អាជ្ញាធរខេត្តស្ទឹងត្រែងបានសំរេចរុះរើស្ពានឆ្លងទន្លេស្រែពកចាស់ដែលសាងសង់ឡើងជាច្រើនទសវត្សរ៍និមានតម្លៃច្រើនលានដុល្លារទៅតាមការគ្រោងទុកនោះហើយ

ខេត្តស្ទឹងត្រែង៖ នៅបំណាច់ខែមិថុនាកន្លងមកនេះ មានប្រជាពលរដ្ឋជិត២០០គ្រួសារ បានលើកគ្នាមកតវ៉ា និងរារាំងមិនឲ្យអាជ្ញាធរខេត្ត ធ្វើការរុះរើស្ពានដ៏ចំណាស់មួយនេះទេ ហើយនៅគ្រានោះ អាជ្ញាធរខេត្តបានដកថយមកវិញ ក្រោយពីបានធ្វើការសម្របសម្រួលនោះរួច ប៉ុន្តែ បានដាក់ឧិសារនុវាទដោយកំណត់យកថ្ងៃ១៥កក្កដា២០១៧ គឺជាថ្ងៃរុះរើស្ពាននោះដោយអនុវត្តទៅតាមគោលការ រាជរដ្ឋាភិបាល ។

កាលពីថ្ងៃ១៥កក្កដាចុងសប្តាហ៍មុននេះ នៅតាមដងផ្លូវជាតិលេខ៧៨ចាស់ ចូលទៅកាន់ទីតាំងស្ពានស្រែពកចាស់នោះ អាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវគេឃើញ បានដាក់ពង្រាយកម្លាំងប្រដាប់អាវុធ នៅតាមគោលដៅសំខាន់ៗជាច្រើន ដើម្បីរក្សាសន្តិសុខជូនមន្ត្រីជំនាញ ក្នុងការរុះរើស្ពាននោះ ឲ្យទទួលបានជោគជ័យ ទៅតាមការគ្រោងទុក។

អាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបានប្រភពដកស្រង់សម្តីបង្ហើបឲ្យដឹងថា នៅថ្ងៃ១៥កក្កដា គឺជាថ្ងៃកំណត់រុះរើស្ពានស្រែពកចាស់ ហើយស្ពាននោះជាប្រភេទស្ពានប៉េឡេ មានបណ្តោយប្រវែង២៥២ម៉ែត្រ និងទំហំទទឹង៤.៥ម៉ែត្រ « ៤ម៉ែត្រកន្លះ » ដោយអាជ្ញាធរបានប្រកាសថា ប្រសិនបើមានពលរដ្ឋណាចេញមុខមកតវ៉ា និងរារាំងមិនឲ្យមន្ត្រីជំនាញផ្លូវ និងស្ពានធ្វើការរុះរើស្ពាននោះទេ អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលមករារាំងនោះ។

ស្របពេលដែលស្ពានកំពុងរុះរើនោះ គេបានសង្កេតឃើញថា ប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ផ្លូវ និងស្ពានស្រែពកចាស់នេះ នៅតែបន្តឆ្លងកាត់ទីនោះជាដដែល បើទោះបីជាក្រុមមន្ត្រីសាធារណៈការ និងដឹកជញ្ជូន កំពុងសម្រុកកាត់ផ្តាច់ស្ពាននោះយ៉ាងណាក្តី។

ពលរដ្ឋម្នាក់ដែលឆ្លងកាត់ស្ពានស្រែពកចាស់នេះ បានសម្តែងការព្រួយបារម្ភ ពីការគ្មានផ្លូវ និងស្ពានទៅមក ហើយបានស្នើដល់អាជ្ញាធរខេត្ត ជួយរិះរកគ្រប់មធ្យោបាយ ដើម្បីពួកគេមានលទ្ធភាពធ្វើចរាចរណ៍ គ្រាមានគ្រោះអាសន្នឈឺថ្កាត់ និងការដឹកជញ្ជូនកសិកផលនានា ពីទីជនបទទៅកាន់ទីផ្សារក្រុង ឬខេត្តនោះផង។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោក ស គឹមណាត ត្រូវគេឃើញបានបង្ហាញវត្តមាន នៅទីតាំងរុះរើស្ពាននោះ ហើយលោកបានប្រាប់ឲ្យដឹងថា ស្ពាននេះជាស្ពានដែលចាស់ទ្រុឌទោ្រមបន្សល់ពីសម័យមុនមមក។ ប៉ុន្តែ អ្វីដែលលោកបានដឹង ឃើញថាស្ពានស្រែពកចាស់នេះ បានចាប់ផ្តើមសាងសង់ជាប្រភេទស្ពានប៉េឡេ នៅក្នុងទស្សវត្សន៍ទី៨០ មានប្រវែង២៥២ម៉ែត្រ និងទទឹង៤ម៉ែត្រកន្លះ។

លោកប្រធានមន្ទីរបានបន្តថា នៅថ្ងៃ១៥កក្កដានោះ គឺជាថ្ងៃដែលអាជ្ញាធរខេត្តបានដាក់ឧិសានុវាទឲ្យរុះរើ ហើយខាងក្រុមមន្ត្រីជំនាញក្រសួងបានចុះមក ដោយអនុវត្តទៅតាមការស្នើសុំពីតំណាងក្រុមហ៊ុនសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២ ព្រោះទនប់នេះបានចាប់ផ្តើមបិទទឹកសាកល្បង នៅថ្ងៃ១៥កក្កដានេះ ហើយនៅក្រោយការរុះរើនោះរួច អាជ្ញាធរនឹងយកស្ពាននេះ ទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅស្រុកថាឡាបរិវ៉ាត់ និងអូរផ្សេងៗទៀត ដែលមិនទាន់មានស្ពានឆ្លង ព្រោះស្ពាននេះមានតម្លៃថ្លៃណាស់ បើយើងទុកឲ្យលិចទឹក គឺខាតធំដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយើង។ លោកថា ក្រុមហ៊ុនចិនបានមកបញ្ជាក់ជាច្រើនដងហើយថា ស្ពាននេះត្រូវតែលិច និងនៅថ្ងៃ២៥កក្កដាខាងមុខនេះ ទឹកនឹងឡើងមកដល់គល់ស្ពាន ហើយហក់ឡើងហួសស្ពានពីកំពស់៣ម៉ែត្រ រហូតដល់៧ម៉ែត្រ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២។

លោកស គឹមណាត បញ្ជាក់ថា ក្រោយការរុះរើរួច ស្ពាននេះក្រសួងផ្តល់ឲ្យខេត្តស្ទឹងត្រែងប្រវែង១៥០ម៉ែត្រ សំរាប់យកទៅសាងសង់ស្ពាននៅក្នុងមូលដ្ឋានខេត្ត ហើយមិនមែនតែខេត្តស្ទឹងត្រែងទេដែលសុំ ខេត្តផ្សេងៗទៀត ក៏សុំយកទៅសាងសង់ដែរ ហើយស្ពាននេះមានតម្លៃរហូតដល់លានដុល្លារ យើងមិនអាចឲ្យស្ពាននេះបាត់បង់ដោយសារលិចទឹកនោះ បានទេ។

នៅថ្ងៃ១៥កក្កដានោះដែរ ក្រុមមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង ក៏បានចុះទៅកាន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលទំនប់នេះបានស្ថាបនាឡើងក្រោមទុនវិនិយោគ ក្នុងតម្លៃទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក មានអនុភាពរហូតដល់៤០០មេហ្គាវ៉ាត់ ជាទំនប់ដែលធំជាងគេបំផុតនៅកម្ពុជា ដើម្បីធ្វើការបិទទ្វារទប់ទឹក និងបើកដាក់ឲ្យដំណើរការសាកល្បងជាលើកដំបូង នៅលើដែនដីខេត្តភាគឥសាន ប្រទេសមួយនេះ។

តំណាងក្រុមហ៊ុនវិនិយោគទំបន់វារីអគ្គិសនីសេសានក្រោម២ បានបញ្ជាក់ថា វារីអគ្គិសនីសេសានក្រោម២ នឹងធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការផ្គត់ផ្គងអគ្គិសនី ដល់ប្រជាជន និងអាជីវកម្មតាមតម្រូវការ នឹងធ្វើឲ្យកម្ពុជាកាន់មានភាពរឹងមាំ និងឯករាជ្យខាងវិស័យថាមពល ដែលកាត់បន្ថយបាន នូវការនាំអគ្គិសនីពីខាងក្រៅ។

មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺត្រូវបានវិនិយោគរួមគ្នា ដោយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន «Hydrolancang International Energy »មានភាគហ៊ុន៥១ភាគរយ ក្រុមហ៊ុននៅកម្ពុជា «Royal Group» របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩ភាគរយ និងក្រុមហ៊ុន «EVN» មកពីប្រទេសវៀតណាម មានភាគហ៊ុន១០ភាគរយ ជាមួយនឹងទុនវិនិយោគ ក្នុងទឹកប្រាក់ជាង៨០០លានដុល្លារអាមេរិក។ លោកថា សំណង់វារីអគ្គិសនីនេះ ស្ថិតនៅខេត្តស្ទឹងត្រែង ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ៣ម៉ឺន៦ពាន់ហិកតា និងមា

នកម្ពស់សរុប៨០ម៉ែត ក្នុងនោះកម្ពស់៧៥ម៉ែត ជាកម្ពស់សម្រាប់ទប់ទឹក និងកម្ពស់៥ម៉ែត សម្រាប់ការពារហានិភ័យ ពីកម្រិតកម្ពស់ទឹកខ្ពស់ជ្រុលដែលយូរៗ កើតមានម្តង។

លោកបានបញ្ជាក់ថា តាមការប៉ាន់ស្មានរបស់រាជរដ្ឋាភិបាល នៅពេលវារីអគ្គិសនីមួយនេះ ដំណើរការពេញលេញ នឹងអាចផ្តល់ប្រាក់ចំណូលពន្ធដល់រដ្ឋ ប្រមាណ៣០លានដុល្លារក្នុង១ឆ្នាំៗ នៅបន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀង រវាងក្រុមហ៊ុនវិនិយោគ ជាមួយរាជរដ្ឋាភិបាល ក្នុងរយៈពេល៤០ឆ្នាំនោះរួច ហើយប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ នឹងទទួលបានអគ្គិសនីនេះ ប្រើប្រាស់ទៅតាមតម្រូវការ។

សូមជម្រាបថា ទំនប់វ៉ាវីអគ្គីសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងនេះ មានប្រវែង៦ពាន់៥០០ម៉ែត្រ ក្នុងនោះតួរទំនប់បេតុងប្រវែង៥០០ម៉ែត្រ និងកំពស់កណ្តាលតួរទំនប់ ស្មើនឹង៣៦ម៉ែត្រ ដែលបានផ្តើមសាងសង់ឡើងនៅឆ្នាំ២០១៣ ហើយគ្រោងឲ្យរួចរាល់ជាស្ថាពរនៅដើមឆ្នាំ២០១៨ខាងមុខនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន ត្រូវគេបានរំពឹងទុកជាមុនថា សម្តេចនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅថ្ងៃ២៥កញ្ញា២០១៧ខាងមុខនេះ ក្នុងពិធីបិទទំនប់ទឹក និងបើកឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយពីបញ្ចប់ការស្ថាបនានោះរួច៕

 

 

Loading...