ទីតាំង២១កន្លែងទៀត ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ

ភ្នំពេញ៖ ទីតាំងចំនួន ២១កន្លែងទៀត ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញហើយ ក្រោយពីទីតាំងទាំងនោះបានបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់។ នេះបើយោងតាមតារាងទីតាំង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញជូនដំណឹងជាសាធារណៈ នៅថ្ងៃ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

ទន្ទឹមនឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឱ្យរដ្ឋបាលខណ្ឌ ធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំង ដោយគោរពតាមលក្ខខណ្ឌ ៣ដូចខាងក្រោម គឺ ១- គោរពតាមវិធានការ ៣ការពារ និង៣កុំ ។ ២-អនុវត្តន៍វិធានការក្រសួងសុខាភិបាល ។ ៣-ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខ ខណ្ឌ ដើម្បីការពារ និងទប់ស្កាត់មេរោគកូវីដ១៩។

សូមបញ្ជាក់ថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន ដែលបង្ខំឱ្យទីតាំងជាច្រើន ត្រូវបានបិទជាបណ្តោះអាសន្ន ក្នុងន័យទប់ស្កាត់ការរីករាលដាលជំងឺនេះ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ចំនួន១នាក់ និង២នាក់ទៀត ស្លាប់ដោយសារការប្រើ(រើ)ថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ- ១៩ ៕

Loading...