ធ្លាប់ជាប់គុករកស៊ីគ្រឿងញៀនចេញមកវិញបន្តរកស៊ីគ្រឿងញៀនទៀតត្រូវនគរបាលឃាត់ខ្លួន ជាមួយនិងថ្នាំញៀន១០កញ្ចប់

ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀន២នាក់ក្នុងនោះមានជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនិងជួញដូរគ្រឿងញៀនខុសច្បាប់ហើយចេញមកវិញមិនរាងចាលបន្តធ្វើសកម្មភាពជួញដូរគ្រឿងញៀនថែមទៀតរងការបង្រ្កាបចាប់ឃាត់ខ្លួនដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនសហការនិងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងថ្នាំញៀន១០កញ្ចប់តូច កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសលក់ចែកចាយគ្រឿងញៀនខុសច្បាប់។

​លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង២នាក់​ធ្វើឡើងទន្ទឹមដែលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសបានកំពុងអនុវត្ត ដោយឡែកនៅខេត្តបាត់ដំបង ជាពិសេសកម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត ក្នុងរយៈពេលជាង១ខែចុងក្រោយបានបង្រ្កាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជាច្រើននាក់និងថ្នាំញៀនមួយចំនួនធំផងដែរ។
​ជនសង្ស័យគ្រឿងញៀនទាំង២នាក់មានឈ្មោះ ១,វុទ្ធី វណ្ណថៃ ភេទប្រុស​អាយុ ២១ឆ្នាំ ២,អិដ្ឋ សុផាត ហៅកុង ភេទប្រុស អាយុ២៥ឆ្នាំ ជនសង្ស័យរូបនេះ ពីមុនមកធ្លាប់ជាប់ពន្ធនាគារម្តងមកហើយ ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន ចេញពីពន្ធនាគារបានរយៈពេល៣ទៅ៤ឆ្នាំហើយមកបន្តធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនជាដដែលត្រូវបានកម្លាំងនគរបាលបង្រ្កាបឃាត់ខ្លួនបានជាលើកទី២។ជនសង្ស័យទាំង២នាក់គ្មានមុខរបរពិតប្រាកដនោះទេរស់នៅភូមិសង្កាត់ខាងលើ។ជាមួយនិងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១០កញ្ចប់តូចស្មើនិងទម្ងន់១០.៧២ក្រាមនិងកូនជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងផងដែរ។
​លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា កម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនខាងលើ ក្រោយពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋមកសមត្ថកិច្ច ទើបកម្លាំងនគរបាលឈានដល់ការបង្រ្កាបជាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង២នាក់នេះបានតែម្តង។សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនមេខ្លោងនៅខាងក្រោយដែលជាអ្នកផ្គត់ផ្គង់គ្រឿងញៀនឱ្យជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅខេត្តបាត់ដំបងនោះ។ជនសង្ស័យ និងវត្ថុតាងថ្នាំញៀន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ ពាយព្យ

Loading...