ធ្លាយរឿងមេឈ្មួញឈើ ហ៊ូវ ជីវ៉ៃ នៅខេត្តរតនគិរី យកលុយពីយួនរាប់សែនដុល្លារចែកចាយសមត្ថកិច្ច បើកផ្លូវរកសុីឈើខុសច្បាប់សារជាថ្មី!!

ខេត្តរតនគិរីតាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ភូមិប៉ាដលបានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើពីក្រុមឈ្មួញមានអំណាចបានធ្វើឡើង នៅចំណុចភូមិមាលូ ភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស និងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សេចក្តីរាយការណ៍បន្តថា មេឈ្មួញឈើល្បីឈ្មោះ ណុប វណ្ណះ និងឈ្មោះ ហូវ ជីវ៉ៃ ជាមន្រ្តីអាវុធហត្ថ ដែលទំនងមានការបើកដៃពីសំណាក់លោក ថង សាវុន អភិបាលខេត្តនិងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត បានចំណាយលុយរាប់សែនដុល្លារក្នុងមួយខែៗ ទៅឲ្យស្ថានប័នជំនាញពាក់ព័ន្ធចំនួនគ្រប់អង្គភាព ដែលអង្គុយចាំរាប់ក្បាលឡានយកលុយ ជាថ្នូរការមិនបង្ក្រាបមុខជំនួញឈើខុសច្បាប់ដឹកទៅលក់នៅព្រំដែនយួននេះ។

ប្រភពខាងលើបានបន្តទៀតថា មេឈ្មួញឈើដ៏មានអំណាចទាំងពីរនាក់ខាងលើ បានយកលុយពីឈ្មួញឈើជនជាតិយួនរាប់សែនដុល្លារ មកចែកចាយមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី ១៧ធ្នូ ម្សិលមិញនេះ ដើម្បីបើកផ្លូវឲ្យពួកគេបានសិទ្ធិដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនជាថ្មីឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារបែកធ្លាយព័ត៌មានដល់ថ្នាក់ជាតិថ្មីៗនេះសម្តេចក្រឡាហោម ស ខេង បានធ្វើការព្រមានធ្ងន់ៗទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងខេត្តភាគឦសាន តែផ្ទុយទៅវិញលោក ថង សាវុន អភិបាលខេត្តរតនគិរី ទំនងញៀនញ៉ាមនឹងការប្រព្រឹត្តពុក រលួយ បានបណ្តោយឲ្យមេឈ្មួញល្បីឈ្មោះប្រចាំខេត្តនេះ បន្តកាប់បំផ្លាញព្រៃសហគមន៍ជនជាតិភាគតិចជាប់នឹងព្រំដែន ដោយគ្មានរអែងថ្នាក់ដឹកនាំជាតិឡើយ។

ក្រៅពីកាប់បំផ្លាញព្រៃសហគមន៍ទាំងបីភូមិខាងលើ ព្រៃឈើក្នុងឧទ្យានជាតិវិរៈជ័យក្នុងស្រុកតាវែង និងស្រុកសេសាន ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកូនមុំ ស្រុកលំផាត់ ក៍ត្រូវបានមេឈ្មួញដុះស្លែល្បីឈ្មោះ ប្រចាំខេត្តរតនៈគិរីទាំងពីរូបនេះ ចេញមុខកាងឲ្យគេចូលកាប់បំផ្លាញយ៉ាងមហន្តរាយ ដឹកយកទៅលក់នៅព្រំដែនយួនដែរ ដោយមួយចំនួនធំចេញតាមច្រករបៀង និងមួយចំនួនទៀតចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ លោក អ៊ូច ឡេង វីរៈជនបរិស្ថានពិភពលោកឆ្នាំ២០១៦បានថ្លែងថា បទល្មើសព្រៃឈើមិនអាចទប់ស្កាត់បាន ពីព្រោះ នេះជាមុខរបរដ៏ចម្បងរបស់បុគ្គលមានអំណាចរកស៊ីឈើដុះស្លែ ដែលមានការឃុបឃិតគ្នា ជាប្រព័ន្ធ តាំងពីក្រោម ដល់លើ តាំងពីក្នុងព្រៃរហូតឆ្លងដែន ជាពិសេសឈ្មួញមក ពីវៀតណាម និង ចិន ដែលធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ នានា ជាមូលហេតុនៃវិនាសកម្មព្រៃឈើ នៅកម្ពុជា ដែលមិនអាចទប់ស្កាត់បាន។

ជុំវិញសេចក្តីរាយការណ៍ខាងលើនេះ ការិយាល័យនិពន្ធ គេហទំព័រ យើង មិនអាចសុំការបំភ្លឺពីលោក ហូវ ជីវ៉ៃ បានទេកាលពីរសៀលថ្ងៃទី ២១ ធ្នូ ២០១៨ ព្រោះទូរស័ព្ទ ចូលច្រើនដង តែគ្មានអ្នកលើកទទួល ៕

 

Loading...