ធ្លាយ​រឿងអាស្រូវ​ថា ក្មួយ​ស្រី​លោកស្នងការ​កំពុង​ម៉ៅ​ផ្ដាច់ ការ​នាំចូល​ប្រហិត តាម​ច្រក​គីឡូ​១៣

ខេត្តបាត់ដំបង ៖ ថ្មីៗ​នេះ​មានរឿង​អាស្រូវ​មួយ​ បាន​ធ្លាយ​ចេញពី​ច្រក​តំបន់ ក្នុងស្រុក​សំពៅ​លូន ដោយសារ​តែមាន​នាំចូល​នូវ​ប្រភេទ ប្រហិត​សាច់​គ្រប់មុខ ចេញ​ពី​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា តាម​ច្រក​តំបន់​គីឡូ​១៣ ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដែល​ម្ចាស់​ទំនិញ​នេះ​ត្រូវបាន​ប្រភព​មួយ​ចំនួន​បង្ហើប​ថា ជា​ក្មួយ​ស្រី​របស់​លោក​ស្នងការ​ខេត្ត បាត់ដំបង។

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា នៅ​ច្រក​តំបន់​ខាង​លើ​នេះ មានការ​នាំចូល​នូវ​ទំនិញ​គ្រប់​ប្រភេទ​ពី​ថៃ មក​កម្ពុជា ដែល​ភាគច្រើន​គឺជា​ទំនិញ​ស្របច្បាប់។ ដោយឡែក​ថ្មីៗ​នេះ ស្រាប់​តែ​មាន​ឈ្មួញ​ស្រី​ម្នាក់ ដែល​ប្រភព​ជាច្រើន​បាន​ស្គាល់​ថា គេ​ឈ្មោះ រ៉ា ត្រូវជា​កូន ក្មួយ​របស់​លោកស្នងការ​ខេត្ត បាន​ដឹកជញ្ជូន​ប្រហិត​ជាច្រើន​ប្រភេទ ​ទាំង​រទេះៗ ចូល​មក​កម្ពុជា យ៉ាង​រលូន ដោយ​មិន​មាន​ការ​ត្រួតពិនិត្យ​ពី​សំណាក់​មន្ត្រី​ជំនាញ​ណាមួយ​ឡើយ។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៨ នេះ គេ​​សង្កេត​ឃើញ​មាន​រថយន្ត​មួយគ្រឿង ដែលជា​ប្រភេទ​រថយន្ត​ឃ្លុប ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៤៨០២ របស់​ថៅកែ​ស្រី​ខាងលើ បាន​ចូលទៅ​ឈប់​សំចត​នៅក្នុង​ទីតាំង​សាយ​ឡូ​មួយកន្លែង​ក្បែរ​ច្រក​តំបន់​ ដែល​សាយ​ឡូ​នោះ​ជា​របស់លោក វរសេនីយ៍ឯក ឈុន លន់ មេបញ្ជាការ ផ្នែក​ទំនាក់ទំនង​ព្រំដែន កម្ពុជា ថៃ ប្រចាំ​ច្រក​តំបន់​គីឡូ​១៣ ដើម្បី​រង់ចាំ​ផ្ទុក​ប្រហិត​ដែល​នាំ​ចេញពី​ប្រទេស​ថៃ ក្នុង​ការ​នាំ​យកមកចែក​ចាយ ក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ដទៃទៀត។​

ប្រភព​មួយចំនួន​បាន​និយាយថា ប្រមាណ​២ ឬ​៣ ថ្ងៃ​ម្តង ត្រូវបាន​គេ​នាំយក​ប្រហិត​ទាំងនេះ​ចាប់ពី​២ ទៅ​៣ រទេះ យកមក​ដាក់បញ្ចូល​ឡាន​នៅ​ទី​នេះ ហើយ​គ្មាន​អង្គភាព​ជំនាញ​ណាមួយ​ដែល​ឈរជើង​នៅក្នុង​ច្រក​ហ៊ាន​ក្អក​ឡើយ សូម្បីតែ​មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​ ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​ទៅលើ​ប្រភេទ​ប្រហិត​ទាំងនេះ ខ្លាចក្រែង​មានការ​ខូចគុណភាព​នោះ ក៏​មិន​ខ្ចី​យក​ភ្នែក​មើល​ដែរ ដោយ​ពួកគេ​បាន​និយាយ​យ៉ាង​ខ្លី​ថា ជា​របស់​មេៗ ចង់​ដឹង​ទៅ​សួរ​មេៗ​ទៅ។

កន្លងមក​ប្រហិត​ទាំងនេះ គេ​ធ្លាប់តែ​ដឹង​ថា​ មានការ​លប​នាំចូល​តាម​ច្រករបៀង បឹង​ឆ្នាំង​ក្នុងស្រុក​កំរៀង តែ​ឥឡូវ បើទោះបីជា​ប្រហិត​ទាំងនេះ​មានការ​ក្លាសេ​មិន​ដិតដល់ និង​ខូចគុណភាព​យ៉ាងណាក៏ដោយ ក៏​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ដែរ ដោយសារតែ​ឥទ្ធិពល​នៃ​ខ្សែ វ​ល្លិ៍ វា​ធំៗ​ពេក ទើប​គ្មាន​អ្នកណា​ហ៊ាន​ប៉ះ​បែបនេះ ចំណែក​ការប៉ះពាល់​សុខភាព​គឺ​ប្រជាពលរដ្ឋ​សោះ​ព្រោះ​ជា​អ្នក​បរិភោគ។​

បញ្ហា​នេះ​គួរតែ​អង្គភាព​ជំនាញ​ដែល​ឈរជើង​នៅក្នុង​តំបន់​នេះ ពិចារណា​ឡើងវិញ ព្រោះ​នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខនេះ ច្រក​តំបន់​គីឡូ​១៣ នឹង​ប្រែ​ក្លាយទៅជា​ច្រក​អន្តរជាតិ​ហើយ ដូច្នេះ​គួរតែ​រឹតបន្តឹង​ឡើងវិញ​ទើប​សម កុំ​គិតតែ​ផលប្រយោជន៍ ឬ​ខ្លាច​អំណាច​ខ្សែ វ​ល្លិ៍​ខ្លាំង​ពេក គួរ​បែងចែក​ឲ្យ​បាន​ច្បាស់លាស់ អំពី​ថ្នាក់ដឹកនាំ ទៅ​នឹង​ឈ្មួញ​រកស៊ី ​ដែលមាន​ភាពមិនប្រក្រតី៕

Loading...