នគរបាលការិយាល័យកម្រិតស្រាលស្រាវជ្រាវបង្រ្កាបជនសង្ស័យគាស់ទ្វាររថយន្តលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន០៧នាក់អនុវិធានការបង្ការទប់ស្កាត់អំពើលួចនៅរដូវបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ជនសង្ស័យ០៧នាក់ដែលធ្វើសកម្មភាពយ៉ាងសកម្មលួចគាស់ទ្វាររថយន្តប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញយកទ្រព្យសម្បត្តិត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបបានជាបន្តបន្ទាប់នៅថ្ងៃទី០៩និងទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពគាស់ទ្វាររថយន្តប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនៅក្នុងរថយន្តសម្រេចបានចំនួន០៥លើក​នៅក្នុងខណ្ឌសែនសុខចំនួន០៣លើក ,ខណ្ឌច្បារអំពៅ០១លើកនិងខណ្ឌទួលគោក០១លើក។

ការស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនសង្ស័យគាស់ទ្វាររថយន្តយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពីសំណាក់កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្នុងការចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់អំពើលួចទ្រព្យសម្បត្តិនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងរដូវបុណ្យផ្សេងៗតែងមានតែជនល្មើសធ្វើសកម្មភាពគាស់ទ្វាររថយន្តយកព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលឈប់-ចតរថយន្តចោលនៅកន្លែងវត្តអារាមរឺនៅរមណីយដ្ឋានកម្សាន្តនានា។នេះជាការបង្រ្កាបអនុវត្តតាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលគ្រប់ផ្នែកនិងជំនាញបង្ការទប់ស្កាត់ឱ្យបានអំពើបទល្មើសលួច ឆក់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

​លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា ការបង្រ្កាបនោះក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ទោ សុង លី។ ជនសង្ស័យមានឈ្មោះ១,ងី កប ភេទប្រុស​អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខរបរអ្នកស៊ីឈ្នួលបើកបររថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកស្លែង ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល ២,ហ៊ុន ណាត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខរបរអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ៣,យិន ធី ហៅអាតឿ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខរបរ ទិញលក់ទូរស័ព្ទ ស្នាក់នៅបន្ទប់ជួល គ្មានលេខសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ៤, ឆយ សុផលហៅ អាយ៉ាម៉ាហា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ៥,សំ សិលាចិត្រា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខរបររត់ម៉ូតូឌុប រស់នៅភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ៦,សួង ដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខរបររត់ម៉ូតូឌុប រស់នៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ និង៧,ចែម សំណាង ភេទប្រុស​អាយុ៣៩ឆ្នាំ គ្មានមុខរបរពិតប្រាកដរស់នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

​លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ជាមួយនិងការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង០៧នាក់ កម្លាំងនគរបាលដកហូតវត្ថុតាងម៉ូតូជនសង្ស័យ០៧គ្រឿងដែលធ្វើសកម្មភាព អំពើលួចគាស់ទ្វាររថយន្ត និងសម្ភារៈរបស់ជនរងគ្រោះមួយចំនួនមកវិញ។ជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Loading...