ទីបំផុតម្ចាស់ចំការអំពៅសងសំណងពលរដ្ឋរឿងយកគ្រឿងចក្រចាប់សត្វគោបណ្តាលឲ្យងាប់ និងរបួស

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយរឿងក្រុមហ៊ុនចំការអំពៅយកគ្រឿងចក្រមកចាប់បណ្តាលអោយសត្វគោងាប់៣ក្បាល និងរបួស២ក្បាលនោះ គឺអាជ្ញាធរស្រុក និងតំណាងក្រុមហ៊ុនបានចុះទៅសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។

លោក ប៊ុន វិចិត្រអភិបាលរង ស្រុកឱរ៉ាល់បានឲ្យដឹងថា ដោយក្រុមហ៊ុនចំការអំពៅបានយកគ្រឿងចក្រទៅចាប់សត្វគោ បណ្តាលអោយងាប់គោ ៣ ក្បាល និងរបួស ២ ក្បាល ។ នៅព្រឹកថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចំនួន ៤ គ្រួសារ នៅភូមិ សាមគ្គី ឃុំរស្មីសាមគ្គី ដែលគោរបស់គាត់ ត្រូវបាន ក្រុមហ៊ុនដាំអំពៅ ឈ្មោះ ជឿង បានយករថយន្តដេញបុកបណ្តាលអោយងាប់ ចំនួន ៣ ក្បាល និងរបួស ២ ក្បាល លោកមួង ធីអភិបាលស្រុកក៏ បានចាត់តាំងអោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុក រួមជាមួយអាជ្ញាធរ ឃុំ ភូមិ និងកំលាំងសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងដោះស្រាយ ។

សេចក្តីរាយការណ៍ឲ្យដឹងថា នៅក្នុងការសម្របសម្រួលដោះស្រាយខាងក្រុមហ៊ុនចំការអំពៅបាន យល់ព្រមសងជាថវិកាម្ចាស់គោទាំង ៤ គ្រួសារ ដែលមាន៖ ១- លោកស្រី សែម ម៉ឺន ទទួលបានសំណង ៤៥០ ដុល្លារ, ២- លោកស្រី អួក ណាង ៥០០ ដុល្លារ, ៣- លោកស្រី ជា សាត ៥៥០ ដុល្លារ និង ៤- លោកស្រី បូ រីម 950 ដុល្លារ ។

ជាមួយគ្នានេះដែរ អាជ្ញាធរបានសំណូមពរឲ្យភាគីទាំងសងខាងធ្វើកិច្ចសន្យា៖ ក្រុមហ៊ុន ត្រូវធ្វើរបងអោយជិត ដើម្បីកុំអោយគោចូលស៊ីអំពៅទៀត និងមិនប្រើហិង្សា ដូចពេលនេះទៀតទេ ។ ប្រជាពលរដ្ឋ ត្រូវមើលគោរបស់ខ្លួន មិនត្រូវអោយគោចូលចំការអំពៅទៀតឡើយ ចៀសវាងមានរឿងកើតឡើត ៕ មណ្ឌលច្បារមន

Loading...