ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករ​ថា​សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​ក្នុង​ឆ្នាំ​២០២១ ហើយ​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២២

​ភ្នំពេញ​៖ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ៤,០​ភាគរយ នៅ​ឆ្នាំនេះ និង ៥,៥​ភាគរយ ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ដែល​ជួយ​ជំរុញ​តម្រូវការ​សម្រាប់​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ចេញផ្សាយ​នៅថ្ងៃនេះ​។​

​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ឬ អេ​ឌី​ប៊ី​(ADB) លោកស្រី Sunniya Durrani-Jamal បាន​មានប្រសាសន៍ ថា “​សេដ្ឋកិច្ចកម្ពុជា​បាន​ធ្លាក់ចុះ ៣,១​ភាគរយ ក្នុង​ឆ្នាំ ២០២០​ដោយសារ​ការ​រាតត្បាត​ជា សកល​នៃ​ជំងឺ​កូ​វីដ​១៩​។​រាជរដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ចំពោះ​ករណី​ថ្មីៗ​ដែល​បាន​កើតឡើង​ហើយ​យើង រំពឹង ថា​សេដ្ឋកិច្ច​នឹង​វិលត្រឡប់​មករក​កំណើន​វិញ​ក្នុង​ឆ្នាំ ២០២១​។ កំណើន​នេះ នឹង​ជួយ​បង្កើន​ប្រាក់ចំណូល គ្រួសារ ប៉ុន្តែ​មិនមែន​គ្រប់​វិស័យ​និង​តំបន់​ទាំងអស់ នឹង​ទទួលបាន​ប្រយោជន៍​នេះ​ស្មើគ្នា​នោះទេ ដូច្នេះ​វា ចាំបាច់​ណាស់ ក្នុងការ​តាមដាន​មើល​ជីវភាព​គ្រួសារ​ទាំងឡាយ ក៏ដូចជា​តម្រូវ​ការគាំទ្រ​បន្ថែម ឱ្យបាន​ដិត ដល់​។​”

​យោងតាម​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្ម​ឧស្សាហកម្ម​ត្រូវ បាន​គេ​រំពឹងថា​នឹង​កើនឡើង ៧,១​ភាគរយ​ក្នុង​ឆ្នាំ ២០២១ និង ៧,០​ភាគរយ​នៅ​ឆ្នាំ ២០២២ ដោយសារ​កា​រស​ងើប ឡើងវិញ​នៃ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ការធ្វើដំណើរ ក៏ដូចជា​កំណើន នៃ ឧ​ស្សហកម្ម​ធន​ស្រាល​ផ្សេងទៀត ដូចជា​ផលិតផល​អេឡិចត្រូនិក និង​កង់​។ វិស័យ​កសិកម្ម​ត្រូវបាន​រំពឹង ថា​នឹង​កើនឡើង ១,៣​ភាគរយ ក្នុង​ឆ្នាំ ២០២១ និង ១,២​ភាគរយ ក្នុង​ឆ្នាំ ២០២២ ដោយមាន​ការកើនឡើង​នៃ ផលិតកម្ម​កសិផល បន្ទាប់ពី​រង​ការខូចខាត ដោយ​ទឹកជំនន់​កាលពី​ឆ្នាំមុន ការបន្ត​មាន​កំណើន​នៃ វារីវប្បកម្ម និង​ការ​ហក់​ឡើង​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​វិស័យ​សេវាកម្ម​នឹង​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​ល្បឿន​យឺតៗ ពោលគឺ​ប្រមាណ ៣,៣​ភាគរយ ក្នុង​ឆ្នាំ ២០២១ ទៅ ៦,២​ភាគរយ ក្នុង​ឆ្នាំ ២០២២​។ កិច្ចប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ស្រុក ដែល​បាន ចាប់ផ្តើម​ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២១ កំពុង​ធ្វើអោយ​សកម្មភាព​វិស័យ​សេវាកម្ម​ធ្លាក់ចុះ​។ ការ​រឹត បន្តឹង​ការធ្វើ ដំណើរ​ត្រូវបាន​រំពឹងថា​នឹង​នៅ​បន្ត​ស្ទើរតែ​ពេញ​មួយឆ្នាំ​ក្នុង​ឆ្នាំ ២០២១ ដែល​មានន័យថា វិស័យ​ទេសចរណ៍ មិនត្រូវ បាន​រំពឹងថា​អាចជួយ​ជំរុញ​កំណើន​ផ្នែក​សេវាកម្ម​នៅ​ឆ្នាំនេះ​ទេ​។ វិស័យ​អចលន ទ្រព្យ​ត្រូវបាន​ព្យាករ​ថា នឹង​ងើប​ឡើងវិញ ពី​ការធ្លាក់ចុះ​កាលពី​ឆ្នាំមុន ដោយមាន​និន្នាការ​ស្រដៀង​គ្នា ទៅនឹង ឧស្សាហកម្ម​សំណង់​។​

“​ល្បឿន​មិន​ស្មើគ្នា​នៃ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​នានា នឹង​បន្ត​ជា​សម្ពាធ​លើ​គ្រួសារ និង​ក្រុមហ៊ុន មួយចំនួន នៅ​ឆ្នាំនេះ ដែល​នឹង​ធ្វើឱ្យ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ជារួម មានការ​យឺតយ៉ាវ​។ ហានិភ័យ ចម្បងៗ សម្រាប់​ចក្ខុវិស័យ​សេដ្ឋកិច្ច​នេះ រួមមាន ការរីក​រាលដាល​នៃ​ការផ្ទុះ​ឡើង​នៃ​កូ​វីដ​១៩ នៅតាម សហគមន៍ កំណើនសេដ្ឋកិច្ច​យឺត​ជាង​ការរំពឹងទុក នៃ​ដៃគូ​ធុរកិច្ច​សំខាន់ៗ​របស់​កម្ពុជា ដូចជា​អាម៉េរិក និង​អឺរ៉ុប ការបន្ត​នៃ​ភាពទន់ខ្សោយ​នៃ​តម្រូវការ​ក្នុងស្រុក និង​បញ្ហា​ប្រឈម​របស់​សេវាកម្ម​ហិរញ្ញវត្ថុ និង ធនាគារ​។​” លោកស្រី Sunniya Durrani បន្ត​មានប្រសាសន៍ ដោយ​បន្ថែមថា រាជរដ្ឋាភិបាល​ចាំបាច់ ត្រូវ​រក្សា​ជំហរ​គោលនយោបាយ​សារពើពន្ធ​ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ ។​

​បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុង​អនុវត្ត​គម្រោង​វិនិយោគ ដែលមាន​តម្លៃ​ជាង ២,១ ពាន់ លាន​ដុល្លារ នៅ​កម្ពុជា​។ នៅ​ឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​ផ្តល់ប្រាក់​កម្ចី និង​ជំនួយ ឥត​សំណង​ចំនួន ៤៧៧ លាន​ដុល្លារ ហើយ​បាន​កៀគរ​ថវិកា​បន្ថែមចំនួន ២៨១,៣ លាន​ដុល្លារ តាមរយៈ សហ​ហិរញ្ញប្បទាន សម្រាប់​ប្រទេស​កម្ពុជា​។ ថវិកា​របស់ អេ​ឌី​ប៊ី ដែល​ត្រៀម​សម្រាប់​កម្ពុជា​ក្នុង​ឆ្នាំ ២០២១-២០២៣ រួមមាន​កម្ចីសម្បទាន​ចំនួន ១,៣៥ ពាន់​លាន​ដុល្លារ និង​ជំនួយឥតសំណង​ចំនួន ៣២,៤ លាន ដុល្លារ​ដើម្បី គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការស្តារ​សេដ្ឋកិច្ចជាតិ ពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត កូ​វីដ​១៩ ។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេច​ឱ្យបាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់​និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បង្កើត ឡើង​នៅ​ឆ្នាំ ១៩៦៦ ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ​មាន ៤៩ ប្រទេស មកពី​តំបន់​ខាងលើនេះ​៕​

Loading...