ធ្លាយរឿងអាស្រូវ​ពុករលួយ​នៅក្នុង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួងកសិកម្ម

ភ្នំពេញ៖ មន្ត្រីរាជការ​នៅក្នុង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៅ​ក្រសួងកសិកម្ម បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទៅលើ​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង និង​បក្ខពួក​ជាបន្ទាន់​។

មន្ត្រីរាជការ​នៅក្នុង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា លោកស្រី ងិន សូ​នាថ ដែលជា​ប្រធាន​នាយកដ្ឋាន​និង​លោក លឹម ម៉ី ប្រធានការិយាល័យ​គណ​នេ​យ្យ​-​រដ្ឋបាល ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ដូច្នេះហើយ​ទើប​ពួកគេ​ធ្វើ​ពាក្យបណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក​ស្រី ងិន សូ​នាថ នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង និង​លោក លឹម ម៉ី ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ នៅក្នុង​ពាក្យបណ្ដឹង​របស់​មន្ត្រីរាជកា​រ​នៅ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា លោកស្រី ងិន សូ​នាថ ជា​ប្រធាន​នាយកដ្ឋាន​អាង​ខ្លួន​ជា​មេ​និង​មាន​ខ្សែ​ធំ​តែងតែ​ប្រើ​អំណាច​គាបសង្កត់​មកលើ​មន្ត្រី​ក្រោម​តូចតាច​ច្រើន​ឆ្នាំ​មកហើយ​ពុំមាន​អ្នក​ហ៊ាន​តវ៉ា​ឡើយ​។

ក្នុង​ពាក្យបណ្ដឹង​បានបញ្ជាក់​ទៀតថា​លោកស្រី ងិន សូ​នាថ បាន​កាប់​ប្រាក់​បេសកកម្ម​ពី​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ដែល​ចុះទៅ​បំពេញបេសកកម្ម​នៅតាម​អង្គភាព ខេត្ត ក្រុង ក្នុង​ម្នាក់ៗ​២០​ភាគរយ​ហើយ​ពេលខ្លះ​យក​១០០​ភាគរយ​តែម្តង​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​ក្នុង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងកសិកម្ម បានបញ្ជាក់​ទៀតថា កន្លងមក​ដោយសារ​អា​ង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ប្រភពពី​មន្ត្រី​នៅក្នុង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងកសិកម្ម បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោកស្រី ងិន សូ​នាថ កំពុង​រកមុខ​មន្ត្រី​ដែល​ហ៊ាន​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​កំពុង​ប្រើ​អំណាច​គាបសង្កត់​ទៅលើ​មន្ត្រីក្រោមឱវាទ​កាន់តែខ្លាំង​។

ដូច្នេះ​លោក វេ​ង សាខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនគួរ​បណ្ដោយ​ឲ្យ​លោកស្រី ងិន សូ​នាថ និង​បក្ខពួក​ឈ្មោះ លឹម ម៉ី ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​តទៅទៀត​នោះទេ​។

ទន្ទឹមនឹងនេះ​​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក​ស្រី ងិន សូ​នាថ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ដោយហេតុថា​លោកស្រី ងិន សូ​នាថ និង​លោក លឹម ម៉ី ប្រធានការិយាល័យ​គណ​នេ​យ្យ​-​រដ្ឋបាល ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​លើ​មន្ត្រីក្រោមឱវាទ​ច្រើន​ឆ្នាំ​មកហើយ​ ​៕

Loading...