ទឹកធ្លាក់ព្រះនិម្មិត ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ជាប់នឹងព្រំដែនប្រទេសឡាវ គឺជារមណីដ្ឋានដ៏គួរជាទី ទាក់ទាញមួយរបស់ម្ពុជា !

ខេត្តព្រះវិហារ៖ អ្នកទេសចរភាគច្រើន ដែលបានធ្វើដំណើរទៅកំសាន្ត នៅខេត្តព្រះវិហារ តែងបាន ឈ្លាតឧិកាសទៅគយគន់ទឹកធ្លាក់ព្រះនិម្មិត មិនដែលខកខាននោះឡើយ បើទោះបីជារមណីដ្ឋានមួយនេះ មានចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ក៏ដោយ ។

ដើម្បីទៅដល់រមណីដ្ឋានព្រះនិម្មិត ឬទឹកជ្រោះព្រះនិម្មិត ភ្ញៀវទេសចរអាចធ្វើដំណើរ ចេញពីក្រុង ព្រះវិហារ តាមផ្លូវជាតិលេខ៩ ក្នុងរយះចម្ងាយប្រមាណជា ១៥០គីឡូម៉ែត្រ នៅលើមធ្យោបាយធ្វើដំណើរ ដោយរថយន្ត ឬម៉ូតូ ដោយចេញពីក្រុងព្រះវិហារ មកដល់ទីរួមស្រុកឆែប មានចម្ងាយប្រមាណ ៥៦គីឡូម៉ែត្រ លុះមកដល់ចំណុចផ្លូវបំបែក អ្នកទេសចរត្រូវបន្តដំណើរលើផ្លូវក្រាលគ្រួសក្រហម ១ខ្សែទៀត មានចម្ងាយ ប្រមាណ ៩៤គីឡូម៉ែត្រ ដោយឆ្លងកាត់តាមភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប នោះនឹងទៅដល់ទីប៉ងប្រាថ្នា នោះហើយ។

ទឹកធ្លាក់ព្រះនិម្មិត ត្រូវគេនិយាយថា គឺជាគ្រាប់ពេជ្រមានតម្លៃ ដែលកំពុងលាក់ខ្លួននៅកណ្តាល ប៉ប្រះទឹក និងផ្ទាំងថ្មដា នៃដងទន្លេមេគង្គកម្ពុជា មានទីតាំងស្ថិតនៅក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

នៅពេលទៅដល់ទីឈប់សំចត នៃទឹកធ្លាក់ព្រះនិម្មិត អ្នកទេសចរនឹងឮសន្ធឹកទឹកហូរ កាត់ផ្ទាំងសិលា តូចធំ ទាបខ្ពស់ នោះហើយគឺជាអត្តសញ្ញាណដ៏ល្អឯក នៃទឹកធ្លាក់ព្រះនិម្មិត ល្បាក់ខោន ឬទឹកជ្រោះ ព្រះនិម្មិត ដែលជាទីទាក់ទាញចិត្តដល់អ្នកទេសចរ ឲ្យចង់ឃើញ និងចង់គយគន់ យ៉ាងហោចបានម្តង ក្នុងមួយជីវិតរស់នៅ។
មគ្គុទេសទេសចរធ្លាប់បាននិយាយថា មិនថារដូវប្រាំង ឬរដូវវស្សានោះឡើយ សម្រស់ទឹកធ្លាក់ ព្រះនិម្មិ អាចអន្ទងចិត្តអ្នកទេសចរ ឲ្យលិចលង់ទៅក្នុងជម្រៅនៃព្រះគង្គារ ដែលកំពុងហូរធ្លាក់បែកផ្សែង ហើយទេសភាពនៅទីនោះ តែងបានផ្លាស់ប្តូរទៅតាមរដូវកាលឥតឈប់ឈរ ជាពិសេស នៅពេល ព្រះអាទិត្យរៀបអស្តង្គត ធ្វើឲ្យរស្មីនៃព្រះទិន្នករ ចែងចាំងទៅលើផ្ទៃទឹក និងផ្ទាំងថ្មដា បង្កើតបានជាពន្លឺ ភ្លឺផ្លេកដូចពណ៌មាស ប្រៀបបានទៅនឹងដូរតន្ត្រីធម្មជាតិ បន្លឺឡើងក្នុងជំនោរត្រជាក់ ផាយផាត់រសាត់មកប៉ះ កាយា ឲ្យលង់លក់ទៅនឹងស្នូរទឹកជ្រោះហូរធ្លាក់ យ៉ាងពិរោះរងំរណ្តំចិត្ត ។

