នគរបាលខណ្ឌមានជ័យបញ្ជូនជនសង្ស័យគ្រឿងញៀន០៤នាក់និងវត្ថុតាងគ្រឿងញៀនចំនួន២០កញ្ចប់ទៅតុលាការចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ នគរបាលខណ្ឌមានជ័យបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រីចំនួន០៤នាក់និងវត្ថុតាងគ្រឿងញៀន២០កញ្ចប់ទៅតុលាការចាត់ការតាមផ្លូវច្បាប់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។បន្ទាប់ពីជនសង្ស័យទាំង៤នាក់បានរងការបង្រ្កាបចាប់ខ្លួនពីសំណាក់កម្លាំងនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២០  នៅចំណុចតាមបណ្តោយផ្លូវព្រះមុនីរ៉េត ខាងមុខវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលកម្លាំងនគរបាលខណ្ឌមានជ័យល្បាតឃើញជនសង្ស័យជិះម៉ូតូ០១គ្រឿងមានគ្នា០២នាក់និងបន្តបង្រ្កាបបានបក្ខពួក០២នាក់ទៀតនៅចំណុចផ្ទះជួលភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ការបង្រ្កាបនិងដកហូតវត្ថុតាងគ្រឿងញៀនទ្រង់ទ្រាយធំបែបនេះនៅខណ្ឌមានជ័យត្រូវគេមើលឃើញថាខណៈដែលកម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាការពារសន្តិសុខ និងនាំមកសុខសុវត្ថិភាពសង្គម អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។គ្រាដែលរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញឱ្យដឹងថាក្នុងរយៈពេល០៩ខែនៃឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនដោយបានចេញប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនជាលទ្ធផលចំនួន១៥៣៦ករណី  ឃាត់ខ្លួនជនសង្ស័យសរុប២៦៧៦នាក់និងដកហូតវត្ថុតាងគ្រឿងញៀនសរុបជាង៥០គីឡូក្រាម រួមនិងឧបករណ៍សម្ភារៈ បំរើការនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀនមួយចំនួនទៀតយកទៅអនុវត្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថាជនសង្ស័យគ្រឿងញៀនទាំង៤នាក់ខាងលើដែលកម្លាំងនគរបាលខណ្ឌមានជ័យបង្រ្កាបបាននោះរួមមានឈ្មោះ១,សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ គ្មានមុខរបរ មិនពិតប្រាកដ ២,ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ គ្មានមុខរបរមិនពិតប្រាកដ អ្នកទាំង២នាក់រស់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ៣,វ៉ាន់ ធីភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅក្នុងវត្តនន្ទមុនី និង៤,ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ គ្មានមុខរបរពិតប្រាកដ ជន សង្ស័យទាំង២នាក់នេះរស់នៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ជាមួយបង្រ្កាបដកហូតគ្រឿងញៀន២០កញ្ចប់ កម្លាំងនគរបាលក៏បានដកហូតវត្ថុតាងឧបករណ៍ សម្ភារៈបំរើការការប្រព្រឹត្តបទល្មើសគ្រឿងញៀនមួយចំនួនទៀតផងដែរ៕

 

 

Loading...