ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយ រងគ្រោះជិត ៦០០គ្រួសារ នៅក្នុងខេត្តកំពង់ធំ !

 

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋក្រីក្រ រងគ្រោះ និងងាយរងគ្រោះជិត ៦០០គ្រួសារ បានទទួលអំណោយពី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ លោក ខាន់ ខុន ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaRealEstateco.Lt) នៅព្រឹកថ្ងៃទី២៩កញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

អំណោយមនុស្សធម៌ទាំងនោះ ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋ ចំនួន ៥៦០គ្រួសារ មកពី ៦ឃុំ-សង្កាត់ ក្នុងនោះមកពីឃុំកកោះ ឃុំតាំងក្រសាំង ឃុំត្បូងក្រពើ នៃស្រុកសន្ទុក ចំនួន ២៨០គ្រួសារ ,មកពីសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ៧០គ្រួសារ ,មកពីឃុំសានគរ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចំនួន ២១០គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបានអង្ករ មី និងទឹកត្រី សម្រាប់ដោះស្រាយការខ្វះខាត ក្នុងគ្រួសារ។

លោក ខាន់ ខុន បានថ្លែងថា សមាគមបេសកកម្មដំណឹងល្អ តែងតែយកចិត្តទុកដាក់ គិតគូរពី សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ឬជនងាយរងគ្រោះនានាទៀត ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោកបាន បន្តថា ការផ្តល់អំណោយជូននៅក្នុងពេលនេះ ដើម្បីជួយសម្រាល នូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ បានមួយគ្រាដែរ បើទោះបីជាអំណោយដែលចែកជូននេះ មានចំនួនតិចតួចក៏មែនពិត តែនេះជាការចែក រំលែក នូវក្តីស្រឡាញ់ ចំពោះបងប្អូន។

លោក ខាន់ ខុន បានផ្តាំផ្ញើប្រជាពលរដ្ឋ ឲ្យខិតខំថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគទឹកស្អាត ត្រូវគេងក្នុងមុង និងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ ឲ្យបានជាប្រចាំ ចៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ជាពិសេស ត្រូវបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។ ក្រៅពីនេះ ក៏ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការ ដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយលើកស្ទួយកម្រិតជីវភាពរស់នៅ ឲ្យមានលក្ខណៈសមរម្យ និងកាត់ បន្ថយការចំណាយប្រចាំថ្ងៃ ផងដែរ។

លោកទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមចែករំលែក ក្តីស្រឡាញ់ឲ្យបានច្រើន ដើម្បីរស់នៅមានសន្តិភាព នៅក្នុងគ្រួសារ និងសង្គមជាតិ ទាំងមូល ៕

 

 

Loading...