ទំនាស់​ពាក្យសំដី ឈាន​ទៅ​ដេញ​ចាក់​គ្នា​ និង ​បោក​ចាន​បបរ អស់​ជាច្រើន

ខេត្តកំពង់ចាម ៖ ទំនាស់​រឿង​លក់ តែ​ជ្រក់​នៅ កន្លែង​លក់​ក្បែរ​គ្នា បាន​ក្លាយ​ជា​អំពើ​ហិង្សា ឈាន​ទៅ​ដេញ​ចាក់​គ្នា និង បោក​បំផ្លិចបំផ្លាញ​ចាន​ឆ្នាំង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃទី១៩ ខែមករា​ឆ្នាំ២០១៨ ​វេលា​ម៉ោង ៩និង០០នាទី​ ចំណុច​កន្លែង​លក់​បបរ មុខ​ផ្ទះ​សំណាក់ (​ហួរ​សេង​) ស្ថិតនៅ​ក្នុងភូមិ​ទី១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។

អំពើ​ហិង្សា​ និង ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខាងលើ​នេះ បង្ក​ឡើង​ដោយ ឈ្មោះ​ចាំង យ៉ាំង​ទី ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ ជនជាតិ​វៀតណាម​ស្នាក់ នៅ​ភូមិ​បឹង​ស្នាយ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម ( មុខរបរលក់​តែ​ជ្រក់​)​ បាន​ធ្វើ​សកម្មភាព​វាយ​និង​ដេញ​ចាក់​លើ​ឈ្មោះ​វៀង យ៉ាំង​ជិន ភេទ​ប្រុស​អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម​ស្នាក់នៅ ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​( មុខរបរ​លក់​តែ​ជ្រក់​) និង បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ (​ចាន​បបរ​)​ របស់​ឈ្មោះ​ហួត​ ចាន់​រក្សា ​ភេទ​ស្រី​អាយុ ២៣ឆ្នាំ នៅ​ភូមិ​ទី៨ សង្កាត់​កំពង់ចាម​បែក​អស់​មួយ​ចំនួន​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ ជនជាតិវៀតណាម ពីរ​នាក់ ខាងលើ​ទំនាស់​ពាក្យសំដី ប្រកែក​គ្នា​ទៅវិញទៅមក តែ​ស្តាប់​មិនបាន ព្រោះ​ពួកគេ និយាយ​ភាសា​វៀតណាម ទំនង​ទំនាស់​រឿង​ដណ្តើម​ម៉ូយ​លក់​តែ​ជ្រក់​។

ពេល​ប្រកែក​គ្នា​បាន​បន្តិច​ឈ្មោះ ចាំង​យ៉ាង​ទី បាន​យក​កូនកាំបិត​ដេញ​ចាក់​ឈ្មោះ​វៀង​យ៉ាំង​ជិន។ លោក ទាម តុង​ម៉េង នាយផ្នែក​នគរបាល ប៉ុស្តិ៍​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ទ​ទួល​ព័ត៌មាន ភ្លាម​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​នាំ ខ្លួន​ឈ្មោះ​ចាំង យ៉ាំង​ទី បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ ដើម្បី​សាកសួរ​ និង ​កសាង​សំណុំរឿង​តាម​នីតិវិធី៕

Loading...