ទើបតែការបាន ១៩ថ្ងៃ!​ ប្ដី​ក្លាយ​ជា​​ឃាតក​​សម្លាប់​ប្រពន្ធ​​យ៉ាង​សហាវ ​នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ​៖ ​ករណី​​ប្ដី​ក្លាយ​ជា​ឃាតក​សម្លាប់​​​ប្រពន្ធ​ខ្លួនឯង​យ៉ាង​សាហាវ​ ​រួច​យក​ទ្រព្យសម្បត្តិ​​ ​​​ចុះ​គេច​ខ្លួន​បាត់​នោះ​ ​​សមត្ថកិច្ច​បាន​​រក​ឃើញ​មូលហេតុ​ចំនួន​បី​ចំណុច។

ករណី​ឃាតកម្ម​​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​ជា​ជាង​ម៉ោង​៤​ល្ងាច​ ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ត្រង់​ផ្ទះ​ស្ត្រី​រងគ្រោះ ស្ថិត​ក្នុងភូមិ​ប៊ួរស្រងែ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន​ខេត្ត​ពោធិ៍សាត់។

លោក​សារឿន នាយ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​​​បាន​ឲ្យ​ដឹង​ថា ​៖ ស្ត្រី​រងគ្រោះ​ក្នុង​ករណី​ឃាតកម្ម​នេះ ​មាន​ឈ្មោះ ណា​ង ម៉ា​រី អាយុ​១៩​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ឃុំ​​កើតហេតុ​ខាងលើ ឯ​ឃាតក​ជា​ប្ដី​ឈ្មោះ​គង់ ជីវ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​បឹងខ្នារ​ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

លោក​បាន​រៀបរាប់​សាច់រឿង​ទាំងស្រុង​​​ថា​ ៖​ ជនរងគ្រោះ​ និង​ឃាតក​​គឺជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ដោយ​ពួកគេ​ទាំងពីរ​នាក់​ស្រឡាញ់​គ្នា​ចិត្ត​ និង​ចិត្ត​រហូតដល់​​​​​រៀបការ​ជាមួយគ្នា​ ទើបតែ​បាន​រយៈពេល​១៩​ថ្ងៃ​ប៉ុណ្ណោះ។ ក្រោយ​ពី​រៀបការ​រួច​ថ្មីៗ​​នេះ ​ពួកគេ​រស់នៅ​ផ្ទះ​គ្រួសារ​ខាង​ប្រុស ព្រោះ​ប្ដី​ស្ត្រី​រងគ្រោះ​ជាជាង​ប៉ះ​កង់​រថយន្ត លុះ​បាន​ជាង​១០​ថ្ងៃ​ខ្ទង់​ថ្ងៃ​ទី​១៣​ទៅ​១៤​ខែ​កុម្ភៈ អ្នក​ទាំង​ពីរ​បាន​មក​នៅផ្ទះ​ម្ដាយ​ខាង​ស្រី​វិញ មិន​ដឹង​ជា​មាន​រឿង​អ្វី​កើតឡើង​ទេ តែ​ខាង​ប្រពន្ធ​ធ្វើ​តេស្ដ​ជាប់​ជិត​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​​កូរ៉េ​ ឯ​ប្ដី​ធ្វើ​តេស្ដ​មិន​ជាប់។ ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​ខាងលើ ឪពុក​ស្ត្រី​រងគ្រោះ​បាន​យក​លុយ​ទៅ​សង​គេ ហើយ​ម្ដាយ​នាង​ និង​ប្អូន​ទៅ​ស្រុក​វាលវែង ឯ​ប្អូនស្រី​នាង​រវល់​ទៅ​រៀន គឺ​នៅតែ​ឃាតក​និង​នារី​រងគ្រោះ ពីរ​អ្នក​ប្ដី​ប្រពន្ធ​នេះ​តែប៉ុណ្ណោះ ដោយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​អ្នកភូមិ​ក្បែរ​នោះ បាន​ឃើញ​បុរស​ជា​ឃាតក​នេះ ចុះ​ពី​លើ​ផ្ទះ​ម៉ោង​ប្រហែល​៨​ព្រឹក ហើយ​ជិះ​ម៉ូតូ​ចេញទៅ​ជើង​បាត់​រហូត។

លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ដដែល​នេះ​បន្ត​ទៀត​ថា ​៖ លុះ​នៅ​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​កើតហេតុ​ខាងលើ​នោះ​ ប្អូនស្រី​នាង​មកពី​សាលារៀន ហើយ​ឡើង​លើ​ផ្ទះ ស្រែកហៅ​បងស្រី​បង្កើត​របស់​ខ្លួន មិន​ឮ​ឆ្លើយ ក៏​ដើរ​ទៅ​បើក​បន្ទប់ ​ ​ឃើញ​បងស្រី​ខ្លួន​ចងក​ស្លាប់​ជាប់​ជញ្ជាំង​នោះ​ ទើប​​មាន​ការ​ភ្ញាក់ផ្អើល​តែម្ដង​ ដោយ​គិត​ថា​ជនរងគ្រោះ​ចង.ក​សម្លាប់​ខ្លួន រហូតដល់​សមត្ថកិច្ច​មូលដ្ឋាន​មក​ពិនិត្យ ​​ឃើញ​សភាព​មិន​ប្រក្រតី ​ ក៏បាន​ព័ទ្ធ​កន្លែង​កើតហេតុ​ទុក​ឲ្យ​នគរបាល​បច្ចេកទេស​មក​ពិនិត្យ ព្រោះ​យប់​ហើយ។

