ធ្លាយរឿងអាស្រូវ​អនុប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​សៀមរាបកាងការដេញថ្លៃ​គម្រោង​​​ធ្វើ​ផ្លូវដើម្បីយកលុយទឹកតែចែកគ្នា

ខេត្តសៀមរាប៖ រឿងអាស្រូវរបស់អនុប្រធានប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្ត​សៀមរាប ត្រូវ​បានបែកធ្លាយបន្ទាប់បានកាងការដាក់ដេញថ្លៃគម្រោងមូល​និ​ធិឃុំ សង្កាត់ដើម្បីស្ថាបនាផ្លូវបេតុងមួយខ្សែ​កាលពីពេលកន្លងទៅថ្មីៗនេះ ដើម្បីយក​លុយទឹកតែ ប៉ុន្តែដល់ពេលចែកមិនស្មើរគ្នាកកើតមានទំនាស់យ៉ាងកក្រើកតែម្តង។

ក្រុមអ្នករកស៊ីដេញថ្លៃគម្រោងរបស់រដ្ឋ បានបង្ហើបឲ្យដឹងថា ភាពមិនប្រក្រតីមួយត្រូវបានផ្ទុះឡើង​ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅសង្កាត់ស្វាយដង្គុំ ក្រុង​សៀម​រាប ខេត្តសៀមរាប ដើម្បី​ស្ថាបនាផ្លូវបេតុងមួយខ្សែ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកនេះ ព្រោះគម្រោងផ្លូវបេ​តុងនេះពុំបានដាក់ដេញថ្លៃដោយមានការប្រកូតប្រជែងនោះទេ គឺលោក ទីវ ណាវុត ជាអនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តសៀមរាប ចេញមុខកាងហាមឃាត់មិនឲ្យក្រុមហ៊ុនផ្សេងៗចូល​រួមដាក់​ពាក្យដេញថ្លៃនេះ។

ប្រភពបន្តទៀតថា លោក ទីវ ណាវុត ជាអនុប្រធានមន្ទីរធនធានទឹក ហាមឃាត់មិនឲ្យក្រុមហ៊ុនផ្សេង​ដេញថ្លៃនោះទុកប្រគល់ឲ្យក្រុមហ៊ុន លី សួរ ជាអ្នកម៉ៅការដោយសន្យាផ្ដល់​លុយទឹកតែជួនដល់ក្រុមហ៊ុនដទៃទៀតដែលមិនបាច់ចូលដេញថ្លៃ។ ភាពមិនប្រ​ក្រ​តីក្នុងគម្រោងដេញថ្លៃមូលនិធិឃុំ សង្កាត់នេះ បង្កឲ្យជម្លោះគ្នាយ៉ាងខ្លាំងដោយលោក ទីវ ណាវុត អនុប្រធានមន្ទីរធនធានទឹក ខេត្តសៀមរាបយកលុយទឹកតែចែកមិនស្មើរគ្នា។

ប្រភពបន្តទៀតថា ជម្លោះផលប្រយោជន៍ដោយសារតែស៊ីគម្រោងដេញថ្លៃផ្លូវបេតុងមួយខ្សែនេះ បានបកើតឡើងនៅក្នុងដីឡូត៍មួយកន្លែងក្បែរផ្លូវ៦០ ក្នុងសង្កាត់ស្វាយដង្កុំ ក្រុងសៀមរាម បន្ទាប់ការចែក​ប្រាក់ទឹកតែមិនស្មើរភាពគ្នា។ មហាជនមានចំ​ងល់​ថា ហេតុអ្វីបានជាលោក ទីវ ណាវុត អនុប្រធានមន្ទីរធនធានទឹកចេញមុខកាងក្រុមហ៊ុន លីសួរ ក្នុងការដេញថ្លៃនេះដោយហាមឃាត់ក្រុមហ៊ុនដទៃទៀតចូលរួមដេញថ្លៃបែបនេះ? ឬមួយពាក់ព័ន្ធការសូកប៉ាន់ដោយខុសច្បាប់?

ជុំវិញការចោទប្រកាន់នេះ លោក ទីវ ណាវុត ជាអនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តសៀ​ម​រាប មិនអាចសុំការបំភ្លឺបាននោះទេ ដោយសារលោកបិទទូស័ព្ទមិនហ៊ានបកស្រាយរឿងអាស្រូវ​ខា​ង​លើនេះទេព្រោះមានការហៅទូរស័ព្ទចូលច្រើនពេក។

លោក សេង ហេង អាយុ ៤៩ឆ្នាំ ជាប្រធានក្រុមហ៊ុន VP បានដាក់ពាក្យតវ៉ាទៅលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាម ដើម្បីឲ្យមានការដាក់ឲ្យដេញថ្លៃគម្រោងមូល​និធិឃុំ សង្កាត់ស្ថាបនាផ្លូវ​បេតុង​សាជាថ្មីឡើងវិញ ព្រោះការដេញថ្លៃកន្លងមកើតមានភាពមិនប្រក្រតី៕

Loading...