នគរបាលខណ្ឌដង្កោចាប់ខ្លួនយុវជនម្នាក់គំរាមបង្ហោះរូបភាពអាសអាភាសនាងជាសង្សារកំហែងយកប្រាក់និងគំរាមសម្លាប់

ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌដង្កោរាជធានីភ្នំពេញចាប់ឃាត់ខ្លួនក្រោយយុវជនរូបនេះបានផ្ញើសារសម្លេងតាមទូរស័ព្ទ(messenger)គំរាមទារប្រាក់ពីស្រ្តីជាសង្សារនូវការបង្ហោះរូបអាសអាភាសរវាងជនរងគ្រោះនិងជនសង្ស័យធ្លាប់បានដេកជាមួយគ្នា និងគំរាមសម្លាប់ថែមទៀត ដោយជនសង្ស័យខឹងជនរងគ្រោះដើរលេងជាមួយបុរសម្នាក់ជាសង្សារថ្មី ។

យុវជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីម៉ោង០១និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ដោយអនុវត្តតាមបណ្តឹងរបស់ស្រ្តីរងគ្រោះ ។

    បើតាមសេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សឿ សារ៉ន  ហៅ រាជ សុវណ្ណារាជ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យប្រកបមុខរបរបុគ្គលិកនៃក្រុមហ៊ុននាំពលករខ្មែរទៅប្រទេសជប៉ុនបានទូរស័ព្ទគំរាមស្រ្តីរងគ្រោះឈ្មោះ ហ ស ត អាយុ៣១ឆ្នាំធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា បង្ហោះរូបភាពអាសអាភាសដែលខ្លួនដេកជាមួយស្រ្តីរងគ្រោះ កាលពីអំឡុងចុងឆ្នាំ២០២០និងទាំងគំរាមសម្លាប់ស្រ្តីរងគ្រោះហើយបានជេរប្រមាថធ្ងន់ៗជាច្រើនទៀតខណៈដែលស្រ្តីរងគ្រោះបានដើរលេងជាមួយបុរសម្នាក់ទៀតនៅភ្នំតាម៉ៅ ខេត្តតាកែវ ។ 

    សេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឱ្យដឹងទៀតថា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះ ធ្លាប់ត្រូវបានជនសង្ស័យនាំទៅលេងផ្ទះនៅខេត្តកំពង់ចាម ហើយជនសង្ស័យក៏បានរៀបចំបន្ទប់ឱ្យជនរងគ្រោះដេក រួចធ្វើធ្វើសកម្មភាពចាប់បង្ខំរួមភេទបានសម្រេច០១លើកនិងលួចថតរូបភាពនៅពេលដេកជាមួយគ្នានោះតាមទូរស័ព្ទ នៅពេលនោះជនសង្ស័យក៏បានគំរាមជនរងគ្រោះថាបើហ៊ានប្តឹងរឺទៅប្រាប់អ្នកដទៃនិងបង្ហោះរូបភាពនេះចូលក្នុងហ្វេសប៊ុកឱ្យផ្អើលតែម្តង។ដោយបានរូបភាពនឹងដៃបែបនេះហើយជនសង្ស័យក៏បានតម្រូវឱ្យជនរងគ្រោះទិញម៉ូតូម៉ាកPGX ០១គ្រឿងតម្លៃ២៥០០ដុល្លារ ទៅឱ្យជនសង្ស័យបើមិនធ្វើតាមទេនឹងយករូបភាពនេះទៅបង្ហោះ។

ជនរងគ្រោះខ្លាចខ្មាស់គេក៏បានទិញម៉ូតូតាមការចង់បានរបស់ជនសង្ស័យដោយធ្វើការបង់រំលស់រយៈពេល០៣ឆ្នាំ។បន្ទាប់មកនៅថ្ងៃខាងលើដោយការគំរាមកំហែងនិងគៀបសង្កត់ពីជនសង្ស័យខ្លាំងពេកជនរងគ្រោះទ្រាំពុំបានក៏សម្រេចចិត្តប្តឹងរាយការណ៍ទៅសមត្ថកិច្ចដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ញើសារជេរប្រមាថនិងគំរាមជនរងគ្រោះ ដោយវត្ថុតាងតាមរយៈសម្លេងផ្ញើសារនៅក្នុងទូរស័ព្ទមិនអាចប្រកែកបាន ។

ជនសង្ស័យនៅថ្ងៃទី១៩ ខែមករា ត្រូវបានចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ៕

Loading...