លោក​តូ តុង​អេង នគរបាល​បច្ចេកទេស​​​​​​វិទ្យាសាស្ត្រ ​នៃ​ស្នងការ​ខេត្ត​ ដែល​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ជាមួយ​សមត្ថកិច្ច​ជំនាញ ​និង​គ្រូពេទ្យ​ផ្នែក​ពិនិត្យ​សព​នេះ ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​នេះ​ថា​ ៖ ​ស្ត្រី​រងគ្រោះ​នេះ​ មិនមែន​ចង.ក​សម្លាប់​ខ្លួន​ទេ គឺជា​ករណី​​​ឃាតកម្ម​យ៉ាង​សាហាវ​​ ដោយ​ឃាតក​​ជា​ប្ដី​ស្ត្រី​នេះ​ បាន​វាយ​នាង​ជា​ប្រពន្ធ​ត្រូវ​គុម្ព​ថ្គាម​បណ្ដាល​ឲ្យ​នាង​សន្លប់។ ក្រោយ​មក​ឃាតក​​ ក៏បាន​ហែក​សារុង​នៅ​លើ​ផ្ទះ​នោះ ​​​ចាប់​រឹត​.ក​នាង​ជា​ពីរ​ជាន់ ហើយ​អូស​ចូល​បន្ទប់ ​រួច​ទាញ​ចងភ្ជាប់​នឹង​សារុង​នាង​ស្លៀក​ជាប់​ខ្លួន​ ក៏​ចង​ជាប់​នឹង​.ក​ នាង ​ចងភ្ជាប់​នឹង​ជញ្ជាំង​ផ្ទះ ​បណ្ដាល​ឲ្យ​នាង​ស្លាប់​តែម្ដង។

លោក​តូ តុង​អេង បន្ថែមថា ​៖ ឃាតក​ជា​ប្ដី​នោះ​ទំនងជា​សម្លាប់​ជនរងគ្រោះ​ជា​ប្រពន្ធ ពេល​នាង​ទើប​នឹង​ងូតទឹក​រួច​ ព្រោះ​នាង​ស្លៀក​តែ​សារុង​ពណ៌​ក្រហម​មួយ​ប៉ុណ្ណោះ។ ជនរងគ្រោះ​ មាន​ស្នាម​ធ្លាក់ឈាម​តាម​ទ្វារ​មាស នាង​អាច​ធ្លាក់​រដូវ និង​ធ្លាក់​លាមក​តាម​រន្ធ​គូថ។ សព​នេះ​ស្លាប់​ច្រើន​ម៉ោង​ហើយ អាច​ស្លាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​១៧​ម្ល៉េះ​ ព្រោះ​សព​បាន​ទន់​ខ្លួន​ទៅវិញ​ហើយ។ ចំពោះ​មូលហេតុ​ជនល្មើស​ជា​ប្ដី​សម្លាប់​ប្រពន្ធ​ខ្លួនឯង​បែបនេះ​គឺ​មាន​បី​ចំណុច​៖ ទី​១ ជីវប្រវត្តិ​ជា​ជន​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន ​ទី​២ ទំនង​សុំ​រួមភេទ​នាង​មិនបាន​ ដោយ​នាង​មាន​ធ្លាក់​ថ្ងៃខែ ទី​៣​.គឺ​មូលហេតុ​ធំ​ជាងគេ​គឺ​នាង ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ នៅ​ពេល​​ខាង​មុខ​ដ៏​ខ្លី​នេះ ដោយ​គេ​សុំ​អង្វរ​នាង​មិន​ស្ដាប់។ ​ក្រោយពេល​សម្លាប់​ប្រពន្ធ​ខ្លួន​​ហើយ​បាន​ដោះ​យក​គ្រឿង​​អលង្ការ​លើ​ខ្លួន​នាង​អស់​ព្រមទាំង​ប្រមូល​យក​លុយ​ទាំង​អស់​ ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល។

នគរបាល​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត ​និង​ស្រុក​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា​ ​៖ កម្លាំង​កំពុង​សស្រាក់សស្រាំ តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ដៃដល់ គង់ ជីវ អាយុ​២៩​ឆ្នាំ​នេះ​ហើយ ដើម្បី​ប្រគល់​ឲ្យ​តុលាការ​៕

 

 

Loading...