអគ្គិភ័យ កាលពីអំឡុងខែកក្កដា កន្លងទៅនេះក៏បានណែនាំឱ្យបង្កើតក្រុមការងារដើម្បីចុះទៅផ្សព្វផ្សាយអប់រំម្ចាស់ទីតាំងបើកអាជីវកម្មលក់ហ្គាស អេតចាយ និងសាំងដប និងទីតាំងអាជីវកម្មផ្សេងទៀត ដែលមានហានីភ័យ ប្រឈមបញ្ហាកើតឡើងគ្រោះអគ្គិភ័យ ធ្វើយ៉ាងណាពន្យល់អំពីផលគ្រោះថ្នាក់អគ្គិភ័យ និងវិធានការបង្ការ ឱ្យពួកគាត់យល់ដឹងនិងចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់អគ្គិភ័យឱ្យមានប្រសិទ្ធភាព៕
​ 

Loading...