ទីតាំងអិនធើណេតបង្កប់ល្បែងហ្គេមបាញ់ត្រី និងល្បែងស៊ីសងភ្នាល់អនឡាញ គ្មានយីហោ នៅមុខផ្លូវចូលខារ៉ាអូខេសូលបើក២៤ម៉ោង

ភ្នំពេញៈ ទីតាំងអិនធើណេតបង្កប់ល្បែងហ្គេមបាញ់ត្រី និងល្បែងស៊ីសងភ្នាល់អនឡាញ គ្មានយីហោ នៅមុខផ្លូវចូលខារ៉ាអូខេសូល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកលេងយ៉ាងរំភើយ ទោះជាអាជ្ញាធរ និង សមត្ថកិច្ច នៅទឹកដីនេះធ្លាប់បង្រ្កាប៣ដងរួចមកហើយ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អោយដឹងថា ទីតាំង អិនធើណេតបង្កប់ល្បែងស៊ីសង គ្មានយីហោមួយនេះបានដាក់កាមេរ៉ាសុវត្ថិភាពនៅខាងមុខចំនួន 2 ដើម្បីងាយស្រួលក្នុងការមើលនៅពេលដែលសមត្ថកិច្ចចុះទៅពិនិត្យម្ដងៗធ្វើឲ្យពួកគេបានដឹងមុនរួចនាំគ្នាបិទទ្វារលើកសម្ភារៈវត្ថុតាងចេញអស់។

ប្រជាពលរដ្ឋនៅទីនោះបានលើកឡើងបន្ថែមទៀតថា ទីតាំងអ៊ីនធឺណិតគ្មាននេះឱបនេះពួកគាត់ធ្លាប់លើកឡើងនៅក្នុងកម្មវិធីវេទិកាសាធារណៈបង្រ្កាបក្រោយមកលោកអភិបាលនៃគណៈអភិបាលខណ្ឌបានធ្វើការចុះបង្ក្រាបចំនួនបីដងប៉ុន្តែទោះជាយ៉ាងណាក៏ទីតាំងមួយនេះនៅតែបន្តបើកមកទល់សព្វថ្ងៃនេះ។

ទីតាំងណេតខាងលើនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ។ តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងស៊ីសងពេញបន្ទុកយ៉ាងនេះ ។

ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្បែរខាងនោះបានសំណូមពរដល់លោកថេង សុថុល អភិបាលខណ្ឌចំការមននិងលោកយិន សាន អធិការខណ្ឌចំការមន មេត្តាធ្វើការបង្ក្រាប ព្រោះពួកគាត់ទទួលការភ័យខ្លាចជារៀងរាល់ថ្ងៃដោយសារក្មេងពួកក្មេងទំនើងចូលលេងនៅទីនោះបង្កភាពអសកម្មនៅមុខផ្ទះគាត់ក៏ដូចជាមុខទីតាំងអ៊ីនធឺណិតមួយនេះ។

គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញា និង ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌទាំង១៤ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរ ដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ៕

Loading...