ភ្នំពេញ ៖ បុរសវ័យ ៣៥ឆ្នាំម្នាក់ បានផ្តាំផ្ញើប្រពន្ធតាមទូរស័ព្ទ ជាមួយសំឡេងយំខ្សិបខ្សួល ហើយធ្វើអត្តឃាត ដោយចង.ក សម្លាប់ខ្លួន នៅក្នុងបរិវេណ ការ៉ាសរថយន្ត របស់ក្រុមហ៊ុន ប៉ាស៊ីហ្វិក ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២២និង០០ នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម សុវណ្ណ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ប៉ាស៊ីហ្វិក មានទីតាំងនៅ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅភូមិព្រែកភ្នង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះបានធ្វើអត្តឃាត ដោយយកខ្សែនីឡុង ចងកព្យួរនឹងកុងតឺន័រ បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។
ប្រពន្ធរបស់សព បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់ បាននិយាយតាមទូរសព្ទ័ ផ្តាំផ្ញើខ្លួនថា សំដីរបស់គាត់ នៅពេលនេះ គឺជាសំដីផ្តាំផ្ញើ ចុងក្រោយហើយ រួចឮសូរសំឡេង យំតាមទូរស័ព្ទបានបន្តិច ក៏ដាច់បាត់ទៅ ហើយក្រោយមក មានគេទូរស័ព្ទមកប្រាប់ថា ប្តីរបស់ខ្លួន បានចង.ក ស្លាប់បាត់ទៅហើយ។ បន្ទាប់ពីសមត្ថកិច្ច ពិនិត្យរួចរាល់ បានប្រគល់សព ឱ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