នគរបាលខណ្ឌចំការមនបញ្ជូនជនសង្ស័យ០១នាក់ទៅតុលាការរងការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសឆក់ទូរសព្ទដៃជនបរទេស

ភ្នំពេញ៖ ជនសង្ស័យ០១នាក់នៅថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២០ ត្រូវបាននគរបាលខណ្ឌចំការមន រាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រងការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសធ្វើសកម្មភាពឆក់ទូរសព្ទដៃជនរងគ្រោះស្រ្តីជនជាតិអង់គ្លេសតែត្រូវបានកម្លាំងនគរបាលប៉ុស្ថិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ចាប់ឃាត់ខ្លួន។

​បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌចំការមនឱ្យដឹងថា កាលពីថ្ងៃទី០១ ខែធ្នូឆ្នាំ២០២០ មានស្រ្តីជនជាតិអង់គ្លេស០១នាក់ មានឈ្មោះ សា ប៊ីណា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវនរោត្តមក្រុម៣៧ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងឈរលេងទូរសព្ទ ខាងមុខផ្ទះ ស្រាប់តែពេលនោះជនសង្ស័យឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ បានជិះម៉ូតូឌុប មកឈប់ចុះនៅក្បែរផ្ទះជនរងគ្រោះហើយបន្ទាប់មកក៏ធ្វើសកម្មភាពឆក់ទូរសព្ទស្រ្តីរងគ្រោះបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោដល់អ្នកភូមិ។ ក្រោយមកជនសង្ស័យបានរត់គេចខ្លួនដល់វត្តថាន់ផ្លូវនរោត្តម ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ស្ទាក់ចាប់ខ្លួនបានខណៈដែលកម្លាំងនគរបាលប៉ុស្តិ៍កំពុងល្បាតនិងដកហូតមកវិញវត្ថុតាងទូរសព្ទជនរងគ្រោះ០១គ្រឿងនិងបានប្រគល់ទូរសព្ទនោះទៅឱ្យជនរងគ្រោះវិញផងដែរ៕

Loading...