ទឹកប្រាក់ប្រហែល ២៤.៨ លានដុល្លាអាមេរិក គ្រោងវិនិយោនៅតំបន់ជាប់មាត់សមុទ្រ ក្នុងស្រុកកំពង់ត្រាច

(ខេត្តកំពត)៖ ក្រុមហ៊ុន Gold Coast International Development Co.,LTD គ្រោងបោះទុនវិនិយោគប្រហែល ២៤.៨ លានដុល្លាអាមេរិក លើផ្ទៃដីទំហំប្រមាណ៤២ហិកតា ស្ថិតនៅភូមិថ្កូវ ឃុំប្ញស្សីស្រុក ខាងលិចស្រុកកំពង់ត្រាច ខេត្តកំត ។ ជំនួបពិភាក្សាមួយ ដែលបានធ្វើឡើង រវាង លោក ជាវ តាយ អភិបាលខេត្តកំពត នឹង អគ្គនាយកក្រុមហ៊ុន ព្រមទាំងមន្ត្រី ពាក់ព័ន្ធ ប្រមាណ៤០រូបកាលពីរសៀលថ្ងៃទី១៣ខែសីហាឆ្នាំ២០២០នៅ សាលាខេត្តកំពត។

ថ្លែងក្នុងជំនួបពិភាក្សានោះ លោក ជាវ តាយ អភិបាលខេត្ត
បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគ ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅលើទឹកដីខេត្តកំពត ។

លោក ជា តាយ មានប្រសាសន៍ថា រដ្ឋបាលខេត្ត ទទួលយកសំណើសុំវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD ដើម្បីរដ្ឋបាលខេត្តរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ រួចគោរពស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យនិងសម្រេចលើគម្រោងស្នើសុំនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់សំណើសុំវិនិយោគលើផ្ទៃដីទំហំ ៤២ ហិកតា ជាតំបន់ជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីធ្វើការវិនិយោគ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រហែល ២៤,៨ លានដុល្លាអាមេរិក៕

Loading...