ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ៖ ពលរដ្ឋចំណាយពេលតែ១៥នាទី នឹងទទួល បានបណ្ណបើកបរ ឬ ការពន្យា និងប្រឡងយកបណ្ណ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សម្រាប់មណ្ឌលផ្តល់សេវាបណ្ណបើកបរទី២នៅផ្សារទំនើបអ៊ីអនសែនសុខទី២នេះ ប្រជាពលរដ្ឋទាំងខ្មែរ និងបរទេសគ្រាន់តែចំណាយពេលវេលាត្រឹមតែ១៥នាទីប៉ុណ្ណោះ រាល់ការស្នើសុំ ធ្វើបណ្ណបើកបរ ការពន្យាបណ្ណ និងការប្រឡងយកបណ្ណបើកបរ ដោយគ្មានការចំណាយលើសេវាក្រៅផ្លូវការអ្វីទាំងអស់ ។ លោក ទេសរដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នងពិធីកាត់ខ្សែបូរសម្ភោធដាក់ឲ្យដំណើរការ មណ្ឌលផ្តល់សេវាបណ្ណបើកបរ កាលពីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨កន្លងទៅ ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ជាង២ឆ្នាំកន្លងមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្តល់បណ្ណបើកបរជូនប្រជាពលរដ្ឋទូទៅ បានចំនួន៦ម៉ឺនបណ្ណ ស្មើនិង៦ម៉ឺនលេខ ហើយថវិការ ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិប្រមាណ១០លានដុល្លារផងដែរ ។

លោក ទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនថា ការឡងយកបណ្ណបើកបរមានច្រើនជម្រើស ដូចជា ប្រភេទ “ក” “ខ” “គ” គឺមានតម្លៃខុសៗទាំងអស់ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវពិនិត្យ តាមខិតបណ្ណរបស់ក្រសួង ដែលបានដាក់តម្លៃស្រាប ។លោករដ្ឋមន្ត្រីបន្តថា ការបង្កើតមណ្ឌលផ្តល់សេវាបណ្ណបើកបរទី២នេះ ដើម្បីពង្រីក និងបង្ខិតសេវាសាធារណៈឲ្យជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពដែលប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេស អាចមកទទួលសេវាប្តូរ ពន្យារបណ្ណបើកបរ និងប្រឡងយកបណ្ណបើកបរយានយន្តបានផងដែរ ៕

Loading...