ទ្រនាប់ជើង​ច្នៃ​ពី​រុក្ខជាតិ​ដំបូង​បំផុត​លើ​លោក​

ក្រុមហ៊ុនផលិតទ្រនាប់ជើងអាល្លឺម៉ង់ឈ្មោះ nat-2 ថ្មីៗនេះទើបនឹងបង្ហាញទ្រនាប់ជើងមួយផលិតឡើងដោយប្រើសារធាតុឈើនិងរុក្ខជាតិសុទ្ធសាធដើម្បីផលិត។ វាមានសារធាតុធម្មជាតិរហូតដល់ ៩០% ឯណោះនៃសមាសធាតុផ្សំក្នុងទ្រនាប់ជើងនីមួយៗ ។ សារធាតុថ្មីនេះត្រូវបានគេទាញយកមកពីដើមម្នាស់យកមកកែច្នៃប្រើជំនួសស្បែកសត្វបាន ។ នេះជាវិធីកែច្នៃថ្មីមួយបែបនិរន្តភាពនិងមិនប៉ះពាល់ដល់បរិស្ថាន ។

សារធាតុរុក្ខជាតិនិងឈើត្រូវបានគេយកទៅពាសពីលើសំឡីកប្បាសរួចយកទៅវេញបញ្ចូលគ្នារហូតទាល់តែវាមានសភាពទន់និងអាចពត់ពេនបានយ៉ាងងាយដើម្បីយកទៅផលិត ។ សាច់កំណាត់មានសភាពទន់ប្រណីត ហើយមានក្លិនឈើប្រហើរតិចៗ ។ប្រភេទសាច់ឈើដែលគេយកមកប្រើក្នុងការផលិតទ្រនាប់ជើងមានច្រើនប្រភេទដែលគេយកពីប្រភពនៅតំបន់ដាំដុះឈើសម្រាប់ធ្វើការកែច្នៃនិងយកទៅផលិតជាវត្ថុធាតុដើមនៅក្នុងរោងចក្រមួយប្រើបច្ចេកវិទ្យាទំនើបៗ នៅក្នុងប្រទេសអីុតាលី ។

ក្រុមហ៊ុន nat-2 បានអភិវឌ្ឈខ្លួនដូច្នេះគឺដើម្បីជួយការពារជិវិតសត្វដោយផលិតផលរបស់ខ្លួនមិនបានផលិតដោយប្រើសារធាតុពីសត្វនោះទេ ។ សូម្បីតែកាវបិទក៏មិនកែច្នៃចេញពីសត្វទៀតនោះដែរគឺគេចម្រាញ់ពីសារធាតុជ័រឈើប្រើជំនួសវិញ ។ ទ្រនាប់ជើងថ្មីនេះមានច្រើនជម្រើសតាមគុណភាពនិងច្រើនពណ៌ ។ វានឹងចេញលក់នៅក្នុងប្រទេសអាល្លឺម៉ង់ឆាប់ៗនេះនិងគ្រោងចេញលក់នៅក្នុងទីផ្សារអន្តរជាតិមួយចំនួនក្នុងពេលឆាប់ៗ ៕

Loading...