នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបង្រ្កាបជនសង្ស័យក្រុមរត់ម៉ូតូឌុប០៦នាក់ជួញដូរគ្រឿងញៀនខុសច្បាប់នៅខណ្ឌប្ញស្សីកែវ

ភ្នំពេញ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួនជនសង្ស័យក្រុមរត់ម៉ូតូឌុប០៦នាក់ជួញដូរគ្រឿងញៀនខុសច្បាប់និងវត្ថុតាងគ្រឿងញៀន០៩កញ្ចប់តូចនិងធំ នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ការបង្រ្កាបនោះបានធ្វើឡើងជាបន្តបន្ទាប់រយៈពេល០២ថ្ងៃគឺនៅថ្ងៃទី២៤និង២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឱ្យដឹងថា កម្លាំងនគរបាលការិយាល័យជំនាញចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀន០៦នាក់ដោយបានស្រាវជ្រាវស៊ើបអង្កេតយ៉ាងជាក់លាក់និងឈានទៅបង្រ្កាបចាប់ខ្លួនជនសង្ស័យជាបបន្តបន្ទាប់កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន។ក្រោយពីប្រជាពលរដ្ឋប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ចអំពីសម្មភាពនៃការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងភូមិសាស្រ្តសង្កាត់ស្វាយប៉ាក។មុនដំបូងកម្លាំងជំនាញ ចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ យូសុះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ដកហូតវត្ថុតាងថ្នាំ
ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់(ធំល្មម០២ តូច០៣) និងម៉ូតូ០១គ្រឿង។ លុះជាបន្តដោយបានការអនុញ្ញាតសម្របសម្រួលនីតិវិធីពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំង បន្តធ្វើរដ្ឋបាល នៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ថែមទៀត និងដកហូតវត្ថុតាងថ្នាំក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់តូច ជារបស់ឈ្មោះ ឃីម ប៊ុនណាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (រក្សាទុក) និងម៉ូតូ០៤គ្រឿង។

លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឱ្យដឹងទៀតថាការបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំងនេះគឺអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវផែនការនិងទិសដៅការងារដល់កម្លាំងការិយាល័យជំនាញត្រូវសហការជាមួយកម្លាំងនគរបាលតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥សង្កាត់ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាពទាំងសម្មភាពបទល្មើសជាទ្រង់ទ្រាយតូចនិងធំ ពីព្រោះបទល្មើសគ្រឿងញៀនបានបង្កឱ្យប៉ះពាល់អសន្តិសុខសណ្តាប់ធ្នាប់សង្គមជាខ្លាំង។ជនសង្ស័យគ្រឿងញៀនទាំង០៦នាក់និងវត្ថុតាងគ្រឿងញៀននៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Loading...