ទួរគីចាប់ឃុំខ្លួនអ្នកកាសែតប្រឆាំងរដ្ឋាភិបាល

អ្នកកាសែត Cumhriyet ៩នាក់ ដែលគេដឹងថា ជាអ្នកកាសែតប្រឆាំងរដ្ឋាភិបាលទួរគីនោះ ត្រូវប៉ូលិសចាប់ខ្លួន ហើយតុលាការបានកាត់ទោសឲ្យដាក់ពន្ធនាគារនៅក្នុងទីក្រុង អិស្ទែនបូល ។ នេះបើតាមប្រភពប៊ីប៊ីស៊ីផ្សាយកាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

និពន្ធនាយកកាសែតខាងលើ ដែលជាបុគ្គលល្បីល្បាញខាងរូបត្លុក និងជាបុគ្គលប្រឆាំងរដ្ឋាភិបាលផងនោះ ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវឃុំខ្លួន ហើយនេះជាករណីថ្មីបំផុតទាក់ទងការចាប់ឃុំខ្លួនអ្នកដែលប្រឆាំង ឬរិះគន់លោកប្រធានាធិបតី Recep Tayyip Erdogan ។

បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី៤ ខែវិច្ឆិកា អ្នកនយោបាយ៩រូប ក្នុងនោះមានមេដឹកនាំគណបក្សប្រជាជាតិប្រជាធិបតេយ្យ(Halklarin Demokratik Partisi) គាំទ្រក្រុមឃើដផងដែរត្រូវឃុំខ្លួន ។

កាសែត Cumhriyet ជាប្រព័ន្ធផ្សព្វផ្សាយមួយក្នុងចំណោមពីរ ឬបីប៉ុណ្ណោះ ដែលនៅបន្តរិះគន់លោក Erdogan ។

អ្នកកាសែតរបស់អង្គភាពព័ត៌មានខាងលើនេះ ត្រូវចោទប្រកាន់ថា មានទំនាក់ទំនងជាមួយមេដឹកនាំសាសនា Fethullah Gulen មូលដ្ឋាននៅអាមេរិក ដែលត្រូវចោទថា ជាមេក្លោងធ្វើរដ្ឋប្រហារកាលពីខែកក្កដា ។ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា យោធាក្រុមឧទ្ទាមបានប្រើប្រាស់អាវុធធុនធ្ងន់ ដូចជារថពាសដែក និងយន្តហោះចម្បាំងជាដើមប៉ុនប៉ងធ្វើរដ្ឋប្រហារ ប៉ុន្តែមិនបានសម្រេច ។

ចាប់តាំងពីពេលនោះមក មនុស្សប្រមាណ១១០.០០០នាក់ត្រូវផ្អាកពីការងារ ឬបណ្តេញចេញពីតួនាទី ហើយ៣៧.០០០នាក់ត្រូវចាប់ខ្លួន ។

ទាំងអ្នកកាសែត Cumhuriyet និងអ្នកនយោបាយរបស់គណបក្ស HDP ត្រូវឃុំឃាំងនៅក្នុងគុករហូតដល់ថ្ងៃជំនុំជម្រះទោស ។ មិនមានកាលបរិច្ឆេទសវនាការត្រូវប្រកាសឲ្យដឹងនៅឡើយទេ ។

កាសែត Cumhuriyet ជាប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានពានណូបែល កាលពីខែតុលា ឆ្នាំ២០១៦ ។ អ្នកកាសែតនេះក្លាហាន មិនខ្លាចញញើតក្នុងការស៊ើបអង្កេត និងធ្វើអត្ថាធិប្បាយពាក់ព័ន្ធសិទ្ធិសេរីភាពបញ្ចេញមតិ នៅចំពោះមុខការគាបសង្កត់ ការត្រួតពិនិត្យចាប់ដាក់ពន្ធនាគារ គំរាមកំហែងយកអាយុជីវិត ។

កាសែតនេះទទួលបានពានរង្វាន់សេរីភាពនៃការបញ្ចេញមតិ ពីស្ថាប័នសារព័ត៌មានគ្មានព្រំដែន កាលពីឆ្នាំ២០១៥ ផងដែរ ដោយសារថា អង្គភាពនេះ ទទួលរងការធ្វើទុក្ខបុកម្នេញញឹកញាប់ពីរបបដឹកនាំទួរគី ។

នៅពេលបច្ចុប្បន្ននេះ ប្រធានាធិបតី Erdogan បាននិងកំពុងក្តាប់អំណាចគ្រាអាសន្ន បន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០១៦ ។ ពួកគេអនុញ្ញាតឲ្យឆ្លងប្រធានាធិបតី និងគណៈរដ្ឋមន្ត្រី នៅពេលព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលគេដឹងថាដាក់កម្រិត ឬបញ្ឈប់ សិទ្ធិ និងសេរីភាពនោះ ។

ក្រុមអ្នករិះគន់បានលើកឡើងថា គេប្រើប្រាស់អំណាចទាំងនោះដើម្បីធ្វើឲ្យថប់ដង្ហើមក្រុមប្រឆាំង ។ ចាប់តាំងពីដើមខែវិច្ឆិកា មកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយ១៥បានបិទការផ្សព្វផ្សាយ ហើយបុគ្គលិកស៊ីវិលប្រមាណ១០.០០០នាក់ត្រូវដកហូតតួនាទី ៕ សុរ្ម័ន

_92287012_hi036187763 _92287015_hi036187803

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *