នគរបាលខណ្ឌកំបូលបញ្ជូនជនសង្ស័យជាឃាតក២នាក់ទៅតុលាការចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ជនសង្ស័យជាឃាតករ០២នាក់ដែលជាអ្នករកស៊ីគួកជេដីធ្លីត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីសំណុំរឿងឃាតកម្មមួយនេះនៅខណ្ឌកំបីលត្រូវបានបំបែកដោយកម្លាំងនគរបាលចំនួន០៣អង្គភាពចំណាយពេលស្រាវជ្រាវស៊ើបអង្កេតប្រមាណ៤៨ម៉ោង។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលកំបូល រាជធានីភ្នំពេញឱ្យដឹងថា កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវលំមួយកន្លែង ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ជនរងគ្រោះម្នាក់មានឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ៤១ឆ្នាំ ប្រកបមុខរបររកស៊ីចងការប្រាក់និងទិញ-លក់ឡាន ត្រូវបានឃាតករមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតែម្នាក់ឯង។ក្រោយពីមានករណីឃាតកម្មនោះហើយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការគ្នាជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក៏បានស្រាវជ្រាវស៊ើបអង្កេត និងមានការសហការពីសាច់ញាតិជនរងគ្រោះ។កម្លាំងនគរបាលទាំង៣អង្គភាពក៏បានឈានទៅដល់កំណត់បានមុខសញ្ញាជនសង្ស័យ០២នាក់ដែលជាប់ពាក់ព័ន្ធនិងជំពាក់ប្រាកជនរងគ្រោះ។លុះនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលក៏បានចាប់ខ្លួនជនសង្ស័យជាដៃដល់ម្នាក់ស្ថិតនៅចំណុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូលឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ៣០ឆ្នាំ ប្រកបុមុខអ្នកជំនួញគួកជេដី និងលក់សាំង ស្នាក់នៅផ្ទះលេខ១៥៨ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូលឱ្យដឹងទៀតថា ក្រោយពីកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាអ្នកដៃដល់នេះហើយ ។កម្លាំងនគរបាលនៅថ្ងៃដដែលបានបន្តទៅចាប់ឃាត់ខ្លួនជនសង្ស័យជាអ្នករួមគំនិត និងជាម្ចាស់កាំភ្លើង០១នាក់ទៀតមានឈ្មោះ  ផេង ស៊ីថុល ភេទប្រុស អាយុ៤០ឆ្នាំ ប្រកបមុខរបរយោធា និងរកស៊ីគួកជេដី ស្នាក់នៅក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យក្នុងនោះសមត្ថកិច្ច បានដកហូតវត្ថុតាងកាំភ្លើងខ្លី០១ដើមម៉ាក CF-៩៨ ផលិតនៅប្រទេសចិន គ្រាប់ចំនួន០៩គ្រាប់និងបង់កាំភ្លើង១។

បើយោងតាមរបាយការណ៍ដដែលឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីជនសង្ស័យដៃដល់ឈ្មោះ សុខ ហេងសំបូរ គឺពួកគេមានគម្រោងសម្លាប់ជនរងគ្រោះឈ្មោះ នៅ ចំណាន ពី១០ថ្ងៃមុនមកម្ល៉េះ ដោយកាំភ្លើងខ្លីត្រូវបានជនសង្ស័យឈ្មោះ ផេង ស៊ីថុល ប្រគល់ឱ្យទុកបាញ់សម្លាប់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ ផេង ស៊ីថុល ជាអ្នកតាមដានសកម្មភាពជនរងគ្រោះ ។

លុះបន្ទាប់មកជនរងគ្រោះឈ្មោះនៅ ចំណាន បានតេទូរស័ព្ទទារការប្រាក់១ម៉ឺនដុល្លារ ដែលជនសង្ស័យឈ្មោះ សុខ ហេងសំបូរ ខ្ចីប្រាក់៣០ម៉ឺនដូល្លានិងជនសង្ស័យឈ្មោះ ផេង ស៊ីថុល ម្ចាស់កាំភ្លើងក៏បានខ្ចី២ម៉ឺនដុល្លាផងដែរ(ការប្រាក់៣០ភាគរយ)។ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រូបគេបានយករថយន្តលុចស៊ីស៤៧០យកទៅបញ្ចាំនៅព្រែកតាទែនបានប្រាក់១ម៉ឺន១ពាន់ដុល្លារ និងណាត់ជួបជនរងគ្រោះប្រគល់លុយ៨ពាន់ដុល្លានៅចំណុចម្តុំផ្លូវបេតុងត្រពាំងសិលា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

នៅពេលប្រគល់លុយ ជនសង្ស័យឈ្មោះ សុខ ហេងសំបូរ ក៏បានទាមទារយករថយន្តម៉ាកហាមម័រ០១គ្រឿងដែលខ្លួនដាក់បញ្ចាំឱ្យជនរងគ្រោះ។ ប៉ុន្តែជនរងគ្រោះមិនព្រមប្រាប់ថាទាល់តែប្រគល់លុយ២ពាន់ដុល្លាទៀតទើបប្រគល់រថយន្តនោះឱ្យជនសង្ស័យ។បន្ទាប់មករវាងជនរងគ្រោះនិងជនសង្ស័យក៏បែកគ្នា។

ជនសង្ស័យក៏មកផ្ទះវិញបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះដោយធ្វើជាណាត់ជនរងគ្រោះម្តងទៀតប្រគល់ប្រាក់២ពាន់ដូល្លារនៅចំណុចកើតហេតុខាងលើ។ជនសង្ស័យក៏បានយកកាំភ្លើងខ្លីដាក់ក្នុងកាបូបស្ពាយជិះម៉ូតូទៅកន្លែងណាត់ជួបជនរងគ្រោះ។នៅពេលដល់កន្លែងណាត់ជួប ជនរងគ្រោះបានជិះម៉ូតូបញ្ច្រាសគ្នាជាមួយជនសង្ស័យ ហើយជនសង្ស័យ ក៏បក់ដៃឱ្យជនរងគ្រោះបកក្រោយវិញ ។ នៅពេលជនរងគ្រោះជិះម៉ូតូត្រឡប់ក្រោយវិញ ដោយជិះពីមុខជនសង្ស័យ ភ្លាមនោះជនសង្ស័យក៏ដកកាំភ្លើងចេញពីកាបូបហើយបាញ់ជនរងគ្រោះ០១គ្រាប់ពីខាងក្រោយបណ្តាលឱ្យដួលទៅលើផ្លូវ និងបានបាញ់ចំនួន០៣គ្រាប់បន្ថែមទៀតរួចក៏ជិះម៉ូតូគេចខ្លួន និងយកកាំភ្លើងខ្លីនោះទៅបោះចោលនៅក្នុងរណ្តៅដីមួយកន្លែងរួចហើយនិងបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ហើយទូរសព្ទបា្រប់បក្ខពួករួមគំនិតឈ្មោះ ផេង ស៊ីថុល ថាខ្លួនបានចាត់ការវារួចហើយ៕

Loading...