អ្នកមគ្គុទេស បាននិយាយទៀតថា អ្នកទេសចរ កាលបើបានទៅដល់ទឹកធ្លាក់ទឹកព្រះនិម្មិតនោះ ហើយ ច្បាស់ជាជំពាក់ចិត្តដល់ទីឋានដ៏សែនមនោរម្យនេះ ដោយពុំចង់ឃ្លាតចាកឆ្ងាយពីទីនោះឡើយ ថ្វីត្បិតតែតំបន់ទឹកធ្លាក់ព្រះនិម្មិតនេះ នៅឆ្ងាយដាច់ស្រយាលពីដីក្រុងក៏មែនពិត ប៉ុន្តែ សក្ដានុពលធម្មជាតិ ដ៏ស្រស់បំព្រង បានទាក់ទាញអារម្មណ៍ អ្នកទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីកក្នុងប្រទេស ឲ្យរូតរះដំណើរ ចូលមកទស្សនាផ្ទាំងទស្សនីយ៍ភាពធម្មជាតិនេះ មិនដែលខកខានោះទេ មិនចំពោះថ្ងៃបុណ្យ ជាតិ បុណ្យប្រពៃណី បុណ្យទាននានា ឬថ្ងៃឈប់សម្រាកចុងសប្តាហ៍នោះឡើយ។

អ្នកទេសចរមកពីខេត្តស្ទឹងត្រែង លោក ឡុង លីប៉ូ បានថ្លែងកោតស្ញប់ស្ញែង ចំពោះទេសភាពទឹកធ្លាក់ ព្រះនិម្មិត ដ៏គួរជាទីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាយ៉ាងច្រើនកុះករគួរជាទីមោទនៈ ប៉ុន្តែ លោកបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មន្ទីរទេសចរណ៍ខេត្ត ក៏ដូចជាសហគមន៍ ទេសចរណ៍ក្នុងតំបន់ មេត្តាជួយរៀបចំសេវាចំណីអាហារ និងទីសម្រាកលំហែរកាយឲ្យបានត្រឹមត្រូវ និងល្អ ប្រសើរជាងនេះ ទើបអាចទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកម្សាន្តបានកាន់តែច្រើនថែមទៀត  ។

អ្នកទេសចរដូចគ្នានោះដែរ អ្នកស្រី ឡុង សុគន្ធា បានថ្លែងរកការអំពាវនាវ ដល់ភ្ញៀវដែលបាន ចូលមកទស្សនាកម្សាន្ត នៅតំបន់រមណីដ្ឋានព្រះនិម្មិត ក៏ដូចជាតំបន់រមណីដ្ឋាននានាទៀត ក្នុងខេត្ត ព្រះវិហារ សូមកុំចោលសម្រាមពាសវាលពាសកាល ត្រូវធ្វើការវេចខ្ចប់ឲ្យបានត្រឹមត្រូវ នាំយកទៅដាក់នៅ ក្នុងធុងសម្រាម ដើម្បីថែរក្សាបរិស្ថាននៅទីនេះឲ្យបានស្អាត។ លោកស្រីថា ប្រសិនបើបរិស្ថានស្អាត សុខភាពយើងក៏ល្អ រីឯអ្នកទេសចរក៏ចូលមកកម្សាន្តកាន់តែច្រើន ដូច្នេះ យើងត្រូវរួមគ្នាសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់ តម្លៃបរិស្ថានជាតិ ឲ្យល្អផូរផង់ជានិច្ច ។

តំណាងក្រុមហ៊ុន សុវណ្ណ រីសត ដែលសង់រីសតនៅប្របនឹងដងទន្លេមេគង្គ នៃរមណីយដ្ឋានទឹកធ្លាក់ ព្រះនិម្មិត លោក សេង សម្ផស្ស បានប្រាប់ឲ្យដឹងថា នៅគ្រប់រដូវកាលទាំងអស់ ភ្ញៀវទេសចរតែងបាន ចូលមកស្នាក់នៅ ដើម្បីគយគន់ទេសភាព និងពិសាអាហារនៅទីនេះ ហើយភ្ញៀវមានចំនួនច្រើន តែនៅក្នុង រដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដូវចូលឆ្នាំចិន និងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប៉ុណ្ណោះ។ លោកថា នៅក្នុងឆ្នាំ ២០២០នេះ មានការខុសប្លែកពីឆ្នាំមុនៗ ដោយសារតែបញ្ហាការរីករាលដាល នៃជំងឺកូ-វីដ១៩ បែរជាមានភ្ញៀវ ទេសចរមកកម្សាន្ដច្រើន មិនថាថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃឈប់សម្រាកផ្សេងៗ នោះឡើយ ហើយថ្ងៃខ្លះមាន ភ្ញៀវរហូតដល់ទៅជាង ១ពាន់នាក់ ឯណោះ ។

អាជីវករលក់ដូរម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ លោក សាគីន ឡុង បានថ្លែងថា លោកបានត្រៀម ជានិច្ច នូវម្ហូបអាហារ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ ទុកលក់ជូនភ្ញៀវដែលកមកកម្សាន្ត ក្នុងតម្លៃ សមរម្យប៉ុណ្ណោះ ហើយចំពោះការលក់ដូរម្ហូបអាហារនេះ លោកក៏បានអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ ស្កាត់ ការឆ្លងពីជំងឺកូវីដ១៩ ជូនអ្នកទេសចរបានយ៉ាងខ្ជាប់ខ្ជួន ផងដែរ ។

អភិបាលស្រុកឆែប លោក សុខសាន្ដ តារា បានថ្លែងថា ដោយសារតែភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅលេងទឹកធ្លាក់ព្រះនិម្មិតជាបន្តបន្ទាប់នោះ ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ទឹកធ្លាក់នោះ មានមុខ របរថ្មីមួយបន្ថែមទៀត ធ្វើឲ្យពួកគាត់មានជីវភាពធូរធាមួយកម្រិត តាមរយះការរកកម្រៃពីវិស័យទេសចរណ៍ ដូចជាការលក់ដូរម្ហូបអាហារ ភេសជ្ជៈ និងការលក់ដូរវត្ថុអនុស្សាវរីយ៍ជាដើម។ លោកអភិបាលស្រុកបាន បញ្ជាក់ថា អាជ្ញាធរបានត្រៀមជានិច្ច ដើម្បីទទួលការអញ្ជើញមកលេង របស់បងប្អូនប្រជាពលរដ្ឋ និងអ្វីដែល សំខាន់ជាងគេនោះ គឺការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនាម័យ ជាពិសេស ការអនុវត្តន៍ វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មិនឲ្យបងប្អូនព្រួយបារម្ភឡើយ ។

សូមជម្រាបថា យោងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានបង្ហាញថា នៅក្នុងរយះ ពេល ៧ថ្ងៃ នៃថ្ងៃឈប់សម្រាកកន្លងមកនេះ ដោយចាប់គិតពីថ្ងៃទី១៧សីហា ដល់ថ្ងៃទី២៣សីហាឆ្នាំ២០២០ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្ត នៅតំបន់ រមណីដ្ឋាន និងសហគមន៍នានា ដែលជាគោលដៅទេសចរណ៍ក្នុងខេត្ត មានចំនួន ៧ម៉ឺន ១ពាន់ ២៦៥នាក់ ក្នុងនោះភ្ញៀវជាតិ ៧ម៉ឺន ៩៥៥នាក់ និងភ្ញៀវអន្តរជាតិ ៣១០នាក់ ដោយភ្ញៀវទាំងអស់ បានទៅទស្សនា កម្សាន្តច្រើនជាងគេ មានតំបន់ទេសចរ ៩កន្លែង គឺរមណីយដ្ឋានប្រាសាទព្រះវិហារ ប្រសាទកោះកែរ ប្រាសាទព្រះខាន់កំពង់ស្វាយ ទឹកធ្លាក់ព្រះនិម្មិត ទឹកធ្លាក់បុស្សស្បូវ រមណីយដ្ឋានភ្នំត្បែង សហគមន៍ សេដ្ឋកិច្ចរុងរឿង សហគមន៍ភ្នំត្បែងបាក់កាំ សហគមន៍ទំនប់ ៩៥ និងសហគមន៍ទំនប់អូរស្វាយ ។ ក្រៅពីការធ្វើដំណើរឆ្លងកាត់ អ្នកទេសចរក៏បានចូលទស្សនា ទីតាំងផ្សេងៗជាច្រើនទៀត ដួចជា ប្រសាទ ក្រពុំឈូក ជាដើម។ល៕

Loading...