ទុស្សេខ្សែភ្លើងឆេះរោងចក្រកាត់ដេរសំលៀកបំពាក់នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ អណ្តាតភ្លើងសន្ធោសន្ធៅបានលេបត្របាក់រោងចក្រកាត់ដេរសំលៀកបំពាក់យីហោ ហ៊ីង ហាយ ហ្វេង ទាំងស្រុង បណ្តាលឲ្យស្រ្តីម្នាក់ជាជនជាតិចិននិងជាប្រពន្ធថៅកែរោងចក្រមានការរន្ធត់ពេកបានដួលសន្លប់ ហេតុការណ៍អគ្គីភ័យនេះកើតឡើងនៅវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី២៤ ខែសីហា នៅតាមបណ្តោយផ្លូវបេតុងក្រុម៤ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីសន្តិសុខយាមនៅកន្លែងកើតហេតុបានឲ្យដឹងថា រោងចក្រខាងលើមាន កម្មករចំនួន២៧០នាក់ ប៉ុន្តែនៅវេលាម៉ោងកើតហេតុកម្មករបានចេញពីធ្វើការទៅផ្ទះអស់ ហើយ រោងចក្របិទទ្វារទុកចោល ស្រាប់តែឃើញមានផ្សែងហុយចេញពីក្នុងរោងចក្រ បណ្តាលឲ្យឆាបឆេះឃ្លាំងស្តុកក្រណាត់និងរោងដាក់ម៉ាស៊ីនដេរឆាបឆេះសន្ធោសន្ធៅតែ ម្តង។ ភ្លាមៗនោះបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យមកបាញ់ជាបន្តបន្ទាប់ដោយប្រើប្រាស់ទឹកអស់ចំនួន២៣គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចលេខ៧០ ចំនួន៦គ្រឿង និងរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលរាជធានីភ្នំពេញចំនួន១៧គ្រឿង ទើបរលត់នៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃដដែល ។

អគ្គីភ័យខាងលើនេះឆេះខូចខាតក្រណាត់និងម៉ាស៊ីនខូចខាតអស់៩០ភាគរយ តែមិនបណ្តាលឲ្យកម្មកររងរបួសទេ មានតែថៅកែស្រីជាជនជាតិចិនតៃវ៉ាន់ម្នាក់បានដួលសន្លប់ ដោយសារតែឃើញអណ្តាតភ្លើងបានលេបត្របាក់ទ្រព្យសម្បត្តិរបស់គាត់ដែលខំប្រឹងប្រែង ជិតមួយជីវិតទៅហើយនោះ ។ អគ្គីភ័យនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកពីមូលហេតុដែលបង្កឲ្យមានការឆាបឆេះ តាម ការសន្និដ្ឋានជំហានដំបូងបានឲ្យដឹងថា ឆេះដោយសារទុស្សេខ្សែភ្លើង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *