នគរបាលខេត្តពីរបានរួមគ្នាស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មលើបុរសម្នាក់នៅខេត្តស្ទឹងត្រែងហើយតាមចាប់ខ្លួនបាននៅខេត្តកំពង់ចាម

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យដៃដល់ម្នាក់ ដែលបានប្រើកាំបិតចុងស្រួចចាក់ទម្លុះពោះ វៀនបុរសម្នាក់ទៀតធ្លាយចេញមកក្រៅ បណ្តាលឲ្យដេកដួលស្លាប់នៅក្នុងថ្លុកឈាម ក្រោយទាស់សម្តីគ្នាក្នុងវង់ផឹកស៊ី ហើយរត់គេចខ្លួន កាលពីយប់រំលងអាធ្រាត្រ ថ្ងៃ១៧វិច្ឆិកា២០១៧ កន្លងទៅនេះ។ នៅព្រឹកថ្ងៃ១៩វិច្ឆិកាម្សិលមិញ បុរសសង្ស័យដៃដល់នោះ ត្រូវបានកម្លាំងនគរ បាលខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង បើកការស្រាវជ្រាវរួមគ្នា ដើម្បីបំបែកសំណុំរឿងឃាតកម្មនេះ រហូតឈានដល់ការចាប់ខ្លួនបាន បញ្ជូនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ផ្តន្ទាទោសនោះហើយ ។

ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត លោកវរៈ សេនីយ៍ ដួង ស៊ីវុត្ថា បានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ដែលកម្លាំងនគរបាលខេត្តពីរ សហការរួមគ្នាចាប់បាននេះ គឺមានឈ្មោះ ចក់ សារ៉ាន ហៅ ឃុល អាយុ ៤១ឆ្នាំ រស់នៅភូមិសន្ទិចលិច ឃុំដងក្តា ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម ចំណែក ជនរងគ្រោះឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

លោកដួង ស៊ីវត្ថា បានបន្តថា ជនសង្ស័យបានចាក់សម្លាប់ជនរងគ្រោះ នឹងកាំបិតចុងស្រួចចំចុងដង្ហើប បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅក្នុងទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ក្នុងវង់ផឹកស៊ី ។ លោកថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយះពេល១៨ឆ្នាំ ក្នុងករណីឃាតកម្ម បាញ់សម្លាប់មនុស្សម្នាក់ នៅស្រុកស្ទឹងត្រង ខេត្តកំពង់ចាម និងនៅក្រោយរួចពីពន្ធនាគារនោះភ្លាម ជនសង្ស័យបានមកស្នាក់នៅ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែ ហើយក៏កើតមានរឿងឃាតកម្ម ចាក់សម្លាប់ជនរងគ្រោះ ជាលើកទី២នេះម្តងទៀត ។

ស្នងការរងទទួលបន្ទុក នគរបាលព្រហ្មទណ្ឌ ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ហម ប៊ុនធែល បានប្រាប់ឲ្យដឹងថា ក្រោយកើតឡើង នៃអំពើឃាតកម្មនោះរួច ជនសង្ស័យ ចក់ សារ៉ាន ហៅ ឃុល បានរត់គេចខ្លួនទាំងយប់ ហើយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានសហការរួមគ្នាជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម តាមស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មនេះ ដោយតាមចាប់ខ្លួនជនសង្ស័យបាន នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង ខេត្តកំពង់ចាម ដែលជាទឹកដីកំណើតរបស់ជនសង្ស័យ និងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ហើយនៅថ្ងៃ២០វិច្ឆិកានេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តនៅឡើយ ។ លោកថា ជនសង្ស័យនឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង នាថ្ងៃ២១វិច្ឆិកា២០១៧ ស្អែកនេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

Loading...