ទំនិញខូចគុណភាព និងជាតិគីមី ត្រូវគេនាំចូលពីប្រទេសថៃដោយគ្មានការត្រួតពិនិត្យតាមច្រកខេត្តកោះកុង

ខេត្តកោះកុង ៖ ទំនិញខូចគុណភាព និងទំនិញសំបូរទៅដោយសារធាតុគីមីរបស់ថៃ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ត្រូវគេឃើញចរាចរណ៍យ៉ាងគគ្រឹកគគ្រេងនៅតាមផ្សារនានានៅក្នុង ខេត្តកោះកុងក៏ដូចជាទូទាំងប្រទេស។
ការហូរចូល និងចរាចរណ៍គគ្រឹកគគ្រេង នៃទំនិញខូចគុណភាព និងសំបូរសារធាតុគីមីនេះ ត្រូវប្រជាពលរដ្ឋបន្ទោសទៅលើកាំកុងត្រូលខេត្តកោះកុងតែម្តង ដោយសារតែគេសង្កេតឃើញថា មន្ត្រីកាំកុងត្រូល ជាពិសេសនៅតាមច្រកនានាជាប់ព្រំដែនជាមួយប្រទេសថៃ មិនបានអើពើពិនិត្យទំនិញនោះឡើយ គឺបណ្តោយឲ្យមានការហូរចូល ចំណែកពួកគេចាំតែទទួលលុយតែប៉ុណ្ណោះ។
បើតាមប្រជាពលរដ្ឋ ទំនិញជាច្រើនប្រភេទដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ កោះមាន់ ប្រហិត គ្រឿងសមុទ្រ ព្រមទាំងបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគផងនោះ ដែលភាគច្រើនជារបស់ខូចគុណភាព និងហួសកំណត់ប្រើប្រាស់ ត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា និងធ្វើការចែកចាយពាសពេញខេត្តកោះកុង តែគេពុំដែលឃើញសមត្ថកិច្ចពាក់ព័ន្ធ ដូចជាជំនាញកាំកុងត្រូលទប់ស្កាត់ និងចុះត្រួតពិនិត្យម្តងណាឡើយ។
ជុំវិញការរិះគន់នេះ លោក ឡាយ សុខសៅគន្ធា ប្រធានសាខាកាំកុងត្រួលខេត្តកោះកុងបានច្រានចោលទាំងស្រុង ដោយលើកឡើងថា កន្លងមករូបលោក និងក្រុមការងារជាច្រើននាក់ តែងតែចុះទៅធ្វើការពិនិត្យជាក់ស្តែង នូវទំនិញជាច្រើនប្រភេទ តែក្រុមលោករកពុំឃើញមានទំនិញដែលមានសារធាតុគីមី ដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងនោះទេ។ ម្យ៉ាងទៀតការពិនិត្យនោះទៀតសោត ខាងជំនាញលោកតែងតែធ្វើឡើងដោយបើកចំហរពុំមានការលាក់បាំងអ្វី នោះឡើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *