ធ្លាក់ហើយនៅមិនទទួលស្គាល់ទៀត ខ្មាស់គេម្តងហើយ ចង់ខ្មាស់ម្តងទៀត កញ្ញា ធី សុវណ្ណថា នឹងដាក់សំណើទៅក្រសួងអប់រំ សុំពិនិត្យកំណែវិញ្ញាសារ នៅក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានភ្លើងខៀវពីក្រសួងអប់រំ យុវជន និងកីឡា ថា នឹងប្រគល់កំណែវិញ្ញសាតាមការស្នើសុំនោះ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា កញ្ញានឹងដាក់លិខិតស្នើសុំជាផ្លូវការទៅក្រសួងនៅក្នុងសប្តាហ៍នេះ។ ការស្នើសុំនេះ កញ្ញា ធី សុវណ្ណា អះអាងថា មិនមែនជាការតវ៉ា ឬប្រឆាំងអ្វីជាមួយក្រសួងឡើយ គឺគ្រាន់តែចង់បញ្ជាក់ ឲ្យអស់មន្ទិលសង្ស័យនៅក្នុងចិត្តតែប៉ុណ្ណោះ។
បន្ថែមពីលើការជូនដំណឹងបើកឲ្យសិស្សប្រឡងធ្លាក់បាក់ឌុបធ្វើការតវ៉ាក្នុងរយៈពេល ៣០ថ្ងៃនោះ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡាមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ បានប្រាប់ Fresh News ថា នឹងប្រគល់កំណែវិញ្ញាសារទៅឲ្យកញ្ញា ធី សុវណ្ណាថា ក៏ដូចបេក្ខជនប្រឡងធ្លាក់ដទៃទៀតធ្វើការ ពិនិត្យតាមការស្នើសុំ តែតម្រូវឲ្យមានការដាក់លិខិតស្នើសុំឲ្យបានត្រឹមត្រូវ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗ កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ថា ជាយុវតីវ័យក្មេងស្រស់សោភារបស់កម្ពុជាមួយរូបមានភាពក្លាហាន ក្នុងការងារសង្គម និងហ៊ានប្រឡូកក្នុងឆាកនយោបាយនោះ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Fresh News នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ បានសម្តែងការរីករាយបំផុត ចំពោះការអនុញ្ញាតរបស់ក្រសួង ហើយបញ្ជាក់ថា កញ្ញា នឹងដាក់លិខិតទៅក្រសួងនៅក្នុងសប្តាហ៍នេះ។
កញ្ញា បានហៅការដាក់លិខិតរបស់ខ្លួន មិនមែនជាការប្រឆាំងតវ៉ា ឬជំទាស់ទៅនឹងក្រសួងឡើយ តែការដាក់លិខិតធ្វើឡើងស្របទៅតាមការជូនដំណឹងពីការផ្តល់សិទ្ធិឲ្យសិស្សប្រឡងធ្លាក់ធ្វើការតវ៉ា ហើយកញ្ញា ក៏ចង់បញ្ជាក់ឲ្យអស់មន្ទិលសង្ស័យនៅក្នុងចិត្តរបស់កញ្ញាផងដែរ។
កញ្ញា បានបញ្ជាក់យ៉ាងដូច្នេះថា «ការស្នើសុំរបស់ខ្ញុំ មិនមែនជាការប្រឆាំង ឬតវ៉ាអ្វីទៅនឹងក្រសួងនោះទេ។ ដូចក្រសួងបានជូនដំណឹងហើយ គឺទុករយៈពេល ៣០ថ្ងៃឲ្យបេក្ខជនប្រឡងធ្លាក់បាក់ឌុបធ្វើការតវ៉ា មិនថាតែរូបខ្ញុំ ឬបេក្ខ ជនដទៃនោះទេ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀត ឲ្យអស់មន្ទិលសង្ស័យនៅក្នុងចិត្ត»។
នៅពេលសួរថា យល់យ៉ាងណាទៅលើកំណែទម្រង់របស់ក្រសួងអប់រំនោះ។ កញ្ញា ធី សុវណ្ណថា មិនបានអល់អែកនោះឡើយ គឺឆ្លើយភ្លាមៗថា កញ្ញា សាទរ និងគាំទ្រទៅលើកំណែទម្រង់របស់ក្រសួង ព្រោះជាការកំណែទម្រង់មួយដ៏ល្អ អាចឲ្យកម្ពុជាចម្រាញ់បាននូវធនធានមានសមត្ថភាពពិតប្រាកដ។ សម្រាប់កញ្ញា ធី សុវណ្ណថា ទោះបីជាលទ្ធផលបង្ហាញថា ធ្លាក់នាំឲ្យមានការខូចចិត្ត និងប៉ះពាល់អារម្មណ៍ខ្លះ តែក៏គិតថា នៅតែមានតម្លៃ ព្រោះការប្រ ឡងនេះ បានធ្វើចេញពីសមត្ថភាពិត អត់មានបានទៅលួចចម្លង ឬមើលប្រ៊ីយ៉ុងនោះឡើយ។
តែទោះជាយ៉ាងណា ធី សុវណ្ណថា ក៏សុំឲ្យមានកែតម្រូវនូវចំណុចខ្វះខាតមួយចំនួនទៀតនៅក្នុងការកំណែទម្រង់ទៅលើការប្រឡងនេះ ក្នុងនោះបូករួមទាំងការកៀបសង្កត់បេក្ខជនប្រឡង ក្រោមរូបភាពនិន្នាការនយោបាយផងដែរ។ កញ្ញា ធី សុវណ្ណថា បានរំលឹកថា អំឡុងពេល កញ្ញា កំពុងប្រឡង មានមន្រ្តីអង្កេតការណ៍ ក៏ដូចជាអនុរក្សផងដែរ ហាក់បានព្យាយាមរំខានការប្រឡងរបស់កញ្ញា តាមរយៈសកម្មមួយចំនួន ដូចជាព្យាយាមទៅឈរជិតតុរបស់កញ្ញា ហើយពេលកំពុងប្រឡងសុខៗ ក៏ទៅសួរ លេខតុជាដើម។ កញ្ញា បានគិតថា ការរំខាននេះ អាចជាចេតនាមួយ ព្រោះតែពួកគេដឹងថា កញ្ញា មាននិន្នាការនយោបាយទៅរកបក្សប្រឆាំង។
យុវតីស្រស់សោភា ធី សុវណ្ណថា ចង់ឃើញក្រសួងកែតម្រូវទៅលើចំណុចនេះ។ គឺចង់ឃើញក្រសួងអនុវត្តការប្រឡងប្រកបដោយសមធម៌ ចំពោះបេក្ខជនប្រឡងទាំងអស់ ទោះពួកគាត់មាននិន្នាការនយោបាយខាងណាក៏ដោយ។ ធី សុវណ្ណថា មិនទាន់បានគិតគូរដល់ជំហ៊ានបន្ទាប់ថា ត្រូវប្រឡងបាក់ឌុប នៅឆ្នាំបន្ទាប់ទៀត ឬ យ៉ាងណានៅឡើយទេ។ ត្បិតនៅមានជម្រើសច្រើនសម្រាប់ដើរ ទោះបីមិនជាប់បាក់ឌុប ដូចជាការបន្តរៀនបរិញ្ញាបត្ររង ហើយបន្តចូលទៅបរិញ្ញាបត្រ តែ ធី សុវណ្ណថា បញ្ជាក់ជាមួយអារម្មណ៍ម៉ឺងមាត់ថា មិនបោះបង់ចោលការសិក្សាឡើយ។
កញ្ញា ក៏បានបញ្ជាក់ថា ខ្លួននៅតែបន្តរក្សាជំហរដដែលសម្រាប់ការងារសង្គម ក៏ដូចជាក្នុងឆាកនយោបាយ ទោះបី ជាធ្លាក់បាក់ឌុបយ៉ាងណាក្តី។ ព្រោះការងារទាំងនេះ កញ្ញា ធ្វើនៅថ្ងៃចុងសប្តាហ៍ ក៏ដូចជាពេលឈប់សម្រាកពីការ សិក្សាតែប៉ុណ្ណោះ។
កញ្ញា ធី សុវណ្ណថា ដែលគេដឹងថា ជាយុវតីវ័យក្មេងមួយរូប បានជួយសាងប្រជាប្រិយភាពយ៉ាងខ្លាំងក្លាក្នុងការ ស្វែងរកសន្លឹកឆ្នោតសម្រាប់គណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣ ក៏បានថ្លែងអំណរគុណផងដែរ សម្រាប់អ្នក ដែលបានជួយលើកទឹកចិត្តកញ្ញា តែក៏មានអារម្មណ៍សោកស្តាយផងដែរ ចំពោះអ្នកដែលបញ្ចើចបញ្ចើសើចចំអក ឲ្យកញ្ញា ជុំវិញការប្រឡងបាក់ឌុបនេះ៕

unnamed2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *