ធ្លាក់យន្តហោះនៅកណ្តាលទីក្រុងម៉ុមបៃស្លាប់៥នាក់

យ៉ាងតិចមនុស្ស៥នាក់បានបាត់បង់ជីវិត ក្នុងនោះ ម្នាក់ជាជនរងគ្រោះនៅលើដី បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅទីតាំងសំណង់កំពុងសាងសង់មួយកន្លែង កណ្តាលទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌាកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Deepak Deoraj អ្នកនាំពាក្យប៉ូលិសទីក្រុងម៉ុមបៃថា មនុស្ស៥នាក់បានបាត់បង់ជីវិតដោយសារតែរងរបួសធ្ងន់ធ្ងរខ្លាំងពេក ក្នុងនោះអាកាសយានិកម្នាក់, អ្នករួមដំណើរ៣នាក់ និងអ្នកថ្មើរជើងម្នាក់ ។

Tanaji Kamble អ្នកនាំពាក្យរបស់អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយក្រុងម៉ុមបៃនិយាយថា មនុស្ស៤នាក់នៅលើយន្តហោះ១២កៅអីមួយគ្រឿង ខណៈដែលជួបហេតុការណ៍គ្រោះថ្នាក់ធ្លាក់ភ្លាមៗចូលទៅកាន់ទីតាំងសំណង់កំពុងសាងសង់វេលាម៉ោង១និង៣០នាទីរសៀល ម៉ោងនៅក្នុងតំបន់ ។

អគ្គនាយកអាកាសចរណ៍ស៊ីវិលឥណ្ឌា(DGCA) ថ្លែងថា យន្តហោះ King Air C-90 បានធ្លាក់ខណៈកំពុងហោះហើរសាកល្បងមួយពីអាកាសយានដ្ឋាន Juhu ដែលនៅជិតនោះ ។ ក្នុងយន្តហោះនេះមានអាកាសយានិក២នាក់ និងវិស្វករ២នាក់ ។

នៅក្បែរទីកន្លែងដែលយន្តហោះនេះធ្លាក់មានអគារខ្ពស់ជាច្រើន មនុស្សម្នារស់នៅដេរដាសយ៉ាងច្រើន ប៉ុន្តែជាភព្វសំណាង ដែលមិនមានមនុស្សច្រើននោះទេរងគ្រោះថ្នាក់ដោយសារការធ្លាក់យន្តហោះនេះ ។ ផ្សែងខ្មួលខ្មាញ់បានបាញ់ឡើងទៅលើមេឃយ៉ាងខ្មៅងងឹតតែម្តង លាយឡំជាមួយអណ្តាតភ្លើងផងដែរ ។

អំឡុងពេលគ្រោះថ្នាក់ខាងលើនេះកើតឡើង គឺភ្លៀងបានធ្លាក់នោះទេ អាកាសធាតុក៏គ្មានអ្វីចោទជាបញ្ហាបណ្តាលឲ្យគ្រោះថ្នាក់នេះកើតឡើងក៏ទេដែរ ។ DGCA និយាយថា ខ្លួនបញ្ជូនក្រុមជំនាញឲ្យស៊ើបអង្កេតករណីនេះ ខណៈដែលបានបន្ថែមថា យន្តហោះដែលធ្លាក់គ្រប់គ្រងដោយឯកជន ដែលបានទិញមកពីរដ្ឋបាល Uttar Pradesh​​ ។

ប៉ូលិសឥណ្ឌាថា ការធ្លាក់យន្តហោះនេះបង្កឲ្យមានគ្រឿងចក្រច្រើនគ្រឿងឆាបឆេះ ហើយកម្លាំងប៉ូលិសក៏បានអន្តរាគមន៍ពន្លត់ភ្លើងបានភ្លាមៗផងដែរ ៕

 

 

Loading...