នគរបាលខេត្តបង្ក្រាបរថយន្ត២គ្រឿងដឹកឈើប្រណិត ចូលក្រុងបានលុង លោតឆ័ត្រ

ខេត្តរតនគិរី៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានស្ទាក់ចាប់រថយន្ត២គ្រឿង ដឹកឈើប្រណិត ខណៈបើកចូលក្រុងបានលុង ត្រង់ចំណុចផ្លូវឡើងចំណោទ មុខវត្តភ្នំស្វាយស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ។

មន្រ្តីនគរបាលដែលចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីកម្លាំងសម្ងាត់មក រថយន្តខាងលើនេះ លួចដឹកឈើប្រណិតចូលក្រុងបានលុងនោះ។
មន្ត្រីដដែលបានបន្តថា កម្លាំងរបស់លោក តាមឃ្លាំមើលរួចស្ទាក់ចាប់ត្រួតពិនិត្យឃើញ មានឈើប្រណិតជាច្រើនដុំ ប៉ុន្តែភ្លាមៗនោះដែរ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

នគរបាលបានប្រាប់បន្ថែមទៀតថា ក្រុមអ្នកដឹកឈើប្រើរូបភាពបន្លំភ្នែកធ្វើជាខូចរថយន្ត ហើយសណ្តោងគ្នា ដោយរថយន្តសណ្តោងម៉ាកកាមរីស្វិត ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2B-4860 និងរថយន្តមួយគ្រឿងទៀត នៅក្រោយម៉ាកវិសស្តារ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម2A-2794 ។

នគរបាលបានប្រគល់វត្ថុតាងបទល្មើសទាំងនោះ ឲ្យទៅមន្ត្រីរដ្ឋបាលព្រៃឈើខេត្តដើម្បី ចាត់ការបន្តនៅព្រឹកថ្ងៃដដែលនោះ។ សមត្ថកិច្ចក៏លួចបង្ហើបផងដែរថា ទីតាំងស្តុកឈើប្រណិត សម្រាប់ចែកចាយ គឺនៅក្នុងក្រុមហ៊ុនហ័ងអាញ់លំផាត់ ដូងប្រេង(វៀតណាម) ស្ថិតនៅក្នុងភូមិស្រែអង្ក្រងឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងខេត្តរតនគិរីនេះ សង្ស័យបានត្រូវរ៉ាវគ្នាអស់ហើយមើលទៅមិនបានធ្វើការបង្ក្រាប ៕

Loading...