ទីបំផុត លោកស្រី មួរ សុខហួរ មិនត្រូវបានក្រុមហ៊ុនយន្តហោះអាមេរិក អនុញ្ញាតឲ្យឡើងយន្តហោះទេ

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកស្រី មួរ សុខហួរ ត្រូវបានមន្ត្រីនៅព្រលានយន្តហោះអាមេរិក Los Angeles International Airport មិនអនុញ្ញាតឲ្យឡើងយន្តហោះធ្វើដំណើរមកកាន់ សឹង្ហបុរី ដើម្បីបន្តមកកាន់កម្ពុជាទេ។ ដោយសារលោកស្រី មួរ សុខហួរ គ្មានឯកសារផ្លូវច្បាប់គឺទិដ្ឋាការ សម្រាប់ការធ្វើដំណើរ។

លោកស្រី មួរ សុខហួរ បានប្រើលិខិតឆ្លងដែនអាមេរិករបស់ខ្លួនក្នុងការព្យាយាមធ្វើដំណើរ«តាមរបៀបភូតកុហកថា មកកម្ពុជា»។

ទីបំផុត ក្រុមហ៊ុនយន្តហោះអាមេរិកមិនអនុញ្ញាតឲ្យលោកស្រី មួរ សុខហួរ ឡើងយន្តហោះទេ។ ក្រុមមនុស្សមួយចំនួនទៀតជាគូកនរបស់លោកស្រី មួរ សុខហួរ ក៍បានប្រកាសលុបការវិលត្រឡប់នេះដែរ។ ទីបំផុត ផែនការវិលត្រឡប់នេះបរាជ័យ និងជាការបោកប្រាស់ ដូចករណី សម រង្ស៊ី ដែរ។

គេបានដឹងរួចហើយថា វានឹងមិនអាចធ្វើដំណើរបានទេ ប្រសិនបើគ្មានឯកសារគ្រប់គ្រាន់។ កុំថាឡើយអ្នកនយោបាយ សូម្បីតែពាណិជ្ជករ អាជីវករ ឬប្រជាជនធម្មតា ដែលចង់ធ្វើដំណើរឆ្លងប្រទេស ក៏ក្រុមហ៊ុនអាកាសចរ មិនអនុញ្ញាតឲ្យឡើងយន្តហោះដែរ បើ «បុគ្គលនោះ គ្មានឯកសារធ្វើដំណើរគ្រប់គ្រាន់តាមផ្លូវច្បាប់»។ នេះគឺជាច្បាប់។ មន្ត្រីអាមេរិកបានបង្រៀនលោកស្រី មួរ សុខហួរ និងគូកនអំពីបញ្ហានេះរួចហើយ។ មន្ត្រីខ្មែរមិនតបត ជាមួយនឹងក្រុមសម្តែងនយោបាយបោកប្រាស់ មួរ សុខហួរ ទេ។

អ្វីៗដែលលោកស្រី មួរ សុខហួរ ធ្វើនេះគ្រាន់ជាការសម្តែងបោកប្រាស់ប៉ុណ្ណោះ។ តាមផ្លូវច្បាប់ «លោកស្រី មួរ សុខហួរ គ្មានសិទ្ធិប្រើលិខិតឆ្លងដែនការទូតខ្មែរនោះទេ ព្រោះលោកស្រីគ្មានតួនាទីអ្វីទាំងអស់ក្នុងសភា ឬជារាជការខ្មែរ ដែលអាចមានសិទ្ធិប្រើលិខិតឆ្លងដែនកម្រិតខ្ពស់នេះទេ»។

លិខិតឆ្លងដែនការទូត ដែលក្រសួងការបរទេសចេញជូនបាន គឺសម្រាប់តែមន្ត្រីជាន់ខ្ពស់ក្នុងមុខងារដែលមានសិទ្ធិប្រើប្រាស់ប៉ុណ្ណោះ។ លោកស្រី មួរ សុខហួរ ក៍គួរយល់ថា សូម្បី ឋានៈជា «ជំទាវ» ក៍បាត់បង់ដែរ ពីព្រោះលោកស្រីគ្មានតំណែងជំទាវនេះទេ។ ឋានៈពិតរបស់លោកស្រី គឺជា «ជនជាប់ចោទ» ដែលកំពុងគេចវេសពីផ្លូវច្បាប់៕

Loading